អានតួអត្ថបទ
កម្ពុជា-សង្គម

អគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែត៖ មកដល់ពេលនេះមានមនុស្ស១១នាក់ស្លាប់ និងជាង៥០នាក់របួស

អភិបាល​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា ​ករណី​អគ្គីភ័យ​ឆាប​ឆេះ​កាស៊ីណូ​មួយ​កន្លែង​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែត​គិត​មក​ទល់​ពេល​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១១នាក់​ និង​របួស​ជាង​៥០នាក់។​ បើ​តាម​អភិបាលក្រុង​ប៉ោយប៉ែត​ ក្រុម​ជួយ​សង្គ្រោះ​នៅ​បន្ត​រុករក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​អគារ​កាស៊ីណូ​ដដែល។​ តែ​យ៉ាង​ណា​ អាជ្ញាធរ​ ក៏​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ការ​ខូចខាត​ និង​ដើមចម​ដែល​បង្ក​ឱ្យ​កើត​មាន​ករណី​អគ្គីភ័យ​នេះ​នៅ​ឡើយ​ទេ។​

អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធី
អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធី AFP - LILLIAN SUWANRUMPHA
ផ្សាយពាណិជ្ជកម្ម

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រុមជួយសង្គ្រោះពីស្នងការខេត្តបន្ទាយមានជ័យ និងក្រុមការងារផ្សេងៗទៀតមកពីគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយនៅបន្តស្វែងរកជនរងគ្រោះបន្ថែមទៀត ខណៈអគារកាស៊ីណូដែលមានឈ្មោះហ្គ្រេនដាយម៉ិនស៊ីធី មានមនុស្សនៅខាងក្នុងប្រមាណ ១,៥០០នាក់ ក្នុងនោះ ៥០០នាក់ជាបុគ្គលិករបស់ការស៊ីណូផ្ទាល់។

ហេតុការណ៍ឆេះកាស៊ីណូនេះ បានកើតឡើងចាប់តាំងពីយប់ថ្ងៃទី២៨ ខែធ្នូ និងបានបន្ដឆេះរហូតដល់ថ្ងៃទី២៩ ខែធ្នូ ដែលបានធ្វើឱ្យខូចខាតនូវអគារចំនួន៣ រួមមាន៖ អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធីចំនួន២ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីចំនួនមួយ។

តែយ៉ាងណា អាជ្ញាមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការឆាបឆេះដែលបង្កជាការភ្ញាក់ផ្អើលខ្លាំងនេះ នៅឡើយទេ។  បើតាមខ្សែវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនបង្ហាញថា មូលហេតុដែលមានអគ្គីភ័យឆាបឆេះនេះឡើង គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីប៉ាណូជាប់ពីដាន នៅអគារជាន់ក្រោម នៃកាស៊ីណូហ្ក្រេនដាយមិនស៊ីធីខាងត្បូង ហើយបន្ទាប់មក ក៏ឆាបឆេះរាលដាលដល់អគារកាស៊ីណូខាងជើងផ្លូវ និងបន្ទាប់មកក៏ឆេះរាលដាលអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិចបន្តទៀត។

នៅពេលដែលអគ្គិភ័យឆាបឆេះអគារហ្ក្រេនដាយមិនស៊ីធីដែលមានកម្ពស់១៧ជាន់នេះ បើតាមវីដេអូដដែល មានភ្ញៀវ និងបុគ្គលិកកាស៊ីណូដែលជាប់លើអគារ បានលោតចុះពីលើអគារ ដោយខ្លះបានស្លាប់ និងរបួស ហើយខ្លះទៀតត្រូវបានដឹកទៅកាន់មន្ទីរពេទ្យប្រទេសថៃ និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ដោយឡែកក្នុងការជួយសង្គ្រោះវិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា មានក្រុមអ្នកជួយសង្គ្រោះនិង កម្លាំងជួយអន្តរាគមន៍ជិត១ពាន់នាក់ រួមមានកម្លាំងទាំងបីស្ថាប័នរបស់កម្ពុជា និងកម្លាំងភាគីថៃ ទាហ៊ានឈុតខ្មៅ និងក្រុមសង្គ្រោះកម្ពុជា-ថៃ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ដោយប្រើប្រាស់ទឹកមិនតិចជាងរយឡាន និងរថយន្តសង្គ្រោះជាង២០គ្រឿងនោះទេ។

ជុំវិញករណីឆាបឆេះកាស៊ីណូនៅចំកណ្តាលក្រុងប៉ោយប៉ែតនេះ បើតាមសារព័ត៌មានក្រៅស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងពីចំនួនដែលអាជ្ញាធរកម្ពុជារាយការណ៍ចុងក្រោយ ពោលបើតាមសារព័ត៌មានថៃ អ្នកស្លាប់បានកើនឡើងយ៉ាងហោចណាស់១៦នាក់ និងរបួសជិត៦០នាក់។ ក្នុងនោះ មានជនជាតិថៃម្នាក់បានស្លាប់ក្នុងហេតុការណ៍នេះដែរ។

គួរជម្រាបជូនថា កាស៊ីណូហ្គ្រេនដាយម៉ិនស៊ីធី និង កាស៊ីណូប៉ោយប៉ែតស៊ីធីមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១  សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពោលគឺមានចម្ងាយប្រមាណ១០០ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះការដឹកទំនិញរបស់រថយន្ត ខណៈអ្នកដំណើរថ្មើជើង អាចចេញចូលតាមផ្លូវខាងខ្លោងទ្វារដើមពុទ្ធ្រាជំនួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ