អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន សែន៖​ កំហុស​ផ្នែក​នយោបាយ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្រ

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជាក់ថា ​ប្រទេស​កម្ពុជា​មាន​សម្បត្តិ​ធនធាន​ធម្មជាតិ​ច្រើន​ ប៉ុន្តែប្រទេស​កម្ពុជា​នៅតែក្រ។ ​លោក​បាន​លើក​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជាក្រ ​គឺកើត​ឡើង​ដោយ​សារ​កំហុស​ផ្នែក​នយោបាយ​ និង​សង្រ្គាម​ ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅជា​ប្រទេស​ក្រីក្រ​ ជាពិសេស​​ក្រោយ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះនរោត្តមសីហនុ​ នៅថ្ងៃ១៨មីនា​ ១៩៧០​ បាន​បំផ្លាញ​កម្ពុជា​ទាំងស្រុង។​ ការ​លើក​ឡើង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យវេស្ទើន​ នៅ​ថ្ងៃទី២៦​ ខែមករានេះ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូនសិស្សនិស្សិតនៃសកលវិទ្យាល័យវេស្ទើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូនសិស្សនិស្សិតនៃសកលវិទ្យាល័យវេស្ទើន © FB/SPM
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន បានលើកឡើងថា ប្រទេសដែលមានសម្បត្តិធនធានធម្មជាតិសំបូរបែបមិនប្រាកដថាជាប្រទេសក្លាយទៅជាអ្នកមានទាំងអស់នោះទេ រីឯប្រទេសដែលមិនមានសម្បត្តិធនធានធម្មជាតិ ក៏មិន​ប្រាកដថានឹងមិនក្លាយទៅជាអ្នកមានបានដែរ។ សម្រាប់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានអះអាងថា មានសម្បត្តិធនធានធម្មជាតិច្រើនសំបូរបែប ដូចជា មាស ត្បូង ធ្យូងថ្ម រ៉ែដែក និងផ្សេងៗទៀត ដែលខ្លះបានដាក់ឲ្យវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្តែប្រទេសកម្ពុជានៅតែក្រ។

មិនតែប៉ុណ្ណោះ ប្រមុខដឹកនាំរដ្ឋាភិបាលរូបនេះ បានអះអាងទៀតថា ប្រទេសកម្ពុជាជាប្រទេសដែលមានអាកាសធាតុអំណោយផល មិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក និងពុំមានខ្យល់ព្យុះធំៗ ដូចប្រទេសដទៃ​​នោះទេ គ្រាន់តែមានទឹកជំនន់កើតឡើងម្ដងម្កាលប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីកម្ពុជានៅតែក្រ។ បើតាមលោក ហ៊ុន សែន បញ្ហានេះផ្ដើមចេញពីកំហុសនយោបាយ ដោយបានទម្លាក់កំហុសទៅលើការធ្វើរដ្ឋប្រ​ហារទម្លាក់សម្ដេចព្រះ​នរោត្តមសីហនុនៅឆ្នាំ១៩៧០ ទើបធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ជាប្រទេសក្រីក្រ។

ករណីនេះ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ទទួលស្គាល់ផងដែរ ប៉ុន្តែលោកថាបើប្រៀបធៀបពីសង្រ្គាមមកដល់ឥលូវវាមានរយះពេលជាង៣០ឆ្នាំហើយ ដូច្នេះការបន្តបន្ទោសអតីតកាលតែមួយមុខ វាមិនគ្រប់គ្រាន់នោះទេ។ ត្រង់បញ្ហានេះ លោកបណ្ឌិត មាស នី ថា រដ្ឋាភិបាលហាក់នៅមិនទាន់ទទួលជោគជ័យក្នុងការការពារធនធានធម្មជាតិទេ ជាពិសេសការផ្ដល់ការវិនិយោគធនធានធម្មជាតិ ទៅឲ្យក្រុមហ៊ុន មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះក្រុមហ៊ុនខ្លះ លោកកត់សម្គាល់ឃើញថា មានហំព័ទ្ធរបងជិត មិនអាចធ្វើឲ្យអាជ្ញាធរមូលដ្ឋានងាយស្រួលក្នុងការចុះត្រួតពិនិត្យឡើយ។ 

សូមបញ្ជាក់ថា ក្រោយមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្រ្គាម រហូតធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្លាប់ប្រជាពលរដ្ឋជិត ៣លាននាក់ និងបំផ្លិចបំផ្លាញធន​ធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាផ្នែកមួយធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងប្រទេសក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ