អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងសុខាភិបាលសម្រេចដកហូតអាជ្ញាប័ណ្ឌគ្លីនិក«ដើមអង្គ្រង» ក្រោយវះកាត់ខុសបច្ចេកទេស

ក្រសួង​សុខាភិបាល​នៅថ្ងៃទី​០៨​ ខែ​ធ្នូនេះ ​បានសម្រេច​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឲ្យ​បើកមន្ទីរ​សំរាកព្យាបាល​ឯកជន​ឈ្មោះ«​ដើមអង្គ្រង»​ ស្ថិតនៅ​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែលមាន​លោកស្រី​វេជ្ជបណ្ឌិត ​សួស ច័ន្ទរស្មី ​ជាអ្នក​ទទួល​ខុសត្រូវ។ ការបិទ​គ្លីនិក ​ដើមអង្គ្រង​នេះ ត្រូវ​ក្រសួង​សុខាភិបាល​រកឃើញថា​គ្លីនិក​នេះ ​បានប្រព្រឹត្ត​កំហុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល និង​ប្រាប់ឲ្យ​ម្ចាស់គ្លីនិក ​និងគ្រូពេទ្យ​ដែលគ្មានជំនាញ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ 

មន្ទីរសំរាកព្យាបាលឯកជនឈ្មោះ«ដើមអង្គ្រង» ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ
មន្ទីរសំរាកព្យាបាលឯកជនឈ្មោះ«ដើមអង្គ្រង» ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ © FB
ផ្សាយពាណិជ្ជកម្ម

ជាងមួយសប្តាហ៍បន្ទាប់ពីផ្ទុះហេតុការណ៍ពេទ្យឆ្មបនៅមន្ទីរសម្រាកព្យាបាលឯកជន«ដើមអង្គ្រង» នៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើការខុសបច្ចេកទេសដោយមានការផ្សព្វផ្សាយថាច្រលំកាត់ពោះវៀនម្តាយ ថាជាទងសុកទារក ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មវិស័យសុខាភិបាលចាប់ពីពេលនេះទៅ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល គ្លីនិកដើមអង្គ្រងបានប្រើប្រាស់បុគ្គលិកផ្សេងដែលគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ លិខិតដែលចុះហត្ថលេខាដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

បញ្ហាដ៏គួរឲ្យសោកស្តាយនេះ ត្រូវបានមហាជនរិះគន់យ៉ាងផុលផុសជាពិសេសលើបណ្តាញសង្គមថារឿងនេះជាផ្នែកមួយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៃវិស័យសុខាភិបាល និងទាមទារឲ្យមានការទទួលខុសត្រូវពីម្ចាស់គ្លីនិក និងអ្នកប្រព្រឹត្ត។ ទោះយ៉ាងណាក្រសួងសុខាភិបាលបានប្រកាសផ្អាកសកម្មភាពគ្លីនិកដើមអង្គ្រងភ្លាមៗ បន្ទាប់ពីទទួលដំណឹង ព្រមទាំងបើកការសង្កេតមិនបង្អង់យូរផងដែរ។

សូមរំលឹកថា ស្ត្រីអាយុ ២២ឆ្នាំ ជាកម្មការិនីកាត់ដេរ មានអសយដ្ឋាននៅខេត្តកណ្ដាល បានចូលទៅសម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ហើយបានចេញទៅផ្ទះ។

ក៏ប៉ុន្តែនៅថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ ស្ត្រីអ្នកជំងឺបានទៅគ្លីនិកដដែលម្ដងទៀត ដោយមានសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅមន្ទីរពេទ្យភ្នំពេញ។ មកទល់ពេលនេះ ស្ថានភាពសុខភាពរបស់ស្តី្រអ្នកជំងឺ នៅមិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យយ៉ាងណានៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ