អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ រ៉ុង ឈុន​ ប្រកាស​ធ្វើ​នយោបាយ​ពេញលេញ ​តែមិន​ទាន់​បោះបង់​ចោល​សហជីព

លោក រ៉ុង ឈុន​ ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ប្រកាស​ជាផ្លូវ​ការ​ថា​លោក​ចូល​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បោះបង់​ចោល​ការងារ​សហជីព​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅឡើយ។​ ការ​បញ្ជាក់​របស់​លោក​ រ៉ុង ឈុន​ ដូច្នេះ​ធ្វើ​ឡើង​តាមរយៈ​សន្និសីទ​កាសែត​មួយ​ ដែល​រៀបចំ​ឡើង​នៅព្រឹក​ថ្ងៃអង្គារនេះ។​

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោក រ៉ុង ឈុន បានគូសបញ្ជាក់ផងដែរថា ការប្រកាសប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀននេះ គឺដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់បានសេរីភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៀត លោក រ៉ុង ឈុន បានលើកឡើងថា វត្តមានរបស់លោកនៅក្នុងគណបក្សភ្លើងទៀន នឹងធ្វើឲ្យគណបក្សនេះកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋច្រើនថែមទៀត ហើយលោកជឿជាក់ថាគណបក្សភ្លើងទៀននឹងអាចឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ផងដែរ។

បើតាមលោក រ៉ុង ឈុន ទោះបីលោកប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន មិនមែនបានន័យថាលោកបោះបង់ការងារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងកិច្ចការងារសហជីពឡើយ តែការធ្វើនយោបាយនៅក្នុងគណបក្សអាចជួយការងារសង្គមបានច្រើនជាង។ យ៉ាងណាលោក រ៉ុង ឈុន ថា លោកនៅមិនទាន់លាលែងពីតំណែង និងតួនាទីក្នុងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងតួនាទីជាប្រធានសហភាពសហជីពកម្ពុជាទេ ដរាបណាគណបក្សភ្លើងទៀននៅមិនទាន់ចេញលិខិតផ្លូវការស្វាគមន៍លោកនៅក្នុងគណបក្សនេះ។

ទាក់ទិនទៅនឹងការប្រកាសប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុននេះ សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាគ្មានអ្វីចំឡែកឡើយ ព្រោះលោក រ៉ុង ឈុន បានធ្វើសកម្មភាពប្រឆាំងជាយូរណាស់មកហើយ ហើយនេះក៏ជាសិទ្ធិសេរីភាពរបស់លោក រ៉ុង ឈុនដែរ។ ក្រៅពីនេះ លោក សុខ ឥសាន ថាការប្រកាសរបស់លោក រ៉ុង ឈុន បែបនេះ ក៏សបញ្ជាក់ឲ្យឃើញថាលំហរនយោបាយនៅកម្ពុជាបើកទូលាយ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពដូចការលើកឡើងរបស់អ្នកវិភាគមួយចំនួន។

គួររំលឹកថា លោក រ៉ុង ឈុន ធ្លាប់ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូបមកពីកូតាអតីតគណបក្សសង្រ្គោះជាតិ តែក្រោយអតីតគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលចេញសាល​ដីការំលាយនៅចុងឆ្នាំ២០១៧ លោកក៏បានសម្រេចចិត្តលាលែងពីសមាជិក គ.ជ.ប តែម្ដង រួចមកធ្វើការងារសង្គមវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ