អានតួអត្ថបទ
កម្ពុជា-នយោបាយ

យុវជនខ្មែរថាវរៈ៖ ទោះបីអាជ្ញាធរគំរាមកំហែង តែពួកគេរក្សាជំហរបង្អត់អាហាររហូតដល់ថ្ងៃកំណត់

ក្រុមយុវជនខ្មែរថាវរៈ នៅព្រឹកថ្ងៃទី១១ វិច្ឆិកានេះ បានបញ្ជាក់ជំហរថា ពួកគេនឹងបន្តធ្វើយុទ្ធនាការបង្អត់អាហារនៅលើទីលានប្រជាធិបតេយ្យរហូតដល់ថ្ងៃកំណត់ ដើម្បីទាមទារយុត្តិធម៌ជូនអ្នកទោសនយោបាយ និងកញ្ញា សេង ធារី បើទោះបីអាជ្ញាធរក្រុងភ្នំពេញព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងណាក្តី។ យុវជនខ្មែរថាវរៈ បានអះអាងថា ប្រសិនបើអាជ្ញាធរចុះមករុះរើតង់ក្រោមហេតុផលបាត់បង់សណ្តាប់ធ្នាប់សង្គម នោះពួកគេនឹងស្វែងរកកិច្ចអន្តរាគមន៍ពីបណ្តាស្ថានទូតនៃប្រទេសជាសមាជិកអាស៊ានដែលមានថ្នាក់ដឹកនាំកំពូលកំពុងចូលរួមកិច្ចប្រជុំផ្ទាល់នៅកម្ពុជា។ 

ក្រុមយុវជនខ្មែរថាវរៈ
ក្រុមយុវជនខ្មែរថាវរៈ © FB
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន វណ្ណៈ ជាយុវជនខ្មែរថាវរៈបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា យុទ្ធនាការបង្អត់អាហារដើម្បីទាមទារឱ្យរដ្ឋាភិបាល និងតុលាការដោះលែងកញ្ញា សេង ធារី ព្រមទាំងអ្នកទោសនយោបាយទាំងអស់ នឹងត្រូវបន្តធ្វើដដែលរហូតដល់ថ្ងៃទី១៣ វិច្ឆិកា។ ក្រុមយុវជនដែលធ្លាប់ជាប់ពន្ធនាគារទាំងនេះក៏នឹងត្រៀមស្វែងរកកិច្ចអន្តរាគមន៍ពីបណ្តាស្ថាតទូតនានាផងដែរ ប្រសិនបើករណីអាជ្ញាធរនៅតែធ្វើទុក្ខបុកម្នេញដល់យុទ្ធនាការរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុន វណ្ណៈ។

លោក វណ្ណៈបន្តថា បើទោះបីស្ថានភាពសុខភាពរបស់សមាជិកកំពុងទ្រុឌទ្រោមខ្លាំងយ៉ាងណាក្តី ប៉ុន្តែដើម្បីទាមទារបាននូវរូបភាពយុត្តិធម៌ចំពោះសង្គម និងដើម្បីទទួលបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា យុវជនខ្មែរថាវរៈនឹងបន្តធ្វើយុទ្ធនាការបង្អត់អាហារ ដោយមិនខ្វាយខ្វល់ពីបញ្ហាសុខភាព និងការគំរាមកំហែងពីសំណាក់ក្រុមអាជ្ញាធរនោះទេ។

ការប្រកាន់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរខណ្ឌឫស្សីកែវកាលពីថ្ងៃទី១០ វិច្ឆិកា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមយុវជនខ្មែរថាវរៈ ទាក់ទិននឹងយុទ្ធនាការតាំងសមាធិ និងបង្អត់អាហារនៅលើទីលានប្រជាធិបតេយ្យ។ ក្នុងនោះ អាជ្ញាធរបានចាត់ទុកសកម្មភាពរបស់ពួកគេថា បានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងធ្វើខូចមុខមាត់កម្ពុជា ទន្ទឹមនឹងកម្ពុជាកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។

ប៉ុន្តែនាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាតបានថ្លែងថា ការសម្តែងមតិ ការធ្វើកូដកម្មដែលធ្វើឡើងនៅលើទីលានប្រជាធិបតេយ្យមិនត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់ ឬបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមឡើយ។ លោកថា​ការអះអាងរបស់អាជ្ញាធរ គឺគ្រាន់តែជាហេតុផលដើម្បីបំបិទសិទ្ធិសេរីភាពរបស់ក្រុមយុវជនតែប៉ុណ្ណោះ។

លោក អំ សំអាតថា  ការរក្សាជំហរបង្អត់អាហារនៅលើទីលានប្រជាធិបតេយ្យរបស់ក្រុមយុវជនខ្មែរថាវរៈ គឺបានបង្ហាញពីឆន្ទះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពបាននូវសិទ្ធិមនុស្ស និងការដោះលែងអ្នកទោសមនាសិកាជាតិឡើងវិញ។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី១០ វិច្ឆិកា សមាជិកយុវជនខ្មែរថាវរៈម្នាក់ក្នុងចំណោម៥នាក់ គឺកញ្ញា ឆែម ស្រីគា បានដួលសន្លប់អំឡុងពេលធ្វើយុទ្ធនាការបង្អត់អាហារនៅទីលានប្រជាធិបតេយ្យ។ ការដួលសន្លប់នេះ​កើតមានឡើង ក្រោយដែលយុវតីរូបនេះបានបង្អត់អាហារអស់រយៈពេល៤ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ