អានតួអត្ថបទ
កម្ពុជា-សង្គម

បិទទ្វារវីអូឌី និង​បើកទ្វារឲ្យ​ចូល​ក្របខ័ណ្ឌរដ្ឋ តេីជាគ្រោះ ឬជាលាភសម្រាប់បុគ្គលិក?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋដល់អតីតអ្នកសារព័ត៌មានវីអូឌីទាំងអស់ ប្រសិនបើករណីពួក គេមានបំណងចង់ចូលបំរើការងារក្នុងស្ថាប័នរដ្ឋ។ ការសម្រេចនេះធ្វើឡើងក្រោយតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក នាយករដ្ឋមន្ដ្រីបញ្ជាឱ្យលុបចោលអាជ្ញាប័ណ្ណរបស់សារព័ត៌មានវីអូឌី ដែលរដ្ឋាភិបាលចាត់ទុកថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងខុសវិជ្ជាជីវៈសារព័ត៌មាន។ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

តាមរយៈសំណេរនៅលើហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា ដោយសារតែការបិទ សារព័ត៌មានវីអូឌី នឹងដោយហេតុថា វិទ្យុមួយនេះគ្មានឱកាសបើកការផ្សាយឡើងវិញ ហើយម្យ៉ាងវិញទៀត ដោយសារតែបញ្ហាប្រឈមជីវភាពរបស់ បុគ្គលិករដែលបានបាត់បង់ការងារ ម៉្លោះហើយ លោកសម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋជូនដល់អ្នកសារព័ត៌មានណាដែលមានបំណងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ទៀតថា សម្រាប់អ្នកសារព័ត៌មានរូបណាចង់ចូលក្របខ័ណ្ឌរដ្ឋ គឺត្រូវដាក់ពាក្យស្នើសុំ ទៅកាន់ក្រសួងមុខងារសាធារណះ ហើយលោកនឹងចាត់ឱ្យរដ្ឋមន្ត្រីក្រសួងនេះ ត្រូវទទួលយកពាក្យសុំ និងត្រូវបែងចែកអ្នក ដែលសម្រេចចិត្តចូលឱ្យទៅតាមក្រសួងនានាស្របនឹងមុខជំនាញ។

ក្រោយការសម្រេចបែបនេះ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា មើលឃើញថា នេះជាឱកាសសម្រាប់អ្នកសារព័ត៌មានវីអូឌីក្នុងការទទួលបានការងារធ្វើ បន្ទាប់ពីបានបាត់បង់ការងារដោយសារការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន។

ប៉ុន្តែទន្ទឹមនេះ លោក ណុប វី ព្រួយបារម្ភទៅវិញថា អ្នកសារព័ត៌មានដែលមានសមត្ថភាពជួយតាមដាន និងឃ្លាំមើលពីបញ្ហាសង្គមតាមរយៈការផ្តល់ព័ត៌មានពិត នឹងគ្មានសិទ្ធិបញ្ចេញសំឡេងទៀតនោះទេ នៅពេលចូលទៅក្នុងស្ថាប័នរដ្ឋ។ ម្ល៉ោះហើយ លោក ណុប វីចង់ឃើញ រដ្ឋាភិបាលប្រគល់ស្ថាប័នវីអូឌីត្រឡប់មកវិញ ជាជាងការផ្តល់ក្របខ័ណ្ឌរដ្ឋដល់អ្នកសារព័ត៌មានទាំងអស់។

ចំណែក នាយិកាអង្គការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR  លោកស្រី ចក់ សុភាព ថ្លែងថា ទោះបីរដ្ឋាភិបាលប៉ះប៉ូវដោយផ្តល់ក្របខណ្ឌជូនអ្នកសារព័ត៌មានវីអូឌី ក៏មិនប្រាកដថា ពួកគេចូលបម្រើការនៅក្នុងស្ថាប័នរបស់រដ្ឋនោះឡើយ ដោយលោកស្រីគិតថា បើអ្នកសារព័ត៌មានចង់ធ្វើការក្នុងជួររដ្ឋាភិបាលមែននោះ មិនមែនពួកគេមកបម្រើការជាអ្នកកាសែត និងសម្តែងការសោកស្តាយក្រោយពេលស្ថាប័នរបស់ពួកគេបិទនោះទេ។

លោកស្រី អះអាងថា ការសម្រេចចិត្តយ៉ាងណា គឺអាស្រ័យទៅលើសាម៉ីខ្លួន។ ប៉ុន្តែលោកស្រីមើលឃើញថា អ្នកសារព័ត៌មានទាំងអស់របស់វីអូឌី មិនពេញចិត្តនោះទេ នៅពេលបាត់បង់កន្លែងធ្វើការរបស់ពួកគេឡើយ។ ហើយលោកស្រីព្រួយបារម្ភថា ការបិទវីអូឌីនេះ នឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែធ្លាក់ចុះ។  

តែយ៉ាងណា បើតាមសំណេររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ការដកអាជ្ញាប័ណ្ណរបស់សារព័ត៌មានវីអូឌីកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងមក គឺមិនធ្វើឱ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជាឡើយ។ ត្បិតលោកយល់ថា ការបិទវីអូឌីនាពេលនេះ នឹងជួយដល់ការអនុវត្តច្បាប់ និងជួយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាបន្ថែមទៀត។

ឆ្លៀតពីអ្វីដែលបានលើកឡើង ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ក្រើនរំលឹកដល់ជនបរទេសដែលមានបំណងចង់ចូលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាថា លោកនឹងមិនធ្វើតាមការចង់បានរបស់ជនបរទេសឡើយ ហើយលោកក៏មិនធ្វើតាមការបង្គាប់បញ្ជាពីបរទេសនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ