អានតួអត្ថបទ
កម្ពុជា-ច្បាប់់

WWF សាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីឱ្យបង្កើតតំបន់សុវត្ថិភាពសម្រាប់សត្វផ្សោត

 ​អង្គការ​មូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ WWF នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើតតំបន់សុវត្ថិភាពសម្រាប់សត្វផ្សោត។ លោកនាយករដ្ឋមន្ត្រីនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅ​ខេត្ត បានតាសតឿន និងបង្គាប់ឱ្យអាជ្ញាធរ​​បង្កើនការយកចិត្តទុក​ដាក់​​អភិរក្ស​សត្វ​​​ផ្សោត ទប់ស្កាត់ការនេសាទខុសច្បាប់។

សត្វផ្សោតត្រូវបាននេសាទខុសច្បាប់
សត្វផ្សោតត្រូវបាននេសាទខុសច្បាប់ © Eam Sam/ FIA_WWF
ផ្សាយពាណិជ្ជកម្ម

 

 

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាស់តឿន​​​​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និងក្រចេះឱ្យ​​បង្កើនការយកចិត្តទុក​ដាក់​​អភិរក្ស​សត្វ​​​ផ្សោត​ ដោយបានបង្គាប់ឱ្យ​បង្កើត​តំបន់ស្នូលអចិន្ត្រៃយ៍ ឬគំនូស​នៅតំបន់ដែលសត្វផ្សោត​រស់នៅ ក្នុងទន្លេមេគង្គ។ នេះបើតាមទំព័រហ៊្វេសបុកផ្លូវការរបស់អង្គការ WWF។

លោកនាយករដ្ឋមន្ត្រីនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន កាលពីថ្ងៃទី២ ខែមករា បានបង្គាប់ឱ្យក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រចេះ ធ្វើការទប់ស្កាត់កុំឱ្យមានករណីសត្វផ្សោតងាប់ដោយសារជាប់មងនេសាទ និងធ្វើយ៉ាងណាកុំឱ្យមានការរំខានដល់ការរស់នៅរបស់សត្វផ្សោតទាំងនោះតទៅទៀត។

លោកនាយករដ្ឋមន្ត្រីបានបន្តថា ត្រូវហាមការរាយមងជាដាច់ខាត នៅក្នុងតំបន់ស្នូលអចិន្ត្រៃយ៍ ដែលតំបន់នោះត្រូវមាន​គំនូស ដោយការរាយនិងបណ្ដែតពោងក្នុងទន្លេ ដើម្បីឱ្យប្រជាជនបានដឹងថាជាតំបន់ដែលមានផ្សោតរស់នៅ។

ជាមួយគ្នានេះអង្គការ WWF ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រួមមានដូចជា គណៈកម្មការគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  អង្គការ WWF ក៏បានត្រៀមសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីអភិរក្សសត្វផ្សោត។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ សត្វផ្សោតឈ្មោលមួយក្បាលដែលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ ដែលមានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម បានងាប់នៅក្បែរអន្លង់កោះដំបង ព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ហើយកាលពីថ្ងៃទី ២២ ខែធ្នូ សត្វផ្សោតអ៊ីរ៉ាវាឌីញីមួយក្បាលទៀតដែលមានអាយុចន្លោះពី៧-១០ឆ្នាំ ដែលមានប្រវែង១៩៣សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូក្រាម បានងាប់ក្នុងឃុំកោះទ្រង់ នៃខេត្តក្រចេះ។ និងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតញីមួយក្បាលដែលមានប្រវែង១៩៦សង់ទីម៉ែត្រ ទម្ងន់ប្រហែល៩៣គីឡូក្រាម បានងាប់នៅក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី នៃខេត្តក្រចេះ។ ករណីងាប់សត្វផ្សោតទាំងនេះ គឺដោយសារការជាប់មងនេសាទ​។ បើតាម​អង្គការ​ WWF នៅក្នុងឆ្នាំ២០២២ កន្លង​ទៅនេះ មានសត្វ​ផ្សោត​ចំនួន១០ក្បាលបានងាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ