អានតួអត្ថបទ
កម្ពុជា-សង្គម

យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រី៖ ស្ត្រីខ្មែរ១/៥នាក់នៅតែបន្តទទួលរងអំពើហឹង្សាធ្ងន់ធ្ងរ

អង្គការ​សង្គមស៊ីវិល​លើក​កម្ពស់​ស្ត្រី​នៅ​កម្ពុជា​ក្នុង​អាទិត្យ​នេះ ​បាន​រៀបចំ​បើក​ព្រឹត្តិការណ៍​នេះ​ជា​សាធារណៈ​  ក្នុង​ប្រមូល​និង​បញ្ចេញ​សំឡេង​ក្រោក​ឈរ​ឡើង​ បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ក្មេង​ស្រី។​  ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​អង្គការ​នារី​ដើម្បី​សន្តិភាព​ បាន​គូស​បញ្ជាក់​ថា ​នៅ​ប្រទេស​កម្ពុជា​ ស្ត្រី​និង​ក្មេង​ស្រី​នៅ​តែ​ជា​បុគ្គល​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហឹង្សា​គ្រប់​ទម្រង់។​ តាម​របាយការណ៍​ ស្ត្រី​ខ្មែរ​ ១/៥នាក់​ នៅ​តែ​បន្ត​រង​អំពើ​ ហឹង្សា​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។​

យុទ្ធនាការ​១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី
យុទ្ធនាការ​១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី © សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការសង្គមស៊ីវិល ព្រមទាំងស្ថាប័នជាតិនិងអន្តរជាតិ​ជាច្រើនទៀតនៅទូទាំងពិភពលោក កំពុងប្រារព្ធ​​យុទ្ធនាការ​១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី។ 

នៅប្រទេសកម្ពុជា​​ មាន​អង្គការសង្គមស៊ីវិលចំនួន​៥ស្ថាប័ន​ បានរួមគ្នាប្រកាសបើកយុទ្ធនាការ​​លើកកម្ពស់ស្ត្រី​នេះ ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី៖ ពីការយល់ដឹងឆ្ពោះទៅការអនុវត្ត»។ ជាយុទ្ធនាការសាធារណៈនិងតាមប្រព័ន្ធ​បណ្តាញសង្គម​​ ដើម្បីប្រមូលជាសំឡេងក្រោកឈរ និង​បញ្ចេញសំឡេង ដើម្បី​ទៅ​បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី គ្រី ស៊ុយហៀង នាយិការបស់អង្គការនារីដើម្បីសន្តិភាព ដែលជាស្ថាប័នមួយក្នុងចំណោម​ស្ថាប័ន​រៀបចំយុទ្ធនាការនេះ ​បានគូសបញ្ជាក់នៅថ្ងៃទី​២៦ ខែវិច្ឆិកា​ ឆ្នាំ​២០២២ថា ​អំពើ​ហិង្សា​លើ​ស្ដ្រី​និង​ក្មេង​ស្រីនៅកម្ពុជា​ មាន​ស្ថានភាព​កាន់​តែ​​ធ្ងន់ធ្ងរឡើង ដែល​ទាមទារឱ្យ​​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​គ្រប់​គ្នា ទើប​អាច​បញ្ឈប់​អំពើ​ហិង្សា​ទាំង​នោះ​បាន​។ 

តាមរបាយការណ៍ ស្ត្រី១/៣នាក់ ទទួលរងអំពើហឹង្សា ជារួមនៅលើសកលលោក​ និងនិយាយដោយឡែក នៅកម្ពុជា មាន​ស្ត្រី១/៥នាក់ ទទួលរងអំពើហឹង្សា​ទាំងផ្លូវកាយនិងផ្លូវភេទ។ នេះបើតា​ម​លោកស្រីនាយិកាអង្គការនារីដើម្បីសន្តិភាព។

ជនបង្គោលនៃបណ្ដាញបុរសកម្ពុជានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោក សិទ្ធ​ សុខា​ នៅថ្ងៃទី​២៦ ខែវិច្ឆិកា បាន​បង្ហាញក្តីបារម្ភចំពោះ​ស្ថានភាពហឹង្សាលើស្ត្រីនៅតាមសហគមន៍លោក។ ចំពោះលោកសុខា បញ្ហា​សមភាពយេនដឺ នៅតែកើតមាន។  បុរសមានតួនាទីសំខាន់ ​​នៅក្នុងការរួមចំណែក​កាត់បន្ថយអំពើហឹង្សាលើស្ត្រីនិងក្មេងស្រី ហើយមនុស្សគ្រប់គ្នា​ត្រូវចាត់ទុកថា អំពើហិង្សាលើស្ត្រីគឺជាការរំលោភបំពានសិទ្ធិមនុស្ស។   

គួរជម្រាបថា យុទ្ធនាការ១៦ថ្ងៃនេះ​ គឺជាយុទ្ធនាការអន្តរជាតិមួយដែលដំណើរការជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដែលជាទិវាអន្តរជាតិក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី រហូតដល់ថ្ងៃទី ១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ