អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកជំនាញអំពាវនាវឱ្យមានការវិនិយោគឱ្យកាន់តែច្រើន លើការពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជា

អ្នកជំនាញកសិកម្មដែលមានក្រសួងកសិកម្ម អង្គការ​ស្បៀង​ និង​កសិកម្ម​ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃចន្ទនេះ អំពាវនាវរួមគ្នាឱ្យមានការវិនិយោគឱ្យកាន់តែច្រើន លើការពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជា។ ការអំពាវនាវធ្វើឡើងនៅក្នុងទិវាស្បៀងអាហារពិភពលោក ខណៈតម្លៃអាហារសំបូរជីវជាតិមួយចំនួនបានហក់ឡើងចន្លោះ ២០% ទៅជាង ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ។ 

ដំណាំស្រូវ (រូបតំណាង)
ដំណាំស្រូវ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក អែនតូនីញ៉ូ ស្យ៊ែវ៉ន តំណាងស្តីទីនៃអង្គការ FAO ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធស្បៀងពិតជាមានសក្តានុពល និងជាមធ្យោបាយ សម្រាប់អនាគតប្រកបដោយសមភាព និងវិបុលភាព។ តំណាងស្តីទីនៃFAO រូបនេះ បញ្ជាក់ដូច្នេះ ដោយយល់ឃើញថា ប្រព័ន្ធស្បៀងបានភ្ជាប់ទៅនឹងវិស័យផ្សេងៗទៀតជាច្រើននៃជីវិត និងសេដ្ឋកិច្ចរបស់ពលរដ្ឋ រាប់បញ្ចូលទាំងកសិកម្ម ធនធានធម្មជាតិ ថាមពល រហូតដល់សុខភាព។ លោកចង់ឃើញ ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់ៗរូប រួមទាំងប្រជាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម អង្គការ FAO និងកម្មវិធីស្បៀងអាហារពិភពលោក។

ជាមួយគ្នានេះ លោកស្រី អានឡ័រ ឌូវែល នាយិការងនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ បញ្ហាអសន្តិសុខស្បៀង និងការធានាឱ្យបាននូវរបបអាហារសុខភាពដល់ប្រជាជន បើទោះបីជាកម្ពុជាមិនសូវរងផលប៉ះពាល់ពីវិបត្តស្បៀងសកល ដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ការ ប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែនក៏ដោយ។

ចំណែកលោក ឱម គឹមស៊ា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថាកម្ពុជាត្រូវតែពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្បៀង ដើម្បីធានាបាននូវប្រព័ន្ធស្បៀងដែលអាចផ្តល់ស្បៀងអាហារប្រកបដោយគុណភាព និងសារធាតុចិញ្ចឹមដល់ពលរដ្ឋកម្ពុជា តាមរយៈការបង្កើននវានុវត្តន៍ និងការវិនិយោគលើប្រព័ន្ធឌីជីថល។

FAO និងកម្មវិធីស្បៀងអាហារពិភពលោក បានប្ដាជ្ញាគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធស្បៀង ដោយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន វិស័យអប់រំ ដៃគូអភិវឌ្ឍន៍ ដើម្បីជួយពង្រឹងកសិករខ្នាតតូចតាមរយៈការកែប្រែ វិធីសាស្រ្តនៅក្នុងរបៀបនៃការផលិតអាហារ ការដឹកជញ្ជូន និងការប្រើប្រាស់។

គួរជម្រាបជូនថា បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សាររបស់កម្មវិធីស្បៀងអាហារពិភពលោក នាពេលថ្មីៗនេះ តម្លៃអាហារសំបូរជីវជាតិដូចជា ពងទា បន្លែ និងត្រកួនបានកើនឡើង ២០.៨% និង ៣០.៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃប្រេងឆាបានកើនឡើង ៣៩.៧% នៅក្នុងខែឧសភាឆ្នាំនេះ បើធៀបនឹងខែឧសភា ឆ្នាំមុនជាមួយនឹងការកើនឡើងតម្លៃខ្លាំងរហូតដល់ ១៣.៥% ក្នុងកំឡុងពេល ២ខែ។ ដោយឡែក ផលិតកម្មស្រូវត្រូវបានគេរំពឹងថានឹងអាចផលិតបានក្នុងកម្រិតលើសពីមធ្យម ដែលមានន័យថាកម្ពុជានឹងមិនប្រឈមនឹងកង្វះខាតស្បៀងធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណាក៏ដោយ កង្វះអាហារ ចំណី សត្វ ឥន្ធនៈ ជី និងហិរញ្ញវត្ថុ (វិបត្តិ ប្រាំ"Fs) កំពុងបង្កការគំរាមកំហែងថ្មីទៀតដល់ប្រព័ន្ធស្បៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ