អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ ដើម្បី​ធានា​សន្តិភាព​ជម្រើស​តែ​មួយ​គត់​គឺ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា

 ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ថា ​ដើម្បី​ធានា​សន្តិភាព​ មាន​ជម្រើស​តែ​មួយ​គត់​ គឺ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣​។​ ប្រ​មុខ​បក្ស​កាន់​អំណាច​ប្រកាស​ដូច្នេះ​នៅ​ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំ​នន់​ក្នុង​ខេត្ត​បាត់​ដំបង​ ខណៈ​លោក​ទទួល​ស្គាល់​ថា ​លោក​បាន​ឃោសនា​រក​សំឡេង​ឆ្នោត​មុនរ​ដូវ​កាល​កំណត់ ​តែ​អះអាង​ថា​នេះ ជា​សិទ្ធិ​របស់​លោក​ក្នុង​ឋានៈ​ជានាយក​រដ្ឋ​មន្ត្រី​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​ប្រមុខ​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន បាន​ព្រមាន​ថា​ បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ចាញ់​ឆ្នោត​នឹង​កើត​មាន​សង្គ្រាម​នោះ​។ ​

ជា​ថ្មីម្តង​ទៀត​នៅ​ក្នុង​ដំណើរ​ចុះ​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ប៉ុន្មាន​ថ្ងៃជាប់ៗ​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា​ លោក​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​កាល​កំណត់​។ សម្រាប់​លោក ហ៊ុន សែន គឺ​លោកមាន​សិទ្ធិ​ឃោសនា​បែប​នេះ​ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​ ទោះ​ចង់អ្នក​ណា​រិះគន់​ក៏​រិះ​គន់​ទៅ​។

លោក សោម សូរីដា អគ្គលេខាធិការរង​ និងជាអ្នកនាំពាក្យ​ម្នាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​គ.ជ.ប ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ថា​ គ.ជ .ប មិន​គ្រប់​គ្រង​សកម្មភាព​របស់​អ្នក​នយោបាយ​នៅពេល​នេះ​ទេ ​ពោល​ គ.ជ .ប ​មើល​ការ​ខុស​ត្រូវ​តែ​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​ច្បាប់​កំណត់​តែ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​សម្រាប់​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ និង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​យល់ថា ការ​ឃោសនា​របស់​ប្រមុខ​បក្ស​កាន់​អំ​ណាច​នៅ​មុន​រដូវ​កាល​កំណត់​នេះ​ បង្ហាញថា ការ​ប្រកួត​ប្រជែង​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​​ប្រព្រឹត្តិ​ទៅ​មិន​ស្មើ​ភាព​គ្នា​។​ ការ​ប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នា ​តាំង ពីដំបូង​នាំ​ឲ្យ​លទ្ធផល​បោះឆ្នោត​នឹង​មិន​ទទួល​បាន​ដោយ​សេរី ​យុត្តិធម៌ និងគោល​ការណ៍​ស្មើភាព​នោះ​ទេ​។​ នេះ​បើ​តាម លោក កន សាវ៉ាង មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ខុម​ហ្វ្រែល ដែល​ ទទួល​ស្គាល់​ថា ច្បាប់​បោះ​ឆ្នោត​មិន​បាន​ហាមអ្នកនយោបាយ​​ឃោសនា​មុន​រដូវ​កាល​មែន​ តែ​លោក​ថា ​​ច្បាប់​​សហ​លក្ខ​ខណ្ឌ​មន្ត្រី​រាជ​ការ បាន​​ហាម​​មន្ត្រី​​រាជការ ​និង​កង​កម្លាំង​ប្រដាប់អាវុធ មិនឲ្យ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​នោះឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ