អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងព័ត៌មាននឹងបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសវិជ្ជាជីវៈដល់អ្នកសារព័ត៌មានក្នុងខែកុម្ភៈនេះ

រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ លោក​ ប៉ែន បូណា ​នៅ​ថ្ងៃ​ទី៤​ ខែ​កុម្ភៈ​ ឆ្នាំ២០២៣​នេះ​បាន​បញ្ជាក់​ថា ​ក្រសួងព័ត៌មាន​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន​ដែល​មិន​ទាន់​មាន​វិជ្ជាជិវៈ​ត្រឹម​ត្រូវ។​ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ប្រគល់​ភារៈកិច្ច​ចំនួន​បី​ដល់​រដ្ឋលេខាធិការក្រសួងព័ត៌មាន​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​រូបនេះ។​

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន © Internet
ផ្សាយពាណិជ្ជកម្ម

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្នុងខែកុម្ភៈនេះ ក្រសួងព័ត៌មាននឹងរៀបចំវគ្គបណ្ដុះបណ្ដាលមួយបន្ទាន់ សម្រាប់អ្នកសារព័ត៌មានដែលមិនគោរពវិជ្ជាជីវៈ ឬមិនមានចំណេះដឹងខាងវិជ្ជាជិវៈសារព័ត៌មាន។ លោក ប៉ែន បូណា បានបញ្ជាក់ថា លោកនឹងធ្វើកិច្ចការអប់រំបណ្ដុះបណ្ដាល បង្រៀនអ្នកសារព័ត៌មានទាំងនោះឱ្យបានយល់ដឹងច្បាស់អំពីវិជ្ជាជិវៈសារព័ត៌មាន និងបញ្ឈប់នូវបាតុភាពអសកម្មទាំងឡាយដែលកើតឡើងដោយសារអ្នកសារព័ត៌មានដែលមិនមានវិជ្ជាជីវៈ។ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានបន្ដថា លោកនឹងធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ដើម្បីលើកតម្លៃ គុណភាពវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាន។ ចំពោះវគ្គបណ្ដុះបណ្ដាលតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មាននេះ លោក ប៉ែន បូណា បញ្ជាក់ថា ក្រសួងព័ត័មានបាននឹងកំពុងរៀបចំឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងខែកុម្ភៈនេះ ឬនៅដើមខែក្រោយ។

កន្លងមក អ្នកសារព័ត៌មានមួយចំនួនដែលទំនងមិនបានឆ្លងកាត់វគ្គសិក្សាអំពីសារព័ត៌មាន បានធ្វើការងារសារព័ត៌មានប៉ះសិទ្ធិអ្នកដទៃតាមរយៈការផ្សាយព័ត៌មានរបស់ខ្លួន ដោយបានគិតថានេះជាសិទ្ធិរបស់អ្នកកាសែតក្នុងការផ្សាយ ខណៈដែលពួកគេមិនបានយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ នេះបើតាមលោក ប៉ែន បូណា។ លោកក៏បានឱ្យដឹងផងដែរថា អ្នកសារព័ត៌មានមួយចំនួនទៀតបានបំពានវិជ្ជាជីវៈសារព័ត៌មាន ក្នុងការធ្វើអ្វីប្លែកៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសារធារណៈជន ឱ្យចូលមើលព័ត៌មានរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកជាដើម។ 

សូមរំលឹកថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈលិខិតមួយ បានប្រគល់ភារកិច្ចចំនួនបីដល់លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានដែលត្រូវបានតែងតាំងកាលពីខែធ្នូឆ្នាំ២០២២ ដែលភារកិច្ចទាំងនោះរួមមាន ការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមន៍សារព័ត៌មាន។

គួរជម្រាបជូនថា កាលពីចុងខែមករា ក្រសួង​ព័ត៌មានបាន​ហៅ​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ទៅ​អប់រំ ​បន្ទាប់​ពី​មាន​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​ ដែលចំណាត់​ការ​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​អ្នក​សារព័ត៌មាន​អនឡាញ​ម្នាក់​បាន​ធ្វើ​ផ្ទុះ​ឡើង​ការ​ចាប់​អារម្មណ៍​ករណី​ស្តី​បន្ទោស​ទៅ​លើ​អ្នក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅភ្នំពេញកាលពីពេល​ថ្មីៗ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ