អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ភ្លើងទៀន​ នឹង​ពិចារណា​ពីលទ្ធភាព​ចូលរួម​បោះឆ្នោត​សកល​ខាងមុខ​ប្រសិន​បើបន្ត​មាន​ការ​គំរាមកំហែង

គណបក្សភ្លើងទៀន​ នៅថ្ងៃចន្ទ​ទី១៦​ ខែមករានេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ស្នើឲ្យប្រមុខរដ្ឋាភិបាល​កម្ពុជា ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​រាល់ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ភ្លើងទៀន​ និងអង្គការ​សង្គមស៊ីវិល។​ គណបក្ស​ភ្លើងទៀន​ក៏នឹង​ពិចារណា​ឡើងវិញ​ដែរ​ អំពី​លទ្ធភាព​នៃការ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខ​ ប្រសិន​បើសកម្មភាព​គំរាម​កំហែង​នៅតែបន្ត​កើតមាន​ធ្ងន់ធ្ងរ​មក​លើគណបក្សប្រឆាំង​មួយនេះ។ ​ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ថាការ​ចូលរួម​ឬមិន​ចូល​រួម​របស់​គណបក្សប្រឆាំង​ មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាងមុខទេ។ ​

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន១ទំព័ររបស់ខ្លួន គណបក្សភ្លើងទៀន បានលើកឡើងថាការបំភិតបំភ័យ ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិ ការប្តឹងទាមទារសំណងឲ្យសងខុសប្រក្រតីមកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺជាការគៀបសង្កត់ផ្នែកនយោបាយ និងបំបាក់ស្មារតីដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។

គណបក្សប្រឆាំងមួយនេះ យល់ឃើញថាសកម្មភាពទាំងអស់នេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមិនអាចទទួលយកបាន។ នេះបើតាមសេចក្តីថ្លែងការណ៍។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់បញ្ឈប់នូវរាល់ការគំរាមកំហែងតាមគ្រប់រូបភាពមកលើគណបក្សភ្លើងទៀន និងសង្គមស៊ីវិលដើម្បីបង្កបរិយាកាសល្អប្រសើរ ធានាដល់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ សេរី និងយុត្តិធម៌។

គណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សប្រឆាំងដែលមានឥទ្ធិពលមួយនេះ នឹងពិចារណាឡើងវិញ អំពីលទ្ធភាពនៃការចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានធ្ងន់ធ្ងរមកលើគណបក្សភ្លើងទៀន។

ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ និងវាយតម្លៃសភាពការណ៍នយោបាយកម្ពុជាដោយគណបក្សភ្លើងទៀន។ លោកថាការចូលរួម ឬមិនចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺជាសិទ្ធិរបស់គណបក្ស និងអ្នកនយោបាយនីមួយៗ​មិនមានការបង្ខិតបង្ខំទេ ហើយការមិនចូលរួមណាមួយរបស់គណបក្សប្រឆាំងនេះ ក៏វាមិនធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតអ្វីឡើយ ខណៈគណបក្សនយោបាយទាំងអស់មានជាង៤០គណបក្សឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ