អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប បំភ្លឺកង្វល់របស់បក្សនយោបាយ ពីសេចក្ដីព្រាងបទបញ្ជាសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ

សេចក្ដី​ព្រាង​បទ​បញ្ជា​ និង​នីតិ​វិធី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣​ មាន​ខ្លឹមសារ​ដូច​ទៅ​នឹង​សេចក្ដី​ព្រាង​បទ​បញ្ជា​អាណ្ណត្តិ​មុន​ ស្ទើរ​តែ​ទាំង​ស្រុង។​ នេះ​បើ​តាម​សេចក្ដី​បំភ្លឺ​របស់​ គ.ជ.ប ​កាល​ពី​ថ្ងៃទី១៨​ វិច្ឆិកា។ ​ការ​ចេញ​សេចក្ដី​បំភ្លឺ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស្នើ​ឱ្យ​កែ​សម្រួល​លើ​ខ្លឹមសារ​សេចក្ដី​ព្រាង​បទ​បញ្ជា​មួយ​ចំនួន​ពី​ខាង​គណបក្ស​នយោបាយ​ ខណៈ​ខាង​សង្គម​ស៊ីវិល​គ្រោង​ជួប​ជុំ​គ្នា​ដាក់​សំណើរ​ជា​រួម​ទៅ ​គ.ជ.ប។​

ការិយាល័យបោះឆ្នោត
ការិយាល័យបោះឆ្នោត © Internet
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណ្ណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ មានខ្លឹមសារដូចទៅនឹងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី កាលពីអាណ្ណត្តិមុន ឆ្នាំ២០១៨ ស្ទើរតែទាំងស្រុង។ នេះបើតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប។

គ.ជ.ប ឱ្យដឹងថា មានការកែសម្រួលចំណុចមួយចំនួន រួមមាន ការធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត ស្របតាមផែនការអន្តរស្ថាប័ន ក្រសួងកាពារជាតិ មហាផ្ទៃ និងគ.ជ.ប។ ការដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ សម្រាប់គ្រប់គ្រងបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះ និងដើម្បីគ្រប់គ្រងការស្នើសុំ រួមទាំងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។

បន្ថែមពីនេះ គឺការដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ សម្រាប់ជំនួយដល់ការត្រួតពិនិត្យ បូកសរុបលទ្ធផលបោះឆ្នោត ព្រមទាំងកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់កំណត់ហេតុទម្រង់១១០២ ឲ្យមានសង្គតិភាពនឹងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ នេះបើតាម គ.ជ.ប។

លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច យល់ឃើញថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ពិតជាមានខ្លឹមសារដូចសេចក្ដីព្រាងបទបញ្ជាអាណ្ណត្តិឆ្នាំ២០១៨ ស្ទើរតែទាំងស្រុងដូចការបំភ្លឺរបស់ គ.ជ.ប មែន។

យ៉ាងណាមិញ នាយកប្រតិបត្តិអង្គការនិកហ្វិចរូបនេះឱ្យដឹងថា សង្គមស៊ីវិលគ្រោងនឹងជួបជុំគ្នាដើម្បីពិភាក្សា និងដាក់អនុសាសន៍ជារួមមួយទៅគ.ជ.ប ដើម្បីស្នើកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។ កែសម្រួលដោយសារតែបទបញ្ជា និងនីតិវិធីនោះ មិនទាន់ល្អគ្រប់គ្រាន់។ នេះបើតាមនាយកប្រតិបត្តិអង្គការនិកហ្វិច។

ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សខ្មែររួបរួមជាតិ ក៏ធ្លាប់បានស្នើ គ.ជ.ប ឱ្យកែសម្រួលលើខ្លឹមសារ៣ចំណុចរួមមាន ទី១ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមសង្កេតការណ៍បោះឆ្នោត ត្រូវពាក់តែប័ណ្ឌដែលចេញដោយ គ.ជ.ប ប៉ុណ្ណោះ មិនត្រូវពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ។ ទី២ គឺត្រូវបិទផ្សាយទម្រង់១១០២ តាមច្រកចេញចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងចែកជូនភ្នាក់ងារគណបក្សនយោបាយ រហូតថ្ងៃប្រកាសលទ្ធផលផ្លូវការ។ និងទី៣ គឺដកចោលលិខិតបញ្ជាក់ការចុះឈ្មោះបេក្ខជន ព្រោះបញ្ចីរបោះឆ្នោត គឺផ្ដល់សុពលភាពដោយគជប រួចស្រេចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ