អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការសង់ត្រាល់បដិសេធការចោទរបស់សហជីពមាននិន្នាការរដ្ឋាភិបាលរឿងអូសទាញសមាជិក

អង្គការសង់ត្រាល់ CENTRAL​ បាន​បដិសេធ​ថា ​គ្មានមន្រ្តី​របស់​ខ្លួន​ទៅដើរ​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​របស់​សហជីព​មួយ​ណានោះទេ។ ​ការបដិសេធ​​នេះ ធ្វើឡើងបន្ទាប់ពីសហភាពសហជីព និងសហព័ន្ធសហជីពមាននិន្នាការរដ្ឋាភិបាលមួយចំនួន បានសរសេរលិខិតកាលពីថ្ងៃទី២៨វិច្ឆិកា ដោយចោទប្រកាន់ថា មានមន្រ្តីនៃអង្គការសង់ត្រាល់ បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះ​ញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់គេ។ 

ចលនាកម្មករនិយោជិត (រូបតំណាង)
ចលនាកម្មករនិយោជិត (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

ក្រោយពីមានការចោទប្រកាន់ថាមានមន្ត្រីរបស់អង្គការសង់ត្រាល់ បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានបញ្ជាក់ថា គោលការណ៍របស់អង្គការសង់ត្រាល់ មិនមានការបំបែកសម្លេងរបស់កម្មករនោះទេ មានតែលើកទឹកចិត្តឲ្យកម្មករចេះសាមគ្គីគ្នា និងរួមគ្នាបង្កើតសហជីពដោយខ្លួនឯង ដើម្បីធ្វើការចរចាដោយ​សន្តិវិធីជា​មួយភាគីពាក់ព័ន្ធ ក្នុងកែលម្អការងាររបស់ពួកគេដែលធ្វើការនៅទីនោះ នេះជាគោលការណ៍របស់សង់ត្រាល់។

មេដឹកនាំអង្គការសង់ត្រាល់រូបនេះ បានអះអាងថា អង្គការសង់ត្រាល់មានស្ថាប័នដៃគូមួយចំនួនដែលជាសហជីពក្នុងការធ្វើកិច្ចការងារជាមួយគ្នា ដោយឡែកសហជីពដែលដាក់លិខិតមកសល់ត្រាល់ ដោយចោទថា មានមន្ត្រីរបស់អង្គការសង់ត្រាល់បានដើរអូសទាញតំណាងសហជីពមូលដ្ឋានរបស់ពួកគេ មិនមែនជាដៃគូធ្វើកិច្ចការ​ងារជាមួយនឹងអង្គការសង់ត្រាល់ឡើយ។ បើតាមលោក មឿន តុលា ការចោទប្រកាន់ថាមន្ត្រីអង្គការសង់ត្រាល់ដើរអូសទាញតំណាងសហជីពមូលដ្ឋានរបស់ពួកគេ គឺជាការចោទប្រកាន់មួយមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានច្បាស់លាស់។

សូមបញ្ជាក់ថា ការបដិសេធរបស់លោក មឿន តុលានេះ បន្ទាប់ពីសហភាពសហជីព និងសហព័ន្ធសហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល បានដាក់លិខិតទៅលោក ដោយសម្តែងការខកចិត្តជាខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និង​ពិនិត្យឃើញជាក់ស្តែងជាបន្តបន្ទាប់ថា បុគ្គលដែលបានតាំងខ្លួនជាមន្ត្រីរបស់អង្គការសង់ត្រាល់ ​កំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់គេ ឲ្យទៅចូលរួមក្នុង​កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា របស់អង្គការសង់ត្រាល់ ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

សហភាពសហជីព និងសហព័ន្ធសហជីព ពួកគេចាត់ទុកថា សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឲ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត និងធ្វើឲ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់គ្នា ដែល​ជាយ​ថាហេតុធ្វើឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោ​ជិតនៅកម្ពុជា។ លើសពីសកម្មភាពទាំងនេះគឺផ្ទុយទៅនឹងគោលការណ៍ទូទៅនឹងការលើកកម្ពស់ចលនា​​កម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភច្បាប់ជាធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ