អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ហ៊ុន សែន​ ស្នើ​អភិបាល​ខេត្ត​ទាំង​អស់​យក​គំរូ​តាម​ការដោះស្រាយ​វិរាទដី​ធ្លី​ជូន​ពលរដ្ឋ​របស់​អភិបាល​ខេត្ត​កំពត

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​បានស្នើ​ឱ្យ​អភិបាល​ខេត្ត​គ្រប់​រូប​ទាំងអស់​គួរ​យក​គំរូ​តាម​អភិបាល​ខេត្ត​កំពត​ដែល​បាន​បង្កើត​វេទិកា​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​នៅក្រៅ​ប្រព័ន្ធ​តុលាការ។​ ការ​ស្នើបែប​នេះ ​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​កត់​សម្គាល់​ថា ​បញ្ហាវិវាទ​ដីធ្លី​ និង​បញ្ហា​ទំនាស់​ផ្សេងៗ​ទៀត​របស់​ពលរដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ក្នុង​ខេត្ត​កំពត​ ត្រូវ​បាន​លោក ​ម៉ៅ ធនិន​អភិបាល​ខេត្ត​កំពត​ចេញ​មុខ​ដោះស្រាយ​ស្ទើ​តែ​គ្រប់​បញ្ហា ​ដែលនេះ ​លោក​នាយករដ្ឋមន្ត្រី​ចាត់ទុកថា​ សកម្មភាព​បែប​នេះ នៅ​មិនទាន់​ឃើញ​អភិបាល​ខេត្ត​រូបណា​អង្គុយ​ទល់មុខ​ពលរដ្ឋ​ដោះស្រាយ​វិវាទ​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅឡើយ។​  

លោក ម៉ៅ ធនិនអភិបាលខេត្តកំពត
លោក ម៉ៅ ធនិនអភិបាលខេត្តកំពត © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខអភិបាលខេត្តកំពត និងអភិបាលខេត្តមួយចំនួនទៀតដែលមានវត្តមាននៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងខេត្តកំពត និងខេត្តកែប ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​សាទរទៅលើការដោះស្រាយទំនាស់រឿងក្តីក្តាំងក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត លោក​ម៉ៅ ធនិនជាមួយនឹងពលរដ្ឋមកគ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តផ្ទាល់។ ហើយទន្ទឹមនឹងការសាទរនេះ លោកនាយករដ្ឋមន្ត្រីក៏លើកទឹកឱ្យអភិបាលខេត្តកំពតរូបនេះបន្តបេសសកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅក្នុងខេត្តបន្តទៀត។  

ជាមួយគ្នាដែរនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ចង់ឃើញអភិបាលរាជធានី-ខេត្តទាំង២៥ គួររៀបចំវេទិកាសាធារណដើម្បីចេញមុខដោះស្រាយវិវាទដីធ្លី និងបញ្ហាទំនាស់នានារបស់ពលរដ្ឋនៅតាមបណ្តាខេត្តដែលខ្លួនគ្រប់គ្រងឱ្យមានប្រសិទ្ធភាព តម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា។ ហើយលោកបានស្នើឱ្យអភិបាលខេត្តទាំងអស់ត្រូវដោះស្រាយដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលំអៀងទៅភាគីណាមួយទាំងក្នុងទំនាស់តូចតាច ឬមួយករណីនោះធំក៏ដោយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណាយល់ថា ការជំរុញឱ្យអភិបាលខេត្តទាំងអស់បើកវេទិកាដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋ គឺជាការចង់បានពីសាធារណជននិងពីអង្គការសង្គមស៊ីវិលផង។ ប៉ុន្តែលោកថា ភាគច្រើនដែលអភិបាលខេត្តមួយរូប(កំពត)ដោះស្រាយនាពេលកន្លងមក គឺគ្រាន់តែជាជម្លោះដីធ្លីរវាងពលរដ្ឋនិងពលរដ្ឋ ឬជាមួយមន្ត្រីដែលមានឋានៈតូចទាបប៉ុណ្ណោះ ដោយលោកកម្រឃើញអភិបាលខេត្តរូបនោះដោះស្រាយបញ្ហាវិវាទដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាចណាស់។

តែយ៉ាងណា លោក សឹង សែនករុណាចាត់ទុកថា ការចេញមុខដោះស្រាយរបស់ថ្នាក់ខេត្តបែបនេះ គឺបានចូលរួមចំណែកកាត់បន្ថយជម្លោះដីធ្លីបានច្រើន ប៉ុន្តែលោកចង់ឃើញអភិបាលខេត្តគ្រប់រូបដោះស្រាយដោយមានតម្លាភាពប្រសិនបើករណីនោះ​មានជាប់ទាក់ទងនឹងក្រុមហ៊ុនមានអំណាចឈរកាងពីខាងក្រោយ ដែលលោកកត់សម្គាល់នាពេលកន្លងមកថា ភាគីអាជ្ញាធរតែងតែផ្អៀងជញ្ជីងម្ខាងទៅភាគីណាមួយដែលមានអំណាច។ 

ចំណែក លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានលើកឡើងថា លោកនៅមិនទាន់អាចវាយតម្លៃអំពីឆន្ទៈ និងលទ្ធភាពនៃការចេញមុខដោះស្រាយបញ្ហារបស់ពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការពីសំណាក់អភិបាលខេត្តផ្សេងទៀតបាននៅឡើយ។ ប៉ុន្តែ បើតាមការសង្កេតមើលដោយផ្ទាល់ លោកថាប្រសិនបើអភិបាលខេត្តទាំងនោះមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋមែន ម្ល៉ោះហើយមិនចាំដល់មេដឹកនាំស្នើឱ្យយកគំរូតាមអភិបាលខេត្តណាមួយនោះទេ។

តែយ៉ាងណា លោកនឹងនៅបន្តឃ្លាំមើលពីការអនុវត្ត និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់អភិបាលរាជធានីខេត្តទាំង២៥បន្តទៀត៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ