អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ​WWF​ ទាញ​សញ្ញា​អាសន្ន​ ក្រោយ​សត្វ​ផ្សោត​៣ក្បាល​បាន​ស្លាប់​ពីការ​នេសាទ​ខុស​ច្បាប់​ ត្រឹមរយៈពេល​១សប្តាហ៍

អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​កម្ពុជា ​ឬហៅថា ​WWF​ បាន​រាយការណ៍​ថា ​ត្រឹម​រយៈពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​ជិត​ផុត​ពូជ​ចំនួន​៣ក្បាល​បាន​ស្លាប់​ក្រោម​សកម្មភាព​នេសាទ​ខុស​ច្បាប់​នៅតំបន់​អភិរក្ស​សត្វ​ផ្សោត​ក្នុង​ខេត្តក្រចេះ។ ​ក្រោយ​ករណី​ស្លាប់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ជាបន្ត​បន្ទាប់​បែប​នេះ ​អង្គការ​WWF​បាន​ទាញ​សញ្ញាប្រកាស​អាសន្ន​ថា​ សត្វ​ផ្សោត​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​កាន់​ខ្លាំង​នាពេល​បច្ចុប្បន្ន​ និង​អាច​ផុតពូជ​ទាំង​ស្រុង​នាពេល​ដ៏ចាប់​ខាង​មុខ​នេះ ​ប្រសិន​បើ​ករណី​នេសាទ​ខុស​ច្បាប់​នៅតែបន្ត​កើត​មាន​ ហើយ​គ្មាន​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង។​

សត្វផ្សោតទន្លេមេគង្គដែលជិតផុតពូជចំនួន៣ក្បាលបានស្លាប់ក្រោមសកម្មភាពនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ
សត្វផ្សោតទន្លេមេគង្គដែលជិតផុតពូជចំនួន៣ក្បាលបានស្លាប់ក្រោមសកម្មភាពនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ © Eam Sam/ FIA_WWF
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អង្គការWWF-Cambodia បានរៀបរាប់ថា កាលពីថ្ងៃទី១៥ ខែធ្នូ សត្វផ្សោតឈ្មោលមួយក្បាលដែលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ និងមានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាមបានស្លាប់នៅក្បែរអន្លង់កោះដំបងដែលជាទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ហើយក្រោយមកនៅថ្ងៃទី ២២ ខែធ្នូ សត្វផ្សោតអ៊ីរ៉ាវាឌីញីមួយក្បាលទៀតដែលមានអាយុចន្លោះពី៧ទៅ១០ឆ្នាំ និងមានប្រវែង១៩៣សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូ ត្រូវបានពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកក្នុងឃុំកោះទ្រង់ នៃខេត្តក្រចេះ។ និងនាពេលថ្មីនេះ គឺនៅថ្ងៃទី២៤ ខែធ្នូ សត្វផ្សោតញីមួយក្បាលដែលមានប្រវែង១៩៦សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល៩៣គីឡូក្រាម បានស្លាប់នៅក្បែរតំបន់កោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី នៃខេត្តក្រចេះ។

បើតាមអង្គការ​WWF សត្វផ្សោតទន្លេមេគង្គដែលស្លាប់ទាំង៣នេះ ត្រូវបានក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជនផលខេត្តក្រចេះ និងអង្គការWWFផ្ទាល់រកឃើញថា សត្វផ្សោតខ្លះស្លាប់ដោយសារតែការជាប់នឹងមងនេសាទ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ហើយផ្សោតខ្លះទៀតបានស្លាប់ដោយសារការជាប់សរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់ពួកវាផង។

នាយកអង្គការWWFកម្ពុជា លោក សេង ទៀកចាត់ទុកថា ការបាត់បង់ជីវិតនៃសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ក្រោមសកម្មភាពចេញនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនានា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតូចស្រាប់។

លោកថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតឈានដល់ការផុតពូជទាំងស្រុងនាពេលខាងមុខ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីសកម្មភាពខុសច្បាប់ទាំងអស់នោះទេ។ ជាវិធានការ នាយកអង្គការWWF រូបនេះ​ស្នើឱ្យអាជ្ញាធរបង្កើនវត្តមាន មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ឱ្យចុះល្បាត២៤ម៉ោងក្នុងមួយថ្ងៃ នៅក្នុងតំបន់សត្វផ្សោតទាំងអស់។ ហើយលើសពីការល្បាត អាជ្ញាធរត្រូវដាក់ពិន័យឱ្យធ្ងន់ធ្ងរដល់ជនល្មើសដែលនេសាទខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀតក្នុងតំបន់អភិរក្សសត្វផ្សោត។

ទន្ទឹមនឹងការស្លាប់សត្វផ្សោតទន្លេមេគង្គនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបង្ហាញការសោកស្តាយ និងអំពាវនាវឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ខណៈរដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ដែលត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ ពីព្រោះនៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។

សូមជម្រាបថា បច្ចុប្បន្ននេះសត្វផ្សោតដែលកំពុងរស់នៅក្នុងតំបន់អភិរក្សរវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងមានសរុបចំនួន ៨៩ក្បាល។ ក្នុងនោះសត្វផ្សោតដែលបានស្លាប់គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះមានចំនួន១១ក្បាល និងសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ សត្វផ្សោតត្រូវបានចាត់ទុកថា ជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​ប្រទេស​កម្ពុជា និងជាធនធានជីវៈចម្រុះមួយដែលស្ថិតក្នុងបញ្ជីនៃតម្លៃដ៏វិសេសវិសាលនៃតំបន់ដងទន្លេមេគង្គដែលក្រសួងបរិស្ថានកំពុងរៀបចំឯកសារដាក់ស្នើចូលក្នុងបញ្ជីត្រៀមសម្រាប់បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ