អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀន សុំអន្តរាគមន៍ពីលោក ចូ បៃឌិន ដោះលែងអ្នកទោសមនសិការដោយគ្មានលក្ខខណ្ឌ

គណបក្ស​ភ្លើងទៀន​ជា​បក្ស​ប្រឆាំង​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ស្វែង​រក​ការ​អន្តរាគមន៍​ពី​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃឌិន​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្ម​ជន​ដែល​កំពុង​ជាប់​ឃុំ ​និង​បើក​លំហ​សិទ្ធិ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។​ ការ​ស្នើ​បែប​នេះ​ គឺ​ក្នុង​ពេល​ដែល ​លោក​ ចូ បៃឌិន​ គ្រោង​មាន​ជំនួប​ទ្វេរ​ភាគី​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​នេះ​។​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​លិខិតជាភាសាអង់គ្លេស​ចេញថ្ងៃទី៩វិច្ឆិកា​ ទៅ​កាន់ ​លោក ចូ បៃឌិន គណបក្សភ្លើងទៀន ស្នើសុំការអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ការគំរាមកំហែងផ្សេងៗ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងប្រឆាំង​។

លើសពីនេះ គណបក្សភ្លើងទៀន ក៏ស្នើឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ហេតុផលនយោបាយប្រ​ឆាំង​នឹងសកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថាន ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុង​ពន្ធនាគារ និងដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។

ការបង្កើតលំហនយោបាយ ដើម្បីធានាគោលការណ៍ប្រជាធិបតេយ្យ រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្ពោះទៅរកការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០២៣ ក៏ជាអ្វី​ដែលគណបក្ស​ប្រឆាំង​មួយនេះ លើក​ឡើង​ទៅកាន់​លោក ចូ បៃឌិន ផងដែរ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ឆ្លើយ​តបថា នេះជាសិទ្ធិ​របស់គណបក្សភ្លើង​ទៀន តែថា អាមេរិក​មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​កម្ពុជា​បានឡើយ។

ជាការ​កត់​សំគាល់ នេះជាការ​សុំ​ការអន្តរាគមន៍​ដោយ​ផ្ទាល់​ទៅកាន់​លោក ចូ បៃឌិន ពីសំណាក់គណបក្សភ្លើង​ទៀន ខណៈ​​សេចក្តី​ថ្លែងការណ៍​ដោយឡែកមួយទៀត ​របស់គណបក្សប្រឆាំង ​ទៅ​កាន់​មេដឹកនាំអាស៊ាន បានអំពាវនាវ​ឲ្យ​ប្រទេស​ជាសមាជិក​​ រួមគ្នា​លើក​កម្ពស់​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​គោរពសិទ្ធិមនុស្ស ជាពិសេស​ធានា​ដំណើរ​ការ​បោះ​ឆ្នោតនៅកម្ពុជា​២០២៣។

គួរឲ្យដឹងថា ប៉ុន្មានថ្ងៃ​មុនពេល​មកដល់​របស់​លោក ចូ បៃឌិន នៅកម្ពុជា ​ក្រសួង​ការ​បរទេស​អាមេរិក ​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ជុំវិញ​ការ​ឃុំ​ខ្លួន​ កញ្ញា ​សេង​ ធារី​ មេធាវី​សញ្ជាតិ​អាមេរិ​កាំង​ និង​ការ​កាត់​ទោស​ក្រុមលើ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកថ្លែងថា  អាមេរិកអំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​ដោះលែងអ្នក ​ដែលត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ រួមទាំង​កញ្ញា សេង ធារី និងត្រូវធានានូវ​សេរីភាព​នៃ​ការបញ្ចេញ​មតិ សេរីភាព​នៃការ​បង្កើតសមាគម និង​ការប្រមូលផ្តុំ​ដោយសន្តិវិធី ដែល​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​កាតព្វកិច្ច​ជាអន្តរជាតិ​របស់​ប្រទេសនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ