អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនស្នើឱ្យរដ្ឋាភិបាលទទួលខុសត្រូវករណីឆេះកាស៊ីណូដែលបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន

គណបក្ស​ភ្លើងទៀន​ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​អគ្គីភ័យ​ឆាប​ឆេះ​កាស៊ីណូ​នៅ​ក្នុង​​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជិត២០នាក់​ និង​របួស​ជិត​១០០នាក់។​ បើ​តាម​គណបក្ស​ជំទាស់​ ករណី​នេះ​ជា​កំហុស​ដែល​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​ទាំង​ម្ចាស់​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ។ ​ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​វិញ​ថា ​អាជ្ញាធរ​កំពុង​មូរដៃ​អាវ​ចុះ​ដោះស្រាយ​ករណី​នេះ​ជា​បន្ត​បន្ទាប់​ ដោយ​មិន​មែន​ឈរ​ឱបដៃ​មើល​នោះទេ​។​ហើយ​ថា​ ការ​ទាមទា​ររបស់​បក្ស​ប្រឆាំង​នេះ ​គឺ​គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​រូបភាព​នយោបាយ​ប៉ុណ្ណោះ។​  

កាស៊ីណូហ្រ្គេនដាយមែនស៊ីធី នៅប៉ោយប៉ែត
កាស៊ីណូហ្រ្គេនដាយមែនស៊ីធី នៅប៉ោយប៉ែត © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយគណបក្សភ្លើងទៀនកាលពីថ្ងៃទី៣០ ខែធ្នូ បក្សប្រឆាំងដ៏លេចធ្លោមួយនេះបានចេញមកជំរុញឱ្យរដ្ឋាភិបាលបើកការស្រាវជ្រាវរកមូលហេតុដែលបណ្តាលឱ្យមានសោកនាកម្មស្លាប់បុគ្គលិកកាស៊ីណូហ្រ្គេនដាយមែនស៊ីធី និងកាស៊ីណូប៉ោយប៉ែតស៊ីធីប្រមាណជិត២០នាក់ និងរបួសកើនឡើងជិត១០០នាក់។ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាផ្តល់សំណង់ដល់ក្រុមគ្រួសារបុគ្គលិកដែលបានបាត់បង់ជីវិត ឬកំពុងបាត់ខ្លួនដែលមិនទាន់រកឃើញ រួមទាំងផ្តល់សំណងជូនបុគ្គលិកដែលរងរបួសឱ្យបានគ្រប់គ្នាជាបន្ទាន់។

បើតាម បក្សភ្លើងទៀន គ្រប់កន្លែងការងារត្រូវធានាបាននូវសុវត្ថិភាពដល់បុគ្គលិកគ្រប់រូប ហើយជាកាតព្វកិច្ចរបស់ម្ចាស់ក្រុមហ៊ុន និងអាជ្ញាធរត្រូវអនុវត្តវិធានការសុវត្ថិភាព ដើម្បីការពារដល់អាយុជីវិតរបស់បុគ្គលិក និងភ្ញៀវទាំងអស់នៅគ្រប់ហេតុការណ៍ដែលអាចកើតមានឡើង។ ហើយចំពោះការធ្វេសប្រហែសនេះ បក្សភ្លើងទៀនចាត់ទុកថា ជាកំហុសដែលមិនអាចអត់ឱនបានឡើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឆ្លើយតបមកវិទ្យុបារាំងអន្តរជាតិRFIថា ការទាមទាររបស់បក្សភ្លើងទៀន គឺដើម្បីតែផលប្រយោជន៍នយោបាយ និងបង្កើតរលកនយោបាយប៉ុណ្ណោះ ដោយគ្មានអ្វីចម្លែកនោះទេ។

ប៉ុន្តែសម្រាប់ហេតុការណ៍អគ្គីភ័យឆេះក្នុងក្រុងប៉ោយប៉ែតនេះ លោក ផៃ ស៊ីផានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលខុសត្រូវរួចស្រេចទៅហើយ ពោលគឺមានកងកម្លាំងសមត្ថកិច្ច និងថ្នាក់ដឹកនាំចុះទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ និងបានបញ្ចូនក្រុមជួយសង្គ្រោះធ្វើប្រតិបត្តិការជួយសង្គ្រោះផងដែរ ហើយរដ្ឋាភិបាលនឹងចាត់វិធានការច្បាប់ជាបន្តទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបន្តថា កម្ពុជាមានច្បាប់ស្តីពីការសាងសង់រួចហើយ។ ដូច្នេះការអនុវត្តលើបញ្ហាសុវត្ថិភាពនានានឹងបានកាន់តែល្អប្រសើរ។ ប៉ុន្តែចំពោះការឆ្លើយតបទៅលើឧបករណ៍សង្រ្គោះផ្នែកអគ្គិភ័យនោះវិញ លោកទទួលស្គាល់ថា កម្ពុជានៅមានកង្វះខាតច្រើន ខណៈកម្ពុជាកំពុងផ្តោតទៅលើវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចជាតិសិន។

ចំណែក លោក ស៊ន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ថា រដ្ឋាភិបាលហាក់មើលស្រាលស្ថានការណ៍ដូចករណីឆាបឆេះអគ្គិភ័យអគារកាស៊ីណូក្នុងក្រុងប៉ោយប៉ែតទៀតនេះណាស់ ព្រោះលោកមើលឃើញថា ក្រុមប្រតិបត្តិការជួយសង្គ្រោះគ្មានភាពរហ័សរហួនអ្វីទាល់សោះ ហើយលោកចង់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងច្បាប់អនុវត្តលើអគារដែលខ្ពស់គួរមានឧបករណ៍ការពារអគ្គិភ័យបានឱ្យគ្រប់គ្រាន់។ 

ជុំវិញរឿងនេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី៣០​ ខែធ្នូ ក៏បានឆ្លើយតបចំពោះបញ្ហានេះថា លោកនឹងពង្រឹងលើសុវត្ថិភាពផ្នែកអគ្គិភ័យនៅតាមអគារខ្ពស់ៗក្នុងប្រទេស​ ដោយលោកនឹងស្នើឱ្យម្ចាស់អគារខ្ពស់ៗទាំងស់ត្រូវមានឧបករណ៍សង្គ្រោះបឋម ឬឡានទឹកប្រចាំការមួយជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ