អានតួអត្ថបទ
កម្ពុជា-សង្គម

ឆេះ​អគារកាស៊ីណូ​នៅប៉ោយប៉ែត៖​ អ្នក​ស្លាប់​កើន​ជិត​២០នាក់ ​និងជិត​១០០នាក់​របួស

ករណី​អគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ​គិត​មក​ទល់នឹង​ពេលនេះ​មានអ្នក​ស្លាប់ជិត​ ២០នាក់ ​និង​របួស​ជិត ​១០០នាក់ ​ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅតែ​បន្ត​រុករក​ជនរងគ្រោះ​ដែល​បាន​បាត់ខ្លួន​នៅក្នុង​អគារកាស៊ីណូ​នេះ។​ ចំណែក​មូលហេតុ ​និង​ទំហំ​នៃការ​ខូតខាត​បណ្ដាល​មក​ពីឆេះអគារ​នេះ ​អាជ្ញាធរ​នៅមិន​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ។​

ករណីអគ្គីភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ករណីអគ្គីភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

អ្នកស្លាប់ដោយសារឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា គិតមកទល់ពេលនេះសាកសពដែលរកឃើញមានចំនួន ១២នាក់ និងរបួសជាច្រើនសិបនាក់ ខណៈការប៉ាន់ស្មានអាចមានអ្នកស្លាប់ដល់ ១៦នាក់។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែតនេះ ត្រូវបានពន្លត់ និងគ្រប់គ្រងបានទាំងស្រុងហើយ។

យ៉ាងណាមិញតួលេខអ្នកស្លាប់ដោយសារឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ដែលបញ្ជាក់ដោយលោកនាយករដ្ឋមន្រ្តីនេះ ហាក់ខុសគ្នាទៅនឹងសារព័ត៌មាននៅក្រៅស្រុក ពោលបើតាមសារព័ត៌មានថៃ ចំនួនអ្នកស្លាប់បានកើនដល់ ១៩នាក់ ហើយអ្នកស្លាប់នេះអាចនឹងមានកើនឡើងបន្ថែមទៀត។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ក៏មានជនជាតិថៃម្នាក់ផងដែរ ខណៈអ្នករបួសប្រមាណ ៥០នាក់បានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានអ្នករបួស ១៣នាក់មានសភាពធ្ងន់ធ្ងរ។

ទាក់ទិនទៅនឹងករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែតនេះដែរ បើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា ក្រុមរុករក និងសង្គ្រោះកម្ពុជា-ថៃ បានបន្តប្រតិបត្តិការជួយសង្រ្គោះ និងរុករកជនរងគ្រោះនៅក្នុងអគារដែលឆេះនេះបន្តទៀត។ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ករណីឆេះនេះ ជាករណីធ្ងន់ធ្ងរមិនធ្លាប់មានសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។

សូមបញ្ជាក់ថា ហេតុការណ៍ឆេះកាស៊ីណូនេះ បានកើតឡើងចាប់តាំងពីយប់ថ្ងៃទី២៨ខែធ្នូ និងបានបន្ដឆេះរហូតដល់ថ្ងៃទី៣០ខែធ្នូ ទើបអាចពន្លត់ភ្លើង និងគ្រប់គ្រងបានទាំងស្រុង ខណៈក្នុងនោះអគារចំនួន៣ រួមមាន៖ អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធីចំនួន២ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីចំនួនមួយ​បានរងការខូចខាតដោយសារភ្លើងឆេះ។ តែយ៉ាងណា អាជ្ញាមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការឆាបឆេះដែលបង្កជាការភ្ញាក់ផ្អើលខ្លាំងនេះនៅឡើយទេ ខណៈអ្នកធ្វើការរស់នៅក្នុងអគារដែលឆេះ មាន​ប្រមាណជាង ១ពាន់នាក់ឯណោះ។

បើតាមខ្សែវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនបង្ហាញថា មូលហេតុដែលមានអគ្គីភ័យឆាបឆេះនេះឡើង គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីប៉ាណូជាប់ពីដាន នៅអគារជាន់ក្រោម នៃកាស៊ីណូហ្ក្រេនដាយមិនស៊ីធីខាងត្បូង ហើយបន្ទាប់មក ក៏ឆាបឆេះរាលដាលដល់អគារកាស៊ីណូខាងជើងផ្លូវ និងបន្ទាប់មកក៏ឆេះរាលដាលអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិចបន្តទៀត។

នៅពេលដែលអគ្គិភ័យឆាបឆេះអគារហ្ក្រេនដាយមិនស៊ីធីដែលមានកម្ពស់១៧ជាន់នេះ បើតាមវីដេអូដដែល មានភ្ញៀវ និងបុគ្គលិកកាស៊ីណូដែលជាប់លើអគារ បានលោតចុះពីលើអគារ ដោយខ្លះបានស្លាប់ និងរបួស ហើយខ្លះទៀតត្រូវបានដឹកទៅកាន់មន្ទីរពេទ្យប្រទេសថៃ និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ