អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀន៖ ការចាប់ខ្លួនមេដឹកនាំសហជីពណាហ្គាគឺជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញ

គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានអំពាវនាវឲ្យមានការដោះលែង និងចាត់ទុកការចាប់ខ្លួនប្រធានសហជីពកម្មករណាហ្គាវើលដ៏ជាថ្មី គឺជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញមកលើក្រុមកម្មករក្រុមហ៊ុនល្បែងកាស៊ីណូណាហ្គាវើលដ៏។ ការលើកឡើងរបស់គណបក្សប្រឆាំងពេលនេះ គឺបន្ថែមពីលើការព្រួយបារម្ភរបស់ក្រុមសង្គមស៊ីវិលកាលពីម្សិលមិញ ដែលបានចាត់ទុកការចាប់ខ្លួននេះ គឺ​ជា​ការ​បំភិត​បំភ័យ​លើ​មេ​ដឹកនាំ​សហជីព​ និង​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើ​កូដកម្មតវ៉ាទាមទាររកដំណោះស្រាយការងារ។

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លើងទៀនបានចាត់ទុកការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពកម្មករណាហ្គាវើលដ៏ គឺជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចំពោះការតស៊ូមតិនៃក្រុមកម្មករក្រុមហ៊ុនល្បែងកាស៊ីណូណាហ្គាវើលដ៏ និងជាការរំលោភសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនអាចប្រកែកបាន និងត្រូវបញ្ឈប់ជាបន្ទាន់។ គណបក្សភ្លើងទៀនក៏បានអំពាវនាវជាថ្មីទៀតឲ្យមានការដោះលែងរាល់កម្មជនការពារសិទ្ធិកម្មករ សកម្មជនសិទ្ធិមនុស្ស សកម្ម​​ជននយោ​បាយជាដើម ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងដើម្បីភាពសុខសាន្ត​នៃពលរដ្ឋខ្មែរទាំងមូល។

ទាក់ទងករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីម្ដងទៀតនេះផងដែរ សង្គមស៊ីវិល បានជំរុញឲ្យតុលាការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ពួកគេបានចាត់ទុកការចាប់ខ្លួននេះ គឺជាការគំរាមកំហែងសិទ្ធិសេរីភាពសហជីព និងជាសារព្រមានដល់ក្រុមកូដករណាហ្គាវើលដ៍មិនឲ្យចេញតវ៉ាទាមទារសិទ្ធិការងារដែលធានាដោយច្បាប់។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ហាក់ដូចជាការគំរាមកំហែង និងបំភិតបំភ័យបន្ថែមទៀតទៅលើមេដឹកនាំសហជីពណាហ្គាវើលដ៍។ លោកបន្ថែមថា ការចាប់ខ្លួននេះក៏បានគំរាមកំហែងដល់បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ។ បើតាម លោក អំ សំអាត អង្គការលីកាដូ នឹងបញ្ជូនមេធាវីរបស់ខ្លួនឲ្យទៅការពារក្ដីឲ្យកញ្ញា ឈឹម ស៊ីថរ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

ក្រៅពីគណបក្សភ្លើងទៀន និងអង្គការសង្គមស៊ីវិល ក៏មានលោក Phil Robertson នាយករងប្រចាំ​តំបន់​អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានបង្ហោះសារលើបណ្ដាញសង្គម Twitter ទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវឲ្យកម្ពុជាបញ្ឈប់ការបង្រ្កាបលើសហជីពឯករាជ្យផងដែរ។

យ៉ាងណាក៏ដោយករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីម្ដងទៀតនេះ ត្រូវបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថា ដោយសារកញ្ញាមិនគោរពតាមដីការរបស់តុលាការដែលដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចេញក្រៅប្រទេស។

សូមញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួនជាថ្មី កាលពីថ្ងៃទី២៦វិច្ឆិកា ដោយ​នគរបាល​អន្តោប្រវេសន៍​នៃ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្រោយ​ពីកញ្ញា​បាន​វិលត្រឡប់ពីប្រទេសអូស្ត្រាលីមកដល់​​កម្ពុជា​។ ការចាប់ខ្លួន នេះ គឺជាលើកទី២ហើយ ដោយកាលពី​ខែ​មករា កញ្ញាត្រូវបានចាប់ឃាត់ខ្លួនម្ដងហើយ ​​អំឡុង​ពេល​ព្យា​យាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​​​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួនចំនួន១០នាក់ផ្សេង​ទៀត​ ​មុន​ពេល​មានការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ខែ​មីនា​​៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ