អានតួអត្ថបទ
កម្ពុជា-សង្គម

បក្សកាន់អំណាចចាប់គិតលើកត្តាជីវភាពនិងការពារផ្លូវច្បាប់លើស្ត្រីបំរើសេវាកម្សាន្តខណៈស្ត្រីធ្វើការក្នុងវិស័យនេះកំពុងរងគ្រោះ

ភ្លាមៗ​បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​បង្ហើប​ប្រាប់​ថា ​លោក​នាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផ្ដួចផ្ដើម​គំនិត​ឲ្យ​គិត​លើ​កត្តា​ជីវភាព​និង​ការពារ​ផ្លូវ​ច្បាប់​លើ​ស្ត្រី​បំរើ​សេវា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​  មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ទះដៃ​សាទរ​ចំពោះ​ដំណឹង​នេះ ​ព្រោះ​ជា​អ្វី​ដែល​ពួក​គេ​ធ្លាប់​ទាមទារ​ចង់​បាន​យូរ​មក​ហើយ។​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់​ថា​ ដ្បិត​ថា​ វា​យឺត​ពេល​បន្តិច​  តែ​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ​ប្រសើរ​ជាង​មិន​ធ្វើ​អី​សោះ។​

ស្ត្រីបម្រើសេវាកម្សាន្ដចេញធ្វើបាតុកម្មកម្លងមក(រូបតំណាង)
ស្ត្រីបម្រើសេវាកម្សាន្ដចេញធ្វើបាតុកម្មកម្លងមក(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់មន្ត្រីរដ្ឋាភិបាលពីររូបនៅថ្ងៃនេះ បានទម្លាយព័ត៌មានចេញពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជននៅវិមាន៧មករាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខបក្សកាន់អំណាចនឹងផ្តល់មេធាវីដើម្បីជួយការពារស្ត្រីបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ក្នុងករណីមានការរំលោភបំពាន ឬមានអំពើហិង្សាណាមួយកើតឡើង។ ក្រុមមេធាវីទាំងនោះមានប្រភពមកពីក្រសួងកិច្ចការនារី និងក្រុមមេធាវីរបស់លោក ហ៊ុន សែន ផ្ទាល់ដែលដឹកនាំដោយលោកគី តិច ។

មិនត្រឹមតែគិតគូរផ្នែកច្បាប់ដល់ស្ត្រីបំរើក្នុងសេវាកម្សាន្តប៉ុណ្ណោះទេ លោក ហ៊ុន សែន ក៏កំពុងពិចារណាផ្តល់ជូនបណ្ណ ប.ស.ស ដើម្បីជួយសម្រួលដល់ទុកលំបាកដល់ក្រុមស្ត្រីទាំងនេះ ទទួលបានសេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃ។ យ៉ាងណាមិញគេមិនទាន់ដឹងថា បេសកម្មនេះចេញដំណើរផ្លូវការនៅពេលណាឡើយ តែមន្ត្រីសង្គមស៊ីវិលធ្វើការលើកកម្ពស់ស្ត្រីសង្ឃឹមថា ការងារនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់។

ថ្លែងមកកាន់វិទ្យុបារាំងអន្តររជាតិតាមខ្សែទូរសព្ទនៅថ្ងៃទី២៩មករានេះ អ្នកស្រី ​អ៊ូ ទេពផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជាលើកឡើងថា គំនិតផ្ដួចផ្ដើមរបស់ប្រមុខរដ្ឋាភិបាលនិងប្រមុខបក្សកាន់អំណាចនៅពេលនេះជារឿងមួយដ៏ល្អទោះបីជាយឺតពេលបន្តិចក្ដី។ ប៉ុន្តែអ្នកស្រីចង់ឃើញរដ្ឋាភិបាលផ្ដល់គិតគូរឲ្យស៊ីជម្រៅជាងនេះបន្តិច រាល់ការជួបប្រទះរបស់ស្ត្រីបំរើសេវាកម្សាន្តទាំងការធានាផ្នែកច្បាប់ និងកត្តាជីវភា​ព។  កន្លងមកស្ត្រីបំរើការងារក្នុងសេវាកម្សាន្តដែលរួមមានៈ ខារ៉ាអូខេ បៀរហ្កាឌិន ឌីស្កូតែក និងអ្នករត់ទុកជាដើម បានរាយការណ៍មកថា រងបំពាបំពាន បង្ខិតបង្ខំ ហិង្សា បៀតបៀន គ្រប់ទម្រង់ពីភ្ញៀវជាពិសេសពីប្រភេទភ្ញៀវមានអំណាច។ ហើយតាមកត់សម្គាល់របស់អ្នកស្រី អ៊ូ ទេពផល្លីន គេកម្រឃើញអ្នកប្រព្រឹត្តទាំងនោះត្រូវបានច្បាប់នាំមកកាត់ទោសណាស់។

ធ្ងន់ធ្ងរជាងនេះទៀ តក្រុមស្ត្រីបំរើសេវាកម្សាន្តត្រូវបានម្ចាស់អាជីវកម្មចំនួនបិទសេរីភាពក្នុងការពពោះ។ បើពពោះត្រូវប្រឈមនឹងការបាត់បង់ការងារ ព្រោះការពពោះរំខានភាពទាក់ទាញដល់អាជីវកម្មរបស់ថៅកែ ហើ​យ​ជាញឹកញយស្ត្រីត្រូវបានតម្រូវឲ្យធ្វើតេស្តពិនិត្យទឹកនោម។ ស្ត្រីបំរើសេវាកំសាន្តក៏ប្រឈមនឹងលក្ខខណ្ឌការងារមិនអំណោយផល និងគ្មានបៀវត្សកំណត់ត្រឹមត្រូវ។ ការងារកំណត់ម៉ោងចូលតែមិនកំណត់ម៉ោងចេញ ខណៈបៀវត្សប្រចាំថ្ងៃពឹងលើកម្រៃជើងសា។ នេះជាអ្វីដែលស្ត្រីបំរើសេវាកម្សាន្តចែករំលែកមកកាន់ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ សំណុំរឿងទាំងនេះហើយដែលអ្នកស្រី អ៊ូ ទេពផល្លីន ស្នើឲ្យរដ្ឋាភិបាលផ្ដល់ការគិតគូរឲ្យបានស៊ីជម្រៅដើម្បីជួយស្ត្រីកំពុងបំរើការងារក្នុងវិស័យកម្សាន្ត។

បន្ថែមលើនេះអ្នកស្រីក៏ចង់ឲ្យរដ្ឋាភិបាលគិតលើការផ្ដល់ជម្រកសុវត្ថិភាព ព្រោះមានតែជម្រកសុវត្ថិភាពទេដែលការពារស្ត្រីពីការគម្រាមកំហែងណាមួយពីក្រុមអ្នកមានអំណាចមួយចំនួន។ នៅកម្ពុជាស្រ្តីបំរើការងារក្នុងសេវាកម្សាន្តត្រូវបានប៉ាន់ប្រមាណថា ឈរក្នុងរង្វង់៨ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ