អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ភ្លើងទៀន​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅខែកុម្ភៈ​ ដើម្បី​ពង្រីក​ក្បាលម៉ាស៊ីន​ដឹកនាំគណបក្ស

គណបក្ស​ភ្លើងទៀន ​គ្រោងនឹង​រៀបចំ​សមាជវិសាមញ្ញ​គណបក្ស ​នៅថ្ងៃទី ​១១ ខែកុម្ភៈ​ខាងមុខ​នេះ ​ដើម្បីពង្រីក​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ និង​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣។​ នេះ​បើតាម​សេចក្តី​ប្រកាស​មួយ​របស់​គណបក្ស​នាថ្ងៃទី២៧​ ខែមករា​នេះ។​ ចំណែក​អ្នក​នាំពាក្យ​គណបក្ស​នេះចង់ឲ្យ​មាន​ការ​បន្ធូរបន្ថយ​កំដៅ​នយោបាយ​មុន​ពេល​បោះឆ្នោត​ខាងមុខ។​​

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

គណបក្សភ្លើងទៀន ដែលមានមន្ត្រីជាន់ខ្ពស់មួយចំនួនកំពុងតែរងក្តីក្តាំនៅតុលាការនោះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកនា ថ្ងៃទី២៧​ ខែមករានេះ ថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រីកក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទានបានថ្លែងបញ្ជាក់បន្ថែមប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៧ ខែមករានេះថា ការធ្វើសមាជរបស់គណបក្សគឺមានគោលដៅសម្រាប់ការរៀបចំខ្លួនឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។

សម្រាប់ការបោះឆ្នោតនាពេលខាងមុខ លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា បើការបោះឆ្នោតប្រព្រឹត្តិទៅដោយ សេរី យុត្តិធម៌ និងត្រឹមត្រូវ លោកមានសង្ឃឹមថាអ្នក ដែលធ្លាប់គាំទ្រអ្នកប្រជាធិបតេយ្យ នឹងបន្តផ្តល់ទំនុកចិត្តដល់គណបក្សណាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ពោលគឺក្តីសង្ឃឹមនៅតែមាន ហើយគណបក្សមិនដែលបោះបង់គោលជំហរលើការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ។

គម្រោងធ្វើសមាជវិសាមញ្ញរបស់គណបក្សនាពេលនេះ កើតឡើងនៅក្រោយពេលដែលអនុប្រធានគណបក្សនេះត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី១៦ ខែមករា។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ និងឃុំខ្លួន ដោយតុលាការចោទពីបទចេញសែកដែលគ្មានទឹកប្រាក់ ដែលប្រព្រឹត្តនៅភ្នំពេញ កាលពីឆ្នាំ២០១៩។ ការចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ត្រូវបានអ្នកតាមដាន និងជាពិសេសគណបក្សភ្លើងទៀនផ្ទាល់ ថ្កោលទោសថាជារឿងនយោបាយ និងទាមទារឲ្យដោះលែង ដោយឥតលក្ខខណ្ឌ។

ក្រៅពីលោក ថាច់ សេដ្ឋា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត បានបាត់បង់ដីធ្លី ក្រោយរងបណ្តឹងគណបក្សប្រជាជន ហើយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្ស ក៏បានរងនូវបណ្តឹងតុលាការដែរ ទីបំផុតដីនិងផ្ទះរដ្ឋ ដែលលោកធ្លាប់រស់នៅអស់ពេល៤ទសវត្សរ៍ ត្រូវលោកប្រគល់ឲ្យក្រសួងការបរទេសវិញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចប់ការប្តឹងផ្តល់ដែរ។

អ្នកនាំពាក្យគណបក្សភ្លើងទានបានថ្លែងថារឿងក្តីនៅតុលាការជាលក្ខណៈបុគ្គល គឺមានមេធាវីជាអ្នកដោះស្រាយ ចំណែកឯករណីដែលពាក់ព័ន្ធនឹងរឿងនយោបាយ លោកស្នើសុំឲ្យរាជរដ្ឋាភិបាល ឬគណបក្សកាន់អំណាចពិចារណាបន្ធូរបន្ថយកំដៅ ពីព្រោះការបោះឆ្នោតទាមទារឲ្យមានស្ថិរភាពនយោបាយមួយ ពោលគឺ ធ្វើយ៉ាងណាឲ្យគណបក្សប្រកួតប្រជែកមានទំនុកចិត្តក្នុងការចូលរួម។ លោកបន្តថាបើភាគីដែលចូលរួមត្រូវបានគេដាក់កំហិតហួសហេតុពេក ​នោះការបោះឆ្នោតនឹងមិនប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ទេ ដូច្នេះមានតែការជជែកគ្នាជាមួយគណបក្សកាន់អំណាច ដើម្បីបន្ធូរបន្ថយបរិយាកាស សំដៅឲ្យគណបក្សប្រជែង និងបក្សកាន់អំណាច មានទំនុកចិត្តទៅវិញទៅមក ដោយផ្អែកលើគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

គណបក្សកាន់អំណាចតែងតែចោទសួរថាតើការជជែកគ្នារវាងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀនលើបញ្ហាអ្វី​ ព្រោះគណបក្សនយោបាយមិនអាចលូកដៃចូលក្នុងការអនុវត្តច្បាប់របស់តុលាការនោះទេ ពាក់ព័ន្ធរឿងចេញសែកដែលគ្មានទឹកប្រាក់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ