អានតួអត្ថបទ
កម្ពុជា-កសិកម្ម

លោក ហ៊ុន សែន ចេញមុខការពាររដ្ឋមន្ត្រីកសិកម្មថ្មី ក្រោយរិះគន់ថាតែងតាំងខុសជំនាញ

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខការពាររដ្ឋមន្ត្រីកសិកម្មថ្មី ដែលទើបបានតែងតាំងយ៉ាងតក់ក្រហល់កាលពីថ្ងៃទី០៨ ខែតុលា ជំនួសលោក វេង សាខុន។ ការចេញមុខមកការពាររដ្ឋមន្ត្រីកសិកម្មវ័យក្មេងរបស់លោក ហ៊ុន សែន ពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា ការតែងតាំងរដ្ឋមន្ត្រីកសិកម្មថ្មីមិនសក្តិសម និងមិនត្រូវនឹងជំនាញកសិកម្ម។ 

កសិដ្ឋានចិញ្ចឹមជ្រូក
កសិដ្ឋានចិញ្ចឹមជ្រូក © FB
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានការរិះគន់ថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកវិស្វកររ៉ែទៅធ្វើជារដ្ឋមន្ត្រីកសិកម្ម លោក ហ៊ុន សែន បានឆ្លៀតយកឱកាសចែកសញ្ញាបត្រដល់និស្សិតច្បាប់ និងសេដ្ឋកិច្ចនៅថ្ងៃនេះចោទសួរទៅអ្នករិះគន់វិញថា អ្នកទាំងនោះបានចេះអស់ទេកសិកម្ម ដោយសារកសិកម្មមិនមែនសំដៅតែការដាំស្រូវប៉ុណ្ណោះទេ។

លោកនាយករដ្ឋមន្ត្រី ចោទសួរបន្ថែមថា តើវាជាការច្រណែនឬយ៉ាងណា ទើបមានសម្តីបង្ហាញពីការខ្វះភាពជាអ្នកដឹកនាំនេះឡើង? លោកថា ខ្លួនលោក ក៏មិនចេះគ្រប់ដែរ ក៏ប៉ុន្តែភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យចេះធ្វើការ និងការដាក់ចេញគោលនយោបាយដឹកនាំឲ្យបានត្រឹមត្រូវ។

លោក ហ៊ុន សែន រំលឹកថាគេពុំគួរវាយតម្លៃរហ័សពេកនោះទេ ដោយលោកឌឺដងថា អ្នកខ្លះធ្វើកសិកម្មរោងម៉ាស៊ីនកិនស្រូវជំពាក់លុយគេមិនទាន់សងផង។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី បានឌឺឲ្យមន្ត្រីកសិកម្មខេត្តថាពួកគេមានឈ្មោះតែកសិកម្ម តែដាំចេកមិនដែលបានផ្លែទេ ខណៈមន្ទីរកសិកម្មខេត្តមិនឃើញមានដាំដើមឈើ និងបន្លែបង្ការអ្វីឡើយ។

សូមបញ្ជាក់ថា ក្រោយពីប្រកាសផ្ទេរតំណែងកាលពីពេលថ្មីៗនេះ លោក ឌិត ទីណា បានធ្វើការប្តេជ្ញាចិត្តថា នឹងប្រែក្លាយកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឲ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។

ការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីកសិកម្មថ្មីនេះ ត្រូវគេមើលឃើញថា ជាជោគជ័យដ៏ធំធេងមួយប្រសិនបើអាចធ្វើទៅបានមែន ដោយសារបញ្ហាកសិកម្មនេះ ជាបញ្ហារសើប និងឈឺក្បាលរបស់រដ្ឋមន្ត្រីកសិកម្មជាច្រើនជំនាន់មកហើយ ជាពិសេសបញ្ហាទីផ្សារកសិករ បញ្ហានាំចូលផលិតផលកសិកម្មពីខាងក្រៅដែលសម្លាប់ផលិតផលក្នុងស្រុក រួមនឹងការបង្រៀនកសិករឲ្យចេះផលិត និងការប្រើប្រាស់សារធាតុគីមីផងដែរ។

សូមរំលឹកថា លោក ឌិត ទីណា ដែលជាកូនប្រុសរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូលអាយុ ៤៣ឆ្នាំ បានរៀនចប់ជំនាញវិស្វកម្មរ៉ែនៅសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែនៅក្រុងប៉ារីស។ លោក ឌិត ទីណា ក៏បានរៀបចប់អនុបណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័ Université Paris-Sud ប្រទេសបារាំងផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ