អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី៖​ ឆាក​នយោបាយ​២០២៣​របស់​លោក ​កឹម សុខា​ នៅ​តែ​ស្រពិចស្រពិល

គិត​មក​ដល់​ពេលនេះ ​សំណុំ​រឿង​លោក​ កឹម សុខា ​នៅតែ​ស្រពិចស្រពិល​ នៅចំពោះ​មុខ​នៃការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០២៣​ កាន់​តែ​ខិតជិត​មកដល់។​ បញ្ហានេះ​ បាន​បណ្តាល​ឲ្យមេធាវី​ លោក កឹម សុខា​ លើក​ឡើង​ថា ​ឆាក​នយោបាយ​របស់លោក កឹម សុខា ​នៅតែទាមទារ​រក​ការចរចា​ជាមួយ​គណបក្ស​កាន់អំណាច ​ទើប​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូបនេះ ​អាចមានលទ្ធភាព​ចូលរួមការ​បោះឆ្នោត​ពេលខាងមុខ។​

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ លោក ផែង ហេង សហមេធាវីមួយរូបរបស់លោក កឹម សុខា យល់ថា សំណុំរឿងលោក កឹម សុខា នៅតែជារឿងនយោបាយសុទ្ធសាធ។ នេះដោយដ្បិតថា ការជជែកដេញដោលតាមផ្លូវតុលាការ លោក ផែង ហេង កត់សម្កាល់ថា ការសន្និដ្ឋានកន្លងមកគឺមិនអង្គហេតុនោះទេ។ សម្រាប់លោក ផែង ហេង គឺលោកនៅតែសង្ឃឹមថា លោក កឹម សុខា នឹងអាចរួចផុតការចោទប្រកាន់ នៅពេលដែលតុលាការប្រកាសសាលក្រមនៅខែមីនា។

ស្ថានភាពក្តីក្តាំនៅតុលាការដែលកំពុងអូសបន្លាយ ហាក់មិនអំណោយផលសម្រាប់លទ្ធភាពនយោបាយរបស់លោក កឹម សុខា នោះទេ។ លោក ផែង ហេង កត់សម្គាល់ទៀតថា ជីវភាពនយោបាយរបស់លោក កឹម សុខា នៅតែស្រពិចស្រពិលសម្រាប់ការចូលរួមឆាកនយោបាយនៅឆ្នាំ២០២៣នេះ។ នេះដោយដ្បិតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខ ដែលសល់ពេលតែបួនខែប៉ុណ្ណោះ ក្រោយការប្រកាសសាលក្រមរបស់តុលាការ ថាលោក កឹម សុខា មាន ឬ គ្មានទោស។

បើតាមលោក ផែង ហេង សំណុំរឿងលោក កឹម សុខា នៅតែទាមទារឲ្យមានការបន្ធូរបន្ថយស្ថានភាពនយោបាយពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ លោក ផែង ហេង ថ្លែងថា ការបន្ធូរបន្ថយស្ថានភាពនយោបាយនៅតែជារឿងចាំបាច់ សម្រាប់លោក កឹម សុខា ហើយតួនាទីនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាដែលអាចធ្វើបាន។

ក៏ប៉ុន្តែការលើកឡើងរបស់សហមេធាវី លោក កឹម សុខា ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច ទាត់ចោល និងថា គ្រាន់ជាការយល់ឃើញរបស់មេធាវីតែប៉ុណ្ណោះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ករណីលោក កឹម សុខា​ គឺស្ថិតនៅក្នុងកណ្តាប់ដៃតុលាការនៅឡើយ ហើយគួររង់ចាំមើលសាលក្រមរបស់តុលាការនៅខែមីនាខាងមុខ។

បើតាមលោក សុខ ឥសាន ការណ៍ដែលចង់ទាមទារឲ្យគណបក្សប្រជាជនកម្ពុជាបន្ធូរបន្ថយស្ថានភាពនយោបាយនោះ គឺជាការនិយាយមួលបង្កាច់ ដោយមិនបានផ្អែកទៅលើតថភាពច្បាប់។

គិតមកដល់ដើមឆ្នាំ២០២៣នេះ គឺសំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយមកជាង៥ឆ្នាំ រាប់ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី០៣កញ្ញា២០១៧។ សំណុំរឿងលោក កឹម សុខា បានឡើងទៅតតាំងនៅតុលាការមកជាង៦០លើក​ ខណៈដែលសាលក្រមចុងក្រោយនឹងត្រូវប្រកាសនៅខែមីនាខាងមុខនេះ។ សម្រាប់ក្រុមអ្នកតាមដាននយោបាយ នៅតែយល់ថា ការអូសបន្លាយសំណុំរឿងលោក កឹម សុខា គឺជាបន្ទច់បង្អាក់មេដឹកនាំបក្សប្រឆាំង មិនឲ្យចូលរួមការបោះឆ្នោត។ ហើយសម្រាប់កញ្ញា​ កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ធ្លាប់លើកឡើងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ពេលខាងមុខ ប្រហែលជាទំនងមិនអាចមានគណបក្សប្រឆាំងដែលមានឥទ្ធិពលនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ