អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន ម៉ាណែត​ ថ្លែងថា​លោក​មិនបាន​ធ្វើខុស​ច្បាប់​នោះទេ

តាមរយៈហ្វេសប៊ុក​របស់​លោក​នៅថ្ងៃចន្ទ​នេះ​ លោក ហ៊ុន ម៉ាណែត​ ដែល​ជាកូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​អនាគត​ បាន​ថ្លែងថា​លោក​មិន​បាន​ធ្វើខុសច្បាប់​អ្វីទេ។​ ការបញ្ជាក់​របស់​លោក ហ៊ុន ម៉ាណែត ​ដូច្នេះ ​គឺធ្វើឡើង​បន្ទាប់​ពីអ្នក​វិភាគ​នៅក្រៅ​ប្រទេស​បានរិះគន់​លោកថា គណបក្ស​កាន់​អំណាច​ប្រកាស​ពីលោក ហ៊ុន ម៉ាណែត​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគត​ ខណៈពេល​ដែល​លោក ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន​ជាមេ​បញ្ជាការកងទ័ព​ជើងគោក។​

លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត © FB/HMN
ផ្សាយពាណិជ្ជកម្ម

តាមរយៈឃ្លីបវីដេអូជាង ៦នាទី លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតបានប្រាប់ទៅអ្នកវិភាគ ដែលបានរិះគន់លោកថា ការវិភាគមិនគ្រប់ជ្រុងជ្រោយទេ ខណៈអ្នកវិភាគបានលើកឡើងនូវមាត្រា ១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ច្បាប់ស្តីពីគណបក្សនយោបាយ ក៏ប៉ុន្តែលោកស្នើឲ្យមើលគ្រប់ច្បាប់ ដែលក្នុងនោះលោកផ្តោតទៅលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

មេបញ្ជាការកងទ័ពជើងគោករូបនេះបញ្ជាក់ថាមាត្រា ៨៣នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលថា «បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតនៅក្នុងម៉ោងបំពេញការងារ ក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋានយោធា និងមិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការគំរាមកំហែងឡើយ»

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានចោទសួរ និងស្នើឲ្យផ្តល់រូបថតឲ្យលោក ជុំវិញថាតើលោកធ្លាប់ពាក់ឯកសណ្ឋានយោធា ហើយឃោសនាគាំទ្រគណបក្សប្រជាជននោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ការគាំទ្រលោក ជាបេក្ខជនបន្តវេន គឺជាការសម្រេចផ្ទៃក្នុងគណបក្ស ហើយមិនមានបក្សណា ហាមបក្សណាមិនឲ្យគិតគូរជាមុនថាអ្នកណាត្រូវបន្តវេននោះទេ។ អនាគតបេក្ខជននាយករដ្ឋមន្ត្រីរូបនេះ ក៏បានលើកយកមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកបង្ហាញ និងស្នើឲ្យអ្នកវិភាគបើកមើលច្បាប់ឡើងវិញចៀសវាងធ្វើឲ្យបាត់បង់តម្លៃ និងជំនឿទុកចិត្ត។

សូមបញ្ជាក់ថាប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣នេះ ក៏ប៉ុន្តែបេក្ខជនដាក់ពាក្យឈរឈ្មោះគឺធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ សូមរំលឹកថា តាមរយៈសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកាលពីថ្ងៃម្សិលមិញ អង្គមិទ្ទិញបានគាំទ្រពេញទំហឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ