អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខុមហ្វ្រែល​៖ រដ្ឋសភា​អាណត្តិ​ទី៦​ ជា​រដ្ឋសភា​អសកម្ម​  មិន​សូវ​បាន​លើក​បញ្ហា​ពលរដ្ឋ​សួរ​នាំ​រដ្ឋាភិបាល

អង្គការ​ខុមហ្វ្រែល ​នៅថ្ងៃព្រហស្បតិ៍​នេះ ​បាន​បើក​កិច្ចពិភាក្សា​លើ​របាយ​សង្ខេប​បឋម​ ស្តីពីការ​សង្កេត​រដ្ឋសភា ​និង​តំណាង​រាស្ត្រ​ នីតិកាលទី៦​ ដែល​ហៀប​នឹង​អស់​អាណត្តិ។ ​សម្រាប់​អាណត្តិទី៦​ អង្គការ​ខុមហ្វ្រែល​រក​ឃើញ​ថា​ រដ្ឋសភា​ និង​តំណាង​រាស្ត្រ​ អាណត្តិនេះ ​មិន​មាន​ភាព​សកម្ម​ក្នុង​ការ​នាំយក​បញ្ហា​ពលរដ្ឋ​ទៅសួរ​នាំ​ឲ្យរដ្ឋាភិបាល។​

កិច្ចពិភាក្សាលើរបាយសង្ខេបបឋម ស្តីពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រ នីតិកាលទី៦
កិច្ចពិភាក្សាលើរបាយសង្ខេបបឋម ស្តីពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រ នីតិកាលទី៦ © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការសង្ខេបចំនួន១២ទំព័រ អង្គការខុមហ្វ្រែលបានកត់សម្គាល់ថា នៅអាណត្តិទី៦នេះ រដ្ឋសភាបានបើកកិច្ចប្រជុំចំនួន៤០លើក ដោយអនុម័តបាន១២៥របៀបវារ:។ ក៏ប៉ុន្តែក្នុង១២៥របៀបវារ: គឺរដ្ឋសភាធ្លាប់កោះហៅរដ្ឋមន្ត្រីតែមួយរូបប៉ុណ្ណោះ គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីមកឆ្លើយបំភ្លឺ ដែលការណ៍នេះតិចជាងរដ្ឋសភាអាណត្តិទី៥ ដែលមានចំនួនពីរដង។

នៅរាល់កិច្ចប្រជុំនៃរដ្ឋសភា នាអាណត្តិទី៦ ខុមហ្វ្រែលសង្កេតឃើញថា ការបង្ហាញជំហគាំទ្ររបស់តំណាងរាស្ត្រ ទៅលើការស្នើសេចក្តីព្រាងច្បាប់អ្វីមួយ មានការកើនឡើង បើធៀបទៅនឹងអាណត្តិទី៥ ដែលមានការបង្ហាញជំហរជំទាស់ និងអព្យាក្រឹត មានចំនួនច្រើន នាគ្រាដែលរដ្ឋសភាអាណត្តិទី៥កន្លង មានកៅអីគណបក្សប្រឆាំង។

ដោយឡែក ការអង្កេតលើតួនាទីតំណាងរាស្ត្រវិញ ខុមហ្វ្រែលបានបង្ហាញថា  មានតំណាងរាស្ត្រចំនួន១២៣រូបបានចុះតាមមូលដ្ឋានចំនួន ៤៤៦៧លើក ក្នុងចន្លោះខែកញ្ញា២០១៨ ដល់ខែសីហា២០២២។ តែទោះជាតំណាងរាស្ត្រទាំងនោះបានចុះមូលដ្ឋាន អង្កេតបញ្ហាពលរដ្ឋក្តី ក៏សំណើប្រជាពលរដ្ឋមិនត្រូវបានលើកទៅសួរនាំរដ្ឋាភិបាលនៅក្នុងរដ្ឋសភា ព្រមទាំងមិនមានរបាយការណ៍ដាក់ចូលរដ្ឋសភា ដើម្បីជជែកដេញដោល។

សម្រាប់ខុមហ្វ្រែល រដ្ឋសភាអាណត្តិទី៦ បាននាំឲ្យប្រព័ន្ធសភានិយម និងប្រជាធិបតេយ្យកម្ពុជា មានការធ្លាក់ចុះ បើធបទៅនឹងរដ្ឋាសភាអាណត្តិទី៥ ដែលមានតំណាងរាស្ត្រពហុបក្ស។

នៅក្និងកិច្ចពិភាក្សាជជែកដេញដោលអំពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រអាណត្តិទី៦ មានការជជែកដេញថោលច្រើន ពីសំណាក់បណ្តាអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល។ អ្វីជាមតិរបស់បណ្តាអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ទៅលើភាពអសកម្មរបស់រដ្ឋសភាពេកនេះ ព្រោះជារដ្ឋសភាឯកបក្ស ដែលអាសន:ទាំង១២៥កៅអី ជារបស់គណបក្សប្រជាជនកម្ពុជា។

អ្វីជាកត់សម្កាល់ផងនោះ គឺការជជែកពេលនេះ មិនមានវត្តមានតំណាងរបស់រដ្ឋសភា និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយខាងខុមហ្វ្រែលបញ្ជាក់ មិនទទួលបានការឆ្លើយតប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ