អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ សម្រច​ចាកចេញ​ពីបក្ស​ ទៅ​ជ្រកក្រោម​គណបក្ស​ភ្លើងទៀន

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ នៅថ្ងៃទី២០​ ខែវិច្ឆិកា​ បាន​សម្រេច​លាលែង​ពីតំណែង​ជាប្រធាន​បក្សឆន្ទៈខ្មែរ​ និង​ដឹកនាំ​សមាជិក​ទៅចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន។​ ការ​សម្រេច​នេះធ្វើ​ឡើង​បន្ទាប់​ពីមាន​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណបក្សឆន្ទៈខ្មែរ​។ យ៉ាងណាមិញ ​គណបក្សឆន្ទៈខ្មែរ​ នៅតែ​រក្សា​ឈ្មោះផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​ដដែល។​

គណបក្សឆន្ទៈខ្មែរ និង គណបក្សភ្លើងទៀន
គណបក្សឆន្ទៈខ្មែរ និង គណបក្សភ្លើងទៀន © សហការី
ផ្សាយពាណិជ្ជកម្ម

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ វិច្ឆិកានេះថា លោកនិងថ្នាក់ដឹកនាំ ប្រមាណ ២០នាក់របស់គណបក្សឆន្ទៈខ្មែរ នឹងទៅចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើង​ទៀន​។ លោកបន្តថា ការសម្រេចនេះ គឺដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ និងអ្នកនយោបាយដែលមាននិន្នាការដូចគ្នា ទៅជាកម្លាំងប្រជាធិបតេយ្យមួយធំ សម្រាប់ប្រកួតប្រជែងនៅពេលបោះឆ្នោតជាតិខាងមុខ។

បើតាម លោក គង់ ម៉ូនីកា គឺមិនទាន់មានការជជែកពីតួនាទីរបស់លោកនៅក្នុងគណបក្សភ្លើងទៀននៅឡើយទេ ខណៈលោក គង់ គាំ ដែលជាឳពុក ត្រូវបាន​តែងតែជាទីប្រឹក្សាគណបក្សភ្លើងទៀន។

ជាមួយគ្នានេះ គណបក្សឆន្ទៈខ្មែរនឹងមិនត្រូវរំលាយទេ ពោលគឺនៅរក្សាឈ្មោះគណបក្សក្នុងបញ្ជីរផ្លូវការរបស់ក្រសួងមហាផ្ទៃដដែល។ ក៏ប៉ុន្តែគណបក្សនេះ នឹងមិនដាក់បញ្ជីរបេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

លោក គង់ ម៉ូនីកា ថាការរក្សាគណបក្សឆន្ទៈខ្មែរគឺជារឿងប្រសើរ ដោយហេតុថា លោកមើលឃើញពីបទពិសោធន៍អាក្រក់កន្លងមកដែលធ្លាប់កើតមាននៅក្នុងការប្រកួតប្រជែងនយោបាយនៅកម្ពុជាដែលឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ។

គួរជម្រាបជូនថា គណបក្សឆន្ទៈ´´ខ្មែរ​ត្រូវបាន​បង្កើត​ឡើង​ក្រោយពីរំលាយគណបក្ស​សង្គ្រោះជាតិ​ ហើយបានចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ២០១៨ តែមិនទទួលបានកៅអីតំណាងរាស្ត្រនោះឡើយ ខណៈ​ដែល​ការ​ចូល​រួម​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០២២ កន្លងមកនេះ ក៏មិនទទួលបានកៅអីក្រុម​ប្រឹក្សានោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ