អានតួអត្ថបទ
កម្ពុជា-កីឡា

មន្ត្រីជាន់ខ្ពស់កីឡាខ្មែរ ស្វាគមន៍ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃឲ្យបញ្ឈប់ជម្លោះរឿងប្រដាល់

មន្ត្រីជាន់ខ្ពស់ ដែលគ្រប់គ្រងកីឡាខ្មែរ បានសម្តែងការស្វាគមន៍ចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលស្នើឲ្យពលរដ្ឋថៃបញ្ឈប់ជម្លោះជាមួយកម្ពុជារឿង«គុនខ្មែរ» និង«Muay Thai»។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលថៃ បានធ្វើឡើងក្រោយមានវិវាទគ្នាជាមួយកម្ពុជា ហើយថៃបានពហិការក្នុងការចូលរួមប្រកួតវិញ្ញាសារកីឡា«គុណខ្មែរ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣នេះ ក៏ប៉ុន្តែក្រោយមកក៏សម្រេចចូលរួមវិញ។ 

រឿងកីឡា «គុនខ្មែរ» និង«Muay Thai»
រឿងកីឡា «គុនខ្មែរ» និង«Muay Thai» © សហការី
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា កម្ពុជាសម្តែងការអបអរ នូវប្រសាសន៍ដ៏ល្អរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដែលបានស្នើឲ្យអ្នកកីឡា និងពលរដ្ឋថៃ បញ្ឈប់ជម្លោះជាមួយកម្ពុជាជុំវិញរឿងឈ្មោះកីឡាប្រដាល់។ តាមលោក វ៉ាត់ ចំរើន ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ នឹងនាំមកនូវសុខុដុមរម្យនាសង្គមជាតិទាំងពីរ និងជិតខាងល្អ ហើយកម្ពុជាក៏ជៀសវាងឲ្យបានផងដែរ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងកម្មវិធីកីឡាមួយដែលរៀបចំដោយក្រសួងវប្បធម៌ថៃ កាលពីថ្ងៃអង្គារ បានប្រាប់ទៅពលរដ្ឋ ក៏ដូចអ្នកកីឡារបស់ខ្លួនឲ្យបញ្ឈប់ការប្រកែកគ្នាជាមួយកម្ពុជាជុំវិញការប្រើឈ្មោះ «គុនខ្មែរ» ឬ«Muay Thai» ដែលលោកយល់ថាជារឿងឥតប្រយោជន៍ដែលអាចបង្កឲ្យទៅជាជម្លោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីម្សិលមិញ។

ក៏ប៉ុន្តែលោក ប្រាយុទ្ធ បញ្ជាក់ថាកីឡា «Muay Thai» គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ថៃ ដែលមិនមាននរណាអាចដណ្តើមយកបានឡើយ។ តាមរយៈជំហរបើកចំហរបស់កម្ពុជាភាគីថៃក្រោយមកក៏បានប្តូរឥរិយាបទ ដោយសម្រេចបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមវិញ្ញាសារ«គុនខ្មែរ» ដែលធ្វើឲ្យប្រទេសចំនួន៨រួមទាំងម្ចាស់ផ្ទះផង ក្នុងចំណោម១១ ប្រទេសនៅអាស៊ី អាគ្នេយ៍ ចូលរួមប្រកួតវិញ្ញាសារ«គុនខ្មែរ»។

សូមរំលឹកដែរថា រឿង«គុនខ្មែរ» និង«Muay Thai»នេះ ប្រទេសទាំងពីរមានវិវាទនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ។​ កន្លងមកកម្ពុជាមិនបានបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡារបស់ថៃទេ នៅពេលដែលថៃដាក់ឈ្មោះថា«Muay Thai»។ ក្រោយមកកីឡាករទាំងពីរប្រទេសនេះ តែងចេញចូលគ្នាទៅវិញទៅមកដើម្បីប្រកួតក្បាច់គុណមួយនេះ ក៏ប៉ុន្តែកីឡាករប្រទេសទាំងពីរប្រកួតដោយប្រកាន់ថាជាការប្រកួត«គុនខ្មែរ» សម្រាប់កីឡាករខ្មែរ និងជាការប្រកួត«Muay Thai»សម្រាប់កីឡាករថៃ។

ទោះយ៉ាងណា លោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជាមិនប៉ះពាល់គេទេតាំងពីមុនមកម៉្លេះ គេថា ឬចោទកម្ពុជាមិនតបទេ ពីព្រោះខ្មែរមិនយកឈ្មោះគេ និយាយឈ្មោះគេទេ គឺធ្វើតែរបស់ខ្លួនឯង។

សូមរំលឹកដែរក្បាច់គុណប្រដាល់បុរាណខ្មែរ ឬគុនខ្មែរនេះ មានប្រវត្តិជាយូរយារណាស់មកហើយ។ នៅក្នុង​តំបន់​​អង្គរទាំង​ទ័ព និងរាស្រ្ត​សាមញ្ញ ត្រូវបាន​ហ្វឹកហាត់​រៀន​ដោយ​ជនជាតិខ្មែរ។ ក្បាច់​យុទ្ធគុន​នេះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថាជា​ប្រព័ន្ធ​វាយ​ប្រយុទ្ធ​របស់កង​ទ័ព​ខ្មែរ​នា​សម័យ​អង្គរ និង​មូល​ហេតុ​មួយ​ទៀត ដែល​អាណាចក្រ​ខ្មែរ​បាន​វាយ​គ្រប់គ្រង​តំបន់​អាស៊ីអគ្នេយ៍។ ជាក់​ស្តែង​​ភស្តុតាង​រូបចម្លាក់​នៅ​​ប្រាសាទ​បាយ័ននិងដ៏ទៃទៀត​នៅ​ប្រាសាទ​អង្គរវត្ត បាន​បង្ហាញ​ថា ក្បាច់​គុន​ប្រដាល់​សេរីខ្មែរ មាន​តាំងពី​សតវត្ស​ទី​៩ មក​ម្ល៉េះដែល​ប្រភព​ដើម​ជា​របស់​ខ្មែរ។ ក្រោយ​មក​ដោយ​សារ​ការ​ឈ្លាន​ពាន​លុកលុយ លួច​ប្លន់ និង បំផ្លិចបំផ្លាញ​ពី​ទ័ព​សៀម(ថៃ) នៅ​ក្រុង​អង្គរ បណ្តាលឲ្យ​ភាគច្រើននៃ​គម្ពីរ​ក្បាច់​យុទ្ធគុន​ប្រដាល់សេរីខ្មែរ ត្រូវបាន​បំផ្លិចបំផ្លាញ និងយកធ្វើ​ជា​របស់​ពួកគេហើយ​ថែមទាំង​ចាប់​ខ្មែរ​ជា​ឈ្លើយ និង រាជវង្សានុវង្ស​ខ្មែរ ទៅ​ក្រុង​អយុធ្យាផងដែរ។ នេះបើតាមប្រភពពីប្រវត្តិក្បាច់គុណបុរាណខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ