អានតួអត្ថបទ
កម្ពុជា-សង្គម

បុណ្យឯករាជ្យជាតិ៖ លោក កឹម សុខាថាដើម្បីឲ្យមានឯករាជ្យជាតិពិតគឺត្រូវគោរពសិទ្ធិគ្នា

ក្នុងខួប៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ដើម្បីឲ្យមានឯករាជ្យជាតិពិតគឺត្រូវគោរពសិទ្ធិគ្នា។ គោរពសិទ្ធិគ្នាដែលលោក កឹម សុខា និយាយនោះ មិនបង្ករឲ្យមានការឈឺចាប់ មិនយកខ្មែរណាជាសត្រូវ នោះនឹងនាំមកនូវសាមគ្គីភាពជាតិ ហើយសាមគ្គីភាពជាតិ នាំឲ្យមានឯកភាពជាតិ និងនាំមកនូវឯករាជ្យជាតិរឹងមាំ​។ 

ទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ទិវាបុណ្យឯករាជ្យជាតិកម្ពុជា AP
ផ្សាយពាណិជ្ជកម្ម

(០៩ វិច្ឆិកា ១៩៥៣ ~ ០៩ វិច្ឆិកា ២០២២) គឺជាខួប៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំងបានពេញលេញ ក្រោមការដឹកនាំដោយព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ មុនមួយថ្ងៃនៃពិធីបុណ្យឯករាជ្យជាតិ លោក កឹម សុខា ដែលមានរឿងក្ដីក្ដាំនៅតុលាការ បានផ្ញើសារអបអរសាទរក្នុងខួប៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អមដោយ​សារនយោបាយចំនួនផងដែរ។

បើតាមលោក កឹម សុខា «ឯករាជ្យជាតិគឺជាមោទនភាពជាតិ»។ លោកបញ្ជាក់ថា ដើម្បីឲ្យមានឯករាជ្យជាតិពិតគឺត្រូវគោរពសិទ្ធិគ្នា។ បើខ្មែរចេះ​គោរពសិទ្ធិគ្នា មិនបង្ករឲ្យមានការឈឺចាប់ មិនយកខ្មែរណាជាសត្រូវ នោះនឹងនាំមកនូវសាមគ្គីភាពជាតិ។ សម្រាប់លោក កឹម សុខា សាមគ្គីភាពជាតិនាំឲ្យមានឯកភាពជាតិ  និងនាំមកនូវឯករាជ្យជាតិរឹងមាំ។

ជាគេកត់សម្គាល់នៅពេលដល់ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាម្ដងៗ ព្រះមហាក្សត្រព្រះអង្គយាងអុជទានជ័យនៅវិមានឯករាជ្យ ក្រោមវត្តមានឥរៈជន​ ប្រមុខដឹកនាំរដ្ឋាភិបាល ក្រសួងសា្ថប័ន មន្រ្តីរាជការចូលរួមដាក់កម្រផ្កាអបអរសាទរផងដែរ។ ងាកមកតាមបណ្ដាញសង្គមវិញ គេឃើញមានឥរៈជននយោបាយ ក្រសួងស្ថាប័ន និងបណ្ដាគណបក្សនយោបាយ តែងតែចូលរួមបង្ហោះសារអបអរសាទរ និងបញ្ចេញសារនយោបាយ និងទស្សនៈរៀងៗខ្លួនជុំវិញនៃពិធីបុណ្យឯរាជ្យជាតិនេះដែរ។

គួររំលឹកថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣ តទៅ គឺកម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ កម្ពុជានឹងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា។

ក្រោយពីទទួលបានឯរាជ្យ កម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯរាជ្យឡើងយ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ និងវត្តមានរបស់ប្រមុខដឹកនាំរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាហ្មឺនសព្វមុខមន្ត្រី ព្រមទាំងមហាជនយ៉ាងច្រើនកុះករ ដើម្បីដាក់កម្រងផ្កា នៅវិមានឯករាជ្យ នាទីក្រុងភ្នំពេញ។ ពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះ ក៏មានការរៀបចំប្រារព្វធ្វើដូចឆ្នាំមុនៗផងដែរ ហើយផ្លូវមួយចំនួននៅរាជធានីភ្នំពេញអាចនឹងត្រូវបិទជាបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៤វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ