អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលខេត្តសៀមរាប ប្រាប់អ្នកជួបជុំនៅដីចម្ការត្រូវតែបំបែកហ្វូង ក្រោយវិធានការកន្លងមកគ្មានការស្តាប់បង្គាប់

លោក​ ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប​ បាន​ដាក់​បទ​បញ្ជា​ជា​ថ្មី​ ឲ្យ​អ្នក​ជួបជុំ​នៅ​ដី​ចម្ការ​របស់​លោក​ ខឹម វាសនា​ ត្រូវ​តែ​បំបែក​ការ​ជួបជុំ​ និង​ត្រលប់​ទៅ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន។​ នេះ​បើតាម​លិខិត​របស់​លោក​ ទៀ សីហា ​នៅ​ថ្ងៃ​ទី២០​ធ្នូ។​ បទ​បញ្ជា​ជា​ថ្មី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជួបជុំ​នៅ​ដី​ចម្ការ​របស់​ប្រមុខ​គណបក្ស​ LDP​ នៅ​មិន​ទាន់​រំសាយ​ទាំង​ស្រុង​ តាំង​ពី​ចុង​ខែ​សីហា ​មក។​

ការជួបជុំរបស់ពលរដ្ឋនៅចំការលោក ខឹម វាសនា
ការជួបជុំរបស់ពលរដ្ឋនៅចំការលោក ខឹម វាសនា © Internet
ផ្សាយពាណិជ្ជកម្ម

មានរយៈពេលជិត៤ខែទៅហើយ ដែលការជួបជុំនៅដីចម្ការលោក ខឹម វាសនា នៅខេត្តសៀមរាប មិនទាន់មានការរំសាយទាំងស្រុង ទោះបីជាអាជ្ញាធរខេត្តធ្លាប់ព្រមានប្រើប្រាស់វិធានការច្បាប់ក៏ដោយ។ នៅចំពោះមុខនៃបញ្ហានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្ញើលិខិតទៅកាន់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវតែពិនិត្យ និងកំណត់គោលបំណងឲ្យបានច្បាស់លាស់ នូវការជួបជុំប្រជាពលរដ្ឋនៅក្នុងចម្ការម្រេចនោះ។

បើតាមលិខិតរបស់អភិបាលខេត្ត គឺ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់វិលទៅផ្ទះសម្បែងរៀងខ្លួនវិញ ព្រោះការជួបជុំកន្លងមកនេះ ពុំមានការអនុញ្ញាតពីអាជ្ញាធរនោះឡើយ។

យ៉ាងណាមិញ បទបញ្ជារបស់អភិបាលខេត្តពេលនេះ ត្រូវបានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា អាជ្ញាធរកំពុងក្តៅក្រហាយនឹងការជួបជុំរបស់អ្នកគាំទ្រ LDP។ បើតាលោក ខឹម វាសនា គឺអាជ្ញាធរកំពុងគិតរកវិធី ដើម្បីចាប់កំហុសក្រុមពួកលោក។

សូមជម្រាបថា ការជួបជុំនៅដីចម្ការរបស់លោក ខឹម វាសនា បានធ្វើឡើងតាំងពីចុងខែសីហា ក្រោយតែប្រមុខបក្ស LDP បានលើកឡើងថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយអំពាវនាវឲ្យអ្នកដែលគាំទ្រខ្លួនវិលមកជុំគ្នានៅលើដីចម្ការរបស់លោក​នៅក្នុងខេត្តសៀមរាប​ទើបអាចរួចផុតពីគ្រោះមហន្តរាយ។ យ៉ាងហោចណាស់ មានអ្នកគាំទ្រប្រមាណជាង១ម៉ឺននាក់ រួមទាំងពលករខ្មែរមកពីក្រៅប្រទេសមួយចំនួន ក៏មកផ្តុំគ្នានៅដីចម្ការ តាមការប្រកាសរបស់លោក ខឹម វាសនា។

ភ្លាមៗ អាជ្ញាធរខេត្តបានព្រមានពីការប្រើប្រាស់វិធានការច្បាប់ ក៏ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាកុំឲ្យធ្វើសកម្មភាព។ លោក ហ៊ុន សែន បញ្ជាក់ថាអ្វីដែលលោក ខឹម វាសនា ចង់បានគឺការចាប់បង្ខំឲ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំង ផ្ទេរពីអបិយជំនឿរទៅជារឿងនយោបាយ ដោយបំបែកការជួបជុំ ហើយចាប់ខ្លួនលោក ខឹម វាសនា ដែលត្រង់នេះលោកប្រាប់មិនឲ្យអាជ្ញាធរចូលអន្ទាក់លោក ខឹម វាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ