អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

វិស័យ​សំណង់​និង​អចលនទ្រព្យ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ដើរ​អូសជើង​ក្នុង​ឆ្នាំ២០២៣

វិស័យ​សំណង់​និង​អចលនទ្រព្យ​ត្រូវ​បាន​ព្យាករណ៍​ថា ​ងើប​ឡើង​យឺត​ក្នុង​ឆ្នាំ​២០២៣ ​ខណៈ​វិស័យ​នេះចូល​រួម​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​១០​ភាគរយ​ក្នុង​មួយឆ្នាំ។​ ការ​ព្យាករណ៍ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ វេទិកា​សាធារណៈ​ស្ដីពីការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៣​រៀបចំ​ឡើង​ដោយ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នៅថ្ងៃទី២៥​មករានេះ។​

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ២០២៣ វិស័យសំណង់នឹងស្ទុះឡើងត្រឹមកម្រិតរង្វង់១,១ ខណៈវិស័យអចលនទ្រព្យនឹងកើនឡើងក្នុងរង្វង់១,២។ សន្ទុះនៃភាពយឺតយ៉ាវរបស់វិស័យទាំងពីរនេះដោយសារតែកម្សោយនៃលំហូរវិនិយោគទុនពីបរទេស។

បើតាមមន្ត្រីជំនាញ ការអូសជើងរបស់វិស័យទាំងពីរមិនបានក្លាយជាក្ដីសង្ឃឹមក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២៣ ដែលត្រូវបានរំពឹងថា ឈរក្នុងរង្វង់៥,៦ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះវាបានបង្ករផលរំខានដល់ការរុញច្រានកំណើនសេដ្ឋកិច្ចឆ្នាំនេះដែរ។

ជុំវិញបញ្ហានេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចដែលដឹកនាំវេទិកាសាធារណៈនៅថ្ងៃទី២៥មករានេះឲ្យដឹងថា រដ្ឋាភិបាលមានគោលនយោយបាយគាំទ្រក្រោមកិច្ចសហការពីធនាគារជាតិកម្ពុជា ក្រសួងសេដ្ឋកិច្ច ពន្ធដា និងភាគីអចលនទ្រព្យដោះស្រាយរួមគ្នា។

ជាមួយគ្នានេះ នៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចបន្តបង្ហាញក្ដីសង្ឃឹមជាថ្មីថា សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វ​ង់៥,៦ភាគរយក្នុងឆ្នាំ២០២៣នេះជាមួយនឹងការបង្កើនកញ្ចប់ថវិកាប្រមាណជិត១០ពាន់លានដុល្លារ។

មិនខុសពីរាល់ដងក្ដីសង្ឃឹមដែលថា សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វ​ង់៥,៦ភាគរយក្នុងឆ្នាំ២០២៣ គឺផ្អែកទៅលើកំណើននាំចេញនៅតែល្អដោយសារការនាំចេញវិស័យកាត់ដេររក្សាបានកំណើនវិជ្ជមានក្នុងរង្វង់៥,៥ភាគរយ ខណៈវិស័យកម្មន្តសាលមិនមែនកាត់ដេរ(គ្រឿងសង្ហារឹម សូឡា និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម) បន្តរក្សាកំណើនល្អក្នុងរង្វង់១១,៧ភាគរយ។

ក្រៅពីវិស័យពីរនេះគេក៏មិនភ្លេចផ្ដល់ក្ដីសង្ឃឹមលើវិស័យកសិកម្មនិងទេសចរណ៍ដែរ។ វិស័យកសិកម្មត្រូវបានរំពឹងថា កំណើននាំចេញនៅតែល្អក្នុងរង្វង់១,១ភាគរយ។ ចំណែកវិស័យទេសចរណ៍នឹងរួមចំណែករុញសេដ្ឋកិច្ច៣២,៧ភាគរយដោយសារការងើបឡើងនៃលំហូរមនុស្សពីក្រៅ៤,៣លាននាក់និងលំហូរមនុស្សក្នុងស្រុក១៤លាននាក់។

តែយ៉ាងណាមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ក្ដីសង្ឃឹមនេះស្ថិតនៅក្នុងភាពប្រកដប្រជាប៉ុន្មានទេ ដោយសារវិបត្តិសង្គ្រាមនៅខាងក្រៅនិងស្ថានភាពនៅក្នុងតំបន់កាន់តែមានសភាពយ៉ា​ប់យ៉ឺ​នដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។  ម្យ៉ាងទៀតភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាពឹងពាក់យ៉ាងសំខាន់លើដៃគូរពាណិជ្ជកម្មធំៗចំនួន៤រួមមាន៖ចិន អាមេរិក អឺរ៉ុបនិងដៃគូអាស៊ាន។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៣រដ្ឋាភិបាលកម្ពុជាចំណាយថវិកាសរុបជិត១០ពាន់លានដុល្លារ។ក្នុងនោះ៧២០០លានដុល្លារជាចំណូលក្នុងស្រុក ៦០០លានដុល្លារជាប្រាក់សន្សំ និង១៨០០លានដុល្លារជាកម្ចីបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ