អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ ហ៊ុន សែន ​សម្រេច​មិន​បន្ត​ប្តឹង​ផ្តល់​លោក គង់ គាំ​ ក្រោយ​លោក ​គង់ គាំ​ ប្រគល់​ដី​ឲ្យ​រដ្ឋវិញ

លោក គង់ គាំ ​និងភរិយា ​បាន​សម្រេច​ប្រគល់ដី ​និងផ្ទះ​ ដែល​លោករស់​នៅ​សព្វ​ថ្ងៃ​ចំនួនកន្លះហិចតា​នៅសង្កាត់​ទន្លេបាសាក់ ​រាជធានីភ្នំពេញ ​ឲ្យទៅរដ្ឋ​វិញ​បន្ទាប់​ពីគ្រួសារ​លោក​បាន​កាន់​កាប់ដី​ និង​ផ្ទះនេះអស់រយៈពេល ៤ទសវត្សរ៍។​ ការ​ប្រគល់​ដីឲ្យ​រដ្ឋវិញ​នៅពេល​នេះ ​ត្រូវ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថាលោក​មិន​បន្ត​ប្តឹង​ផ្តល់​លោក ​គង់ គាំ ​ទៀតទេ។ ​

មន្ទីគណបក្ស ឆន្ទៈខ្មែរ
មន្ទីគណបក្ស ឆន្ទៈខ្មែរ © Internet
ផ្សាយពាណិជ្ជកម្ម

«ទីបំផុតដី និងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល​​៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើនខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះ»។ នេះគឺជាការសរសេរបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ។

តាមលិខិតដែលមានស្នាមមេដៃលោក គង់ គាំ និងភរិយា ចុះថ្ងៃទី១២ ខែមករា លោក គង់ គាំ សរសេរថាលោកមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី ម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ លោក និងភរិយា ព្រមប្រគល់ផ្ទះ និងដីលេខ៧១ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រគល់ដីដែលលោក គង់ គាំ ប្រគល់ឲ្យក្រសួងការបរទេសវិញនេះ ទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមរំលឹកថាដី និងផ្ទះជាង ៥ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់លេខ១ នៃហាងឆេងអចលនទ្រព្យ ត្រូវបានលោក គង់ គាំ ចូលទៅរស់នៅកាលពីឆ្នាំ១៩៨២ ដោយសុំការអនុញ្ញាតពីលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេស ខណៈដែលលោក គង់ គាំ ជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស។

ការទាមទារយកដី និងផ្ទះ ដែលលោក គង់ គាំ ស្នាក់នៅនេះ ត្រូវគេកត់សម្គាល់ថាធ្វើឡើងក្រោយពីមានទំនាស់នយោបាយស្រួចស្រាល់ ដែលផ្តើមចេញពីការរិះគន់វាយប្រហាររបស់លោក គង់ គាំ បច្ចុប្បន្នជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ទៅលើគណបក្សប្រជាជនកម្ពុជាតាមរយៈវេទិកាសាធារណៈនានា និងជំនួបជាមួយសកម្មជនគណបក្សតាមបណ្តាខេត្ត។

លោក គង់ គាំ កាលពីពេលថ្មីៗនេះ ក៏ត្រូវគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្តឹងទាមទារសំណងចំនួន៥០ម៉ឺនដុល្លារ។ ក្រោយមកក្រសួងការបរទេសក៏ដាក់ប្តឹងលោក គង់ គាំ ទាមទារប្រាក់១លានដុល្លារដែរ។ ក៏ប៉ុន្តែបណ្តឹងគណបក្សប្រជាជនខេត្តត្បូងឃ្មុំនេះ នឹងនៅបន្តឬយ៉ាងណាទេ ខណៈលោក ហ៊ុន សែន ប្រកាសជាទូទៅថាសម្រេចមិនប្តឹងបន្ត។ ទោះយ៉ាងណា ទាំងលោក គង់ គាំ និងក្រុមគ្រួសារកំពុងស្ថិតនៅដំណាក់កាលមួយស្ងៀមស្ងាត់នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ