អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានប្ដឹងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីCPPថាប្រើហិង្សាលើខ្លួន

ចៅសង្កាត់រងទី២នៅសង្កាត់អូចារ មកពីគណបក្សភ្លើងទៀន គឺអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានប្ដឹងអ្នកស្រី យាន រ៉ាស៊ី សមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន ថាបានប្រើហិង្សាលើខ្លួន ដោយសារតែទាស់ពាក្យសម្ដីគ្នា​រឿងការងារ។ បញ្ហានេះសង្គមស៊ីវិលមានការព្រួយបារម្ភពីការបែកបាក់ជាតិ ក្រោយពីអ្នកនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានជម្លោះទាស់ទែងគ្នាដោយសារតែមាននិន្នាការនយោបាយផ្សេងគ្នា។ 

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់រងទី២នៅសង្កាត់អូចារ មកពីគណបក្សភ្លើងទៀន
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់រងទី២នៅសង្កាត់អូចារ មកពីគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

ចៅសង្កាត់រងទី២នៅសង្កាត់អូចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន គឺអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានចោទប្រកាន់អ្នកស្រី​ យាន​ រ៉ាស៊ី​ សមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន ​ថាបានធ្វើសកម្មភាព​ឆក់យកទូរស័ព្ទដៃ​ ច្របាច់ក​ ខ្ទប់មុខ​ និងលើកកៅអីរកគប់ខ្លួនជាដើម​។ ករណីនេះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចាត់ទុកថាជាការប្រើហិង្សាមកលើខ្លួន ហើយករណីនេះ អ្នកស្រីបានប្តឹងទៅនគរបាលយុត្តិធម៌ហើយ ដើម្បីឲ្យមានចំណាត់លើផ្លូវច្បាប់។

យ៉ាងណាវិទ្យុបារាំងមិនទាន់អាចសុំការឆ្លើយតបពីភាគីជម្លោះបានឡើយ។ ដោយឡែកលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលជាមន្រ្តីគណបក្សប្រជាជនកម្ពុជាផងនោះ ឲ្យដឹងថាករណីជម្លោះនេះ ជារឿងបុគ្គល មិនជារឿងរបស់គណបក្សឡើយ។

ជុំវិញបញ្ហានេះ លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានបញ្ជាក់ថា សង្គមស៊ីវិលដែលធ្វើការខាងផ្នែកសិទ្ធិមនុស្ស មិនចង់ឃើញមានការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកនោះទេ។ ករណីនេះសង្គមស៊ីវិលមានការព្រួយបារម្ភមែនទែន ខ្លាចមន្រ្តីថ្នាក់ក្រោមជាតិមិនចេះធ្វើការជាមួយគ្នា មានការរើសអើងគ្នាដោយសារតែប្រកាន់និន្នាការនយោបាយ ហើយបញ្ហានេះអាចជាសញ្ញាមួយធ្វើឲ្យមានការបែកបាក់ជាតិ។ នេះបើតាមអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក។

 តាមរយៈវីដេអូដែលអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ថតបានគេកត់សម្គាល់ឃើញថា អ្នកទាំងពីរហាក់ប៉ះពាក្យសម្ដី រហូតមានការប៉ះទង្គិតគ្នាតិចតួច តែមិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ ដោយសារមានអ្នកនៅទីនោះឃាត់។ ក្នុងវីដេអូនោះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានលើកឡើងថា អ្នកស្រីបានជជែកគ្នាជាមួយជំទប់ទី១មកពីគណបក្សប្រជាជន ពីរឿងដែលមន្រ្តីគណបក្សប្រជាជនមករករឿងលើ​​មន្រ្តីជាប់ឆ្នោត​មកពីគណបក្សភ្លើងទៀន។ ក្រោយមកអ្នកស្រី យាន រ៉ាស៊ី ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន បានប្រើឥរិយាបទមិនសមរម្យ រហូតដល់មានការប្រើហិង្សាមកលើខ្លួន។ នេះបើតាមអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ជាចៅសង្កាត់រងទី២ មកពីគណបក្សភ្លើងទៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ