អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នក​នយោ​បាយ​ចូល​រូម​រំលែក​ទុក្ខ​លោក ​ហ៊ុន​ សែន​ ខណៈ​ស្ថាន​ការណ៍​នយោ​បាយ​ឡើង​កម្តៅ

អ្នក​នយោបាយ​មួយ​ចំនួន​នៅ​ក្រៅ​រដ្ឋាភិ​បាល​ដែល​ជា​គូ​ប្រកួត​នឹង​គណ​បក្ស​កាន់​អំណាច​ បាន​ផ្ញើ​សារចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ក្នុង​គ្រា​ដែល​ប្អូន​ថ្លៃ​ស្រី​របស់​ប្រមុខ​រដ្ឋាភិបាល​ទទួល​មរណ​ភាព​។​ កាយ​វិកា​នេះ​កើត​ឡើង​ ខណៈ​ដែល​ស្ថាន​ការណ៍​នយោ​បាយ​នៅ​កម្ពុជា​បាន​ឡើង​កម្តៅ​តាម​រយៈ​ការ​ព្រ​មាន​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​ប្រមុខ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ចំពោះ​អ្នក​នយោ​បាយ​ណា​ដែល ​រិះគន់ វាយ​ប្រហារ​មក​លើ​គណ​បក្ស​កាន់​អំណាច​។​ 

លោកស្រី ប៊ុន សុថា ប្អូនស្រី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ ៦៧ឆ្នាំ
លោកស្រី ប៊ុន សុថា ប្អូនស្រី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ ៦៧ឆ្នាំ © FB
ផ្សាយពាណិជ្ជកម្ម

លើស​ពី​ការ​ចេញ​លិខិត​ចូល​រួម​រំលែក​ទុក្ខ ​គណ​បក្ស​ភ្លើង​ទៀន​ដែល​គូ​ប្រជែង​មាន​សក្តា​នុ​ពល​ជា​មួយគណ​បក្ស​កាន់​អំណាច​បាន​ចាត់​តំណាង​គណ​បក្ស​របស់​ខ្លួន​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​សព​លោកស្រី ប៊ុន សុថា ប្អូនស្រី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បានចេញមកទទួល​តំណាងគណបក្សភ្លើងទៀន​ចំនួន៤រូប គឺមាន លោក ចេប គឺមអ៊ាង លោក ចាន់ ចេន លោកស្រី ឡាយ បូនី និងលោកស្រី ពត ពៅ។

ដោយឡែក សម្រាប់ លោក កឹម សុខា ដែលតែងតែ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​លោក ហ៊ុន សែន ដែល​កន្លងមកម្តាយ​ក្មេកគាត់ទទួលមរណភាព និង បង​ប្រុស​បង្កើត លោក ហ៊ុន ណេង ទទួលមរណរភាពនោះ លោកមិនបានទៅចូលរួម​រំលែកទុក្ខ​ជាថ្មីទៀតនេះឡើយ។ ប៉ុន្តែ​លោក កឹម សុខា បានចាត់តាំងលោកស្រី តែ ចន្ទមនោ ជាភរិយាទៅចូលរួមរំលែកទុក្ខ ដល់គេហដ្ឋានសពលោកស្រី ប៊ុន សុថា។

លើសពីការ​ឆ្លើយតបនូវពាក្យអរគុណ លោកស្រី ប៊ុន រ៉ានី បានគូសបញ្ជាក់ថា លោកស្រី តែ ចន្ទមនោ និងប្អូនស្រីគាត់គឺលោកស្រី ប៊ុន សុថា គឺធ្លាប់រួមការងារជាមួយគ្នាក្នុងឆ្នាំ១៩៧៩ និង១៩៨០ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន។

លោក សេក សុជាតិ ស្ថាបនិក អង្គការអភិវឌ្ឍន៍​ផ្នត់​គំនិត យល់ថា ការ​ដែលអ្នកនយោបាយមួយចំនួននៅក្រៅរដ្ឋាភិបាល ផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការ​ផ្សះ​ផ្សារ​តាមបែបសាសនា។ លោកវិភាគថា កាយវិកានេះ មិនអាចធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​ថយ​កម្តៅ​បានឡើយ ខណៈលោកមើលឃើញថា ការ​ធ្វើ​នយោបាយរបស់​អ្នក​នយោបាយ​មួយចំនួន​នៅតែ​គ្មាន​ការ​យោគយល់​ដោយ​ប្រកាន់យក​ត្រូវវៀងៗខ្លួន និងចាត់ទុកគូប្រជែងជាគូសត្រូវ។

យ៉ាងណាក៏ដោយ​សម្រាប់លោក សម រង្ស៊ី ដែល​នៅ​ក្រៅ​ប្រទេស​បានគាស់​កកាយ​ពី​ប្រវត្តិ​របស់​លោក​ស្រី ប៊ុន សុថា មកនិយាយឡើងវិញ ដោយ​ភ្ជាប់នឹងករណី​ដែលអតីត​មេអង្គរក្សារបស់​លោក​ឈ្មោះ ស្រ៊ុន វង្សវណ្ណៈ ធ្លាប់​ត្រូវបាន​អាជ្ញាធរកម្ពុជាចាប់កាត់ទោសដោយ​ចោទថា ជាអ្នកសម្លាប់​ប្តីដើម​របស់​លោក​ស្រី ប៊ុន សុថា គឺលោក កូវ សាមុត។ តែ​ក្រោយ​មកត្រូវបាន​លើកលែងទោសវិញ។

​សម្រាប់លោក ហ៊ុន សែន ដែលចូលទៅ​ឆ្លើយតប​នឹង​រឿងនេះ ចាត់ទុកថានេះជាការ​ប្រមាថ និងបានព្រមានចាត់​វិធាន​លើ​អ្នក​រិះគន់ទាំងនេះ ដោយ​ទាមទារឲ្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ធ្វើជាសាក្សីផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ