អានតួអត្ថបទ
កម្ពុជា-សង្គម

សមាជិក​ក្រុមស្រ្តី​ថ្ងៃសុក្រ​ម្នាក់​ទទួល​មរណៈភាព​ក្រោយ​ត្រឡប់​ពី​សួរទុក្ខ​ប្ដី​ជាប់​ឃុំនៅ​ត្រពាំងផ្លុង

សមាជិក​នៃក្រុមស្រ្តី​ថ្ងៃសុក្រ​ម្នាក់​ទទួល​មរណៈភាព​ នៅថ្ងៃទី​២០​ខែធ្នូ​ក្រោយ​ត្រឡប់​ពីសួរទុក្ខ​ប្ដី​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ ត្រពាំងផ្លុង​ ខេត្តត្បូងឃ្មុំ។ ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​បាន​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី២១ធ្នូ​នេះថា ​អ្នក​ស្រី ​សោម ចន្ធូ​ ដែល​មាន​អាយុជាង៥០ឆ្នាំ​ទទួល​មរណៈ​ដោយសារ​កត្តា​ពីរ​រួមបញ្ចូលគ្នា​វិបត្តិ​ផ្លូវ​ចិត្ត​ព្រោះគិត​លើ​សំណុំ​រឿង​របស់​ប្ដី​កំពុង​ជាប់​ឃុំ ​ខណៈ​អ្នកស្រី​កំពុង​រួម​រឹត​ដោយ​ជំងឺប្រចាំ​កាយ​ស្រាប់។​

សកម្មភាពក្រុមស្ត្រីថ្ងៃសុក្រ (រូបតំណង)
សកម្មភាពក្រុមស្ត្រីថ្ងៃសុក្រ (រូបតំណង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក សុខ ចំរើន កូនប្រុសអ្នកស្រីសោម ចន្ធូ បានឲ្យដឹងថា នៅថ្ងៃទី២១ធ្នូនេះថា ពីរថ្ងៃក្រោយត្រឡប់ពីសុខទុក្ខលោក សុខ ចន្ថា ដែលត្រូវជាប្ដីនិងឱពុករួចមក អ្នកស្រី សោម ចន្ធូ ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺដោយជំងឺប្រចាំកាយទឹកនោមផ្អែមធ្វើទុក និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមដែរ តែបេះដូងលែងដំណើរការ។  លោក សុខ ចំរើន កត់សម្គាល់ទៀតថា មរណៈភាពរបស់ម្ដាយរួមរឹតដោយវិបត្តិផ្លូវចិត្តទៅជាមួយដែរ។ វិបត្តិផ្លូវចិត្តដែលគិតលើសេដ្ឋកិច្ចក្នុងគ្រួសារនិងមិនដឹងថា ថ្ងៃណាលោក សុខ ចន្ថា ដែលត្រូវជាប្ដីត្រូវបានដោះលែងឲ្យមានសេរីភាព។

នៅចំពោះមុខទុក្ខសោកនេះ លោក សុខ ចំរើន បានថ្លែងទាំងអួលដើមកសុំឲ្យដោះលែងឱពុកដើម្បីមកធ្វើជាបង្គោលគ្រួសារបន្ទាប់ពីការចាកចេញរបស់ម្ដាយ។ ប្រសិនបើឱពុកមិនត្រូវបានដោះលែងវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារនឹងកើតឡើង។ បើតាមលោក សុខ ចំរើន លោក សុខ ចន្ថា មិនទាន់បានដឹងពីមរណៈភាពប្រពន្ធឡើយ ទោះជាដឹងក៏ទំនងជាមិនអាចទទួលបានការអនុគ្រោះដើម្បីមកចូលរួមបុណ្យសពប្រពន្ធបានដែរ។  

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ ចាត់ទុកមរណៈភាពអ្នកស្រី សោម ចន្ធូ ជារឿងគួរឲ្យអាណិតអាសូរសម្រាប់ក្រុមគ្រួសារអ្នកស្រីដែលម្ដាយស្លាប់ ឱពុកជាប់ឃុំ។ លោក អំ សំអាត បានមើលឃើញការលះបង់យ៉ាងធំធេងរបស់អ្នកស្រី សោម ចន្ធូ ​ ដើម្បីឲ្យមានការដោះលែងប្ដី។ ម្ល៉ោះហើយឲ្យអ្នកនយោបាយថ្នាក់កំពូលគួរដល់ពេលគិតគូផ្ដល់ជីវិតឲ្យវប្បធម៌សន្ទនារស់ឡើងវិញដើម្បីប្រយោជន៍ពលរដ្ឋ និងអ្នកគាំទ្រដែលគ្នាកំពុងរងគ្រោះ។ ចំពោះករណី លោក សុខ ចន្ថា លោក អំ សំអាត យល់ថា គួរមានករណីលើកលែងឬបន្ធូរបន្ថយទោសដើម្បីឲ្យលោកមានឱកាសមកគ្រប់គ្រងគ្រួសារវិញបន្ទាប់ពីមរណៈភាពរបស់ប្រពន្ធ។

រៀងរាល់ថ្ងៃសុក្រអ្នកស្រី សោម ចន្ធូ និងស្ត្រីឯទៀតចេញទាមទារឲ្យមានការដោះលែងប្ដីនិងបានដាក់ញត្តិទៅស្ថាប័ននានានិងបណ្ដាទូតក្នុងរាជធានីភ្នំពេញ។ គ្រាមួយក្រុមស្ត្រីទាំងនោះបានប្រាប់អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិថា «ជីវភាព​គ្រួសារ​របស់​ពួកគេកាន់​តែ​ខ្សត់​ទៅៗ ក្រោយ​ស្វាមី​ដែល​ជា​ចន្ទល់​គ្រួសារ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំ» ខណៈ​ការ​គំរាម​កំហែង​ដល់​ផ្លូវចិត្ត​ក៏កាន់​តែ​ខ្លាំង​ថែម​ទៀត។

សកម្មភាពក្រុមស្ត្រីថ្ងៃសុក្រកើតមាន ​​បន្ទាប់​​​ពី​​តុលាការ​កម្ពុជា​​បាន​កាត់​ទោសនិង​​ឃុំខ្លួនស្វាមីរបស់ពួកគេឱ្យជាប់ពន្ធនាគារចន្លោះ​ពី​៣ទៅ៧​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់​ព័ន្ធ​នឹងព្រឹត្តិ​ការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ