អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក គង់ គាំប្រកាសបញ្ចប់តួនាទីរបស់ខ្លួននៅបក្សភ្លើងទៀនអមដោយការអរគុណលោក ហ៊ុន សែន

លោក គង់ គាំ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន បានប្រកាសសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន ជាមួយនឹងការអរគុណលោក ហ៊ុន សែន ប្រធានគណបក្សប្រ​ជាជនកម្ពុជា ដែលមិនបន្តប្ដឹងរូបលោកទៅតុលាការពីរឿងវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាកន្លងទៅនេះ។ នេះបើតាមលិខិតរបស់លោក គង់ គាំ នៅថ្ងៃទី៣១មករា ផ្ញើទៅកាន់លោក ហ៊ុន សែន។

លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានអរគុណ និងសុំទោសលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នូវកំហុសរបស់ខ្លួនដែលបានធ្វើសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រ​ជាជន​​​​កម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ។ លោក គង់ គាំ បានលើកហេតុផលថា ការ​​សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន ដោយសារលោកពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិ​សាស្រ្តនយោ​បាយតំបន់ ពិសេសនយោបាយកម្ពុជាដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន។

នៅក្នុងលិខិតដដែលលោក គង់ គាំ បានលើកឡើងផងដែរថា ការដកហូតដីផ្ទះរបស់លោក នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាសម្បត្តិក្រសួងការបរទេសវិញពីសំណាក់គណបក្សប្រ​ជាជនកម្ពុជា គឺធ្វើឡើងដោយបង្ខំចិត្តតែប៉ុណ្ណោះ។ ការសម្រេចដកហូតផ្ទះនេះ លោក គង់ គាំ ក៏សោកស្ដាយផងដែរ តែក៏អរគុណលោក ហ៊ុន សែន ដែលមិនបន្តប្ដឹងរូបលោកទៅតុលាការ ពាក់ព័ន្ធការវាយប្រ​​ហារមកលើគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញក្នុងលិខិតរបស់លោក គង់ គាំ គេកត់សម្គាល់ឃើញថា ធ្វើឡើងក្រោយពីលោក គង់ បូរ៉ា កូនប្រុសរបស់លោក ជាសមាជិកគណបក្សប្រជាជនកម្ពុជា ទៅចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៨-២៩ ខែមករា ដែលបានទទួល និងនាំបណ្តាំពីលោក ហ៊ុន សែន (ថ្នាក់ដឹកនាំទាំងអស់) គណបក្សប្រជាជនកម្ពុជា បានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់របស់លោក គង់ គាំ ជាមួយគណបក្សប្រជាជនកម្ពុជា (ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣) និងពីការយោគ​យល់ក្នុងរយៈកាលចាកចេញជាថ្នាក់ដឹកនាំគណបក្សប្រឆាំង (ឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣)។

គួររំលឹកថា លោក គង់ គាំ ធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ប៉ុន្តែក្រោយអតីតគណបក្សសង្រ្គោះជាតិរំលាយដោយតុលាការកំពូល លោកក៏បានប្រឡូកធ្វើនយោបាយជាមួយគណបក្សឆន្ទះខ្មែររបស់លោក គង់ មូនីកា ដែលជាកូនប្រុសពៅលោក ហើយលោកត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សនេះ​។ ក្រោយមកទៀតនៅពេលគណបក្សឆន្ទះខ្មែរ សម្រេចមកចូលជាមួយគណបក្សភ្លើងទៀន លោក គង់ គាំ ត្រូវ​​បានគណបក្សភ្លើងទៀន តែងតាំងជាឧត្តមទីប្រឹក្សាផងដែរ។

ក្រោយពីបានតួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ចាប់ផ្ដើមវាយប្រហារ និងរិះគន់គណបក្សប្រជាជន នៅពេលចុះមូលដ្ឋានជួបអ្នកគាំទ្រនៅតាមបណ្ដាខេត្ត។ ការវាយប្រហារ និងរិះគន់គណបក្សជនកម្ពុជានេះហើយ ធ្វើឲ្យលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនមិនសប្បាយចិត្ត ហើយ​ព្រមានប្ដឹង និងដកហូតផ្ទះលោក គង់ គាំ តែដោយសារលោក គង់ គាំ សុំទោស លោក ហ៊ុន សែន បានសម្រេចមិនប្ដឹងទៅតុលាការវិញ តែផ្ទះលោក គង់ គាំ ត្រូវបានដកហូតជាសម្បត្តិក្រសួងការបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ