អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

អ្នកជំនាញ៖ កម្ពុជាអាចជាស្ពានភ្ជាប់ទំនាក់ទំនងល្អ ឥណ្ឌា-ចិន ពេលប្រទេសទាំងពីរមានជំលោះគ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌាហើយ បន្ទាប់ពីលោកចំណាយពេលពីរថ្ងៃ ជួបជាមួយមន្ត្រីជាន់ខ្ពស់ ស៊ីវិល និងយោធាឥណ្ឌាជាច្រើនរូប។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ត្រូវអ្នកតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយមើលឃើញថាមានសារៈសំខាន់ ក្នុងការពង្រីកដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ទាំងវិស័យការបរទេស និងវិស័យការពារជាតិ។ 

លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ANIL CHAUHAN អគ្គមេបញ្ជាការកងទ័ពឥណ្ឌា។
លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ANIL CHAUHAN អគ្គមេបញ្ជាការកងទ័ពឥណ្ឌា។ © FB/HMN
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃទី០៣ និងទី០៤ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ក្នុងនាមកងទ័ពកម្ពុជា លោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌាជាច្រើន។ ក្នុងនោះមានអនុប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា អគ្គលេខាធិការក្រសួងការពារជាតិ និងមេបញ្ចាការកងទ័ពជើងគោកឥណ្ឌាផងដែរ មុននឹងជួបសំណេះសំណាលជាមួយព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសឥណ្ឌា។

គឺជាទស្សនកិច្ចលើកដំបូងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅប្រទេសឥណ្ឌាក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៥២ មក។

ឆ្លើយតបទៅនឹងការសាទររបស់អនុប្រធានាធិបតីឥណ្ឌា លោក ហ៊ុន ម៉ាណែត បានចាត់ទុកថាឥណ្ឌាក្នុងនាមជាមិត្តល្អ  ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា ការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១ ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏ដូចជាជាមួយថ្នាក់ដឹកនាំយោធាឥណ្ឌាផ្សេងៗទៀត ភាគីទាំងពីរសុទ្ធតែបានលើកឡើងពីការរិតចំណងទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសវិស័យសេដ្ឋកិច្ចវប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅឥណ្ឌាពិតជាមានសារៈសំខាន់លើវិស័យទំនាក់ទំនងការបរទេស និងយោធាទាំងនៅក្នុង និងក្រៅតំបន់។ លោកបណ្ឌិត បញ្ជាក់ថាឥណ្ឌាជាតួអង្គដ៏សំខាន់បន្ទាប់ពីចិន និងជប៉ុននៅក្នុងតំបន់អាស៊ី ដោយឥណ្ឌាមានសមត្ថភាពខាងសន្តិសុខខ្ពស់រួមទាំងសន្តិសុខផ្នែកបច្ចេកវិទ្យាផងដែរ ខណៈកម្ពុជាក៏អាចដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងគ្នារវាងឥណ្ឌា និងចិន នៅក្នុងករណីដែលប្រទេសប្រជាជនច្រើនជាងគេលើពិភពលោកទាំងពីរមានវិវាទនឹងគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ