អានតួអត្ថបទ
កម្ពុជា-សង្គម

បក្ស​កាន់​អំណាច​ត្រៀមរៀប​ចំ​មទ្ទិញ​៧មករា​ ដោយ​មាន​មនុស្ស​ជាង​១០ម៉ឺន​នាក់​ចូល​រួម

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រៀមរៀប​ចំ​អង្គមទ្ទិញធំ ​នៅថ្ងៃខួប​៧មករា​ខាងមុខ​នេះ ​ដើម្បី​អបអរ​ជ័យជំនះ​របស់​ខ្លួន​ទៅលើ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ​នេះបើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ​តាម​គម្រោង​នៅឆ្នាំ២០២៣​នេះ ​គណបក្ស​កាន់​អំណាច​នឹង​ធ្វើមទ្ទិញ​៧មករា​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ​ដែល​អាច​ឲ្យមនុស្ស​ជាង​១០ម៉ឺននាក់​ចូលរួម​ ក្រោយ​ការ​អាក់ខាន​រៀប​ចំ​អស់​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។​

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ខួប៧មករា នៅតែមានសារៈសំខាន់ និងអមតៈជាដរាបសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធនេះ ដោយបន្ថែមថា អង្គមន្ទិញ៧មករា២០២៣ គឺគណបក្សប្រជាជនកម្ពុជា​នឹងរំលឹកឡើងវិញ អំពីជ័យជំនះ និងសមទ្ធិផលដ៏ត្រចះត្រចង់របស់គណបក្សក្រោមការទំនុកបម្រុងរបស់កងទ័ពវៀតណាម ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើតាមលោក សុខ ឥសាន នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជានឹងរៀបអង្គមទ្ទិញធំមួយ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដោយប្រហែលជាអាចមានអ្នកចូលរួមជាង១០ម៉ឺននាក់។ នេះជាអង្គមទ្ទិញធំរបស់គណបក្សកាន់អំណាច ដែលនឹងរៀបចំឡើងវិញ ក្រោយអាក់ខានអស់ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារការរាលដាលនៃជំងឺកូវីដ១៩ និងដោយសារដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសភូមា កាលពីឆ្នាំ២០២២កន្លងទៅ។

នៅអំឡុងខែមករាឆ្នាំ២០២៣នេះដែរ គណបក្សប្រជាជនកម្ពុជា ក៏នឹងរៀបចំអង្គសន្និបាតធំមួយ ដើម្បីរៀបចំពិនិត្យមើលលើស្ថានភាពនយោបាយ និងការគូសវាសផែនការសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។ លោក សុខ ឥសាន បញ្ជាក់ថា អង្គសន្និបាតរបស់គណបក្ស នឹងរៀបចំដាច់ដោយឡែកពីអង្គមន្ទិញ៧មករា ដោយអាចធ្វើឡើងនៅចុងខែមករា។

បើតាមលោក សុខ ឥសាន អង្គសន្និបាតនៅពេលខាងមុខ ក៏ជាបញ្ហាដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា​ ដើម្បីរកយុទ្ធសាស្ត្រឈានរកការដណ្តើមជ័យជំនះជាថ្មី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ឆ្នាំ២០២៣នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ