អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ព្រមានរំលាយគណបក្សនយោបាយដែលភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ព្រ​មាន​ជា​សាធារ​ណៈ​នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់​ថា​នឹង​រំ​លាយ​ចោល​គណ​បក្ស​នយោ​បាយ​ណា​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​លោក សម រង្ស៊ី ​ខណៈ​លោក ហ៊ុន សែន ចោទ​ថា​ជា«ពូជ​ក្បត់​ជាតិ​៣​ជំនាន់»​។​ ការ​ព្រមាន​របស់​មេ​បក្ស​កាន់​អំណាច​បែប​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​ទៅ​កាន់​ប្រមុខ​អតីត​បក្ស​ប្រឆាំង​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០២៣ ​និង​អំពាវ​នាវ​សាជា​ថ្មី​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​លោក​ទៅ​ដល់​កម្ពុជា​នៅពេល​ខាង​មុខ​។​

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខនិស្សិត​រាប់ពាន់​ក្នុង​ពិធី​ចែកសញ្ញាបត្រ​នៅថ្ងៃទី១៧​តុលានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការខឹង​សម្បារ​ទៅ​នឹង​លោក សម រង្ស៊ី ចំពោះ​សេចក្តី​ការណ៍​របស់​ប្រមុខ​អតីត​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី១៦​តុលា។  

តាមរយៈវីដេអូប្រមាណ៥នាទីលោក សម រង្ស៊ី ដែលអះអាងថា​ឈ្នះ​ក្តី​លើ លោក ហ៊ុន សែន នៅឯតុលាការ​បារាំង បានអំពាវនាវឲ្យមានការ​ផ្លាស់ប្តូរ​មេដឹកនាំកម្ពុជានៅឆ្នាំ​២០២៣ និងអំពាវនាវសាជាថ្មី​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់អាវុធ​បាញ់សម្លាប់​​ពលរដ្ឋខ្មែរ​នៅពេលលោក​ទៅដល់កម្ពុជានៅពេលខាងមុខ។

ការអំពាវនាវបែបនេះហើយ ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានប្រតិកម្ម​ដោយប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​«កំចាត់​ចោលមនោគមវិជ្ជា» ដែលលោក​ហៅ​«ពូជក្បត់ជាតិ៣ជំនាន់» ដែលសំដៅចំៗទៅលោក សម រង្ស៊ី។

ក្រៅពីលោក សម រង្ស៊ី សម្រាប់គណបក្សនយោបាយណា​ដែល​ហ៊ាន​ភ្ជាប់​ខ្លួនជាមួយ​នឹង​លោក សម រង្ស៊ី ត្រូវបាន​លោក ហ៊ុន សែន ព្រមានទុកជាមុនថា នឹងត្រូវ​រំលាយចោល​ដូចគណបក្សសង្គ្រោះជាតិ​នៅឆ្នាំ​២០១៧។

ការព្រមាន​រំលាយគណបក្សនយោបាយ​ដែលមាននិន្នាការ​គាំទ្រ​លោក សម រង្ស៊ី នេះ​គឺ​ជាការ​ឆ្លើយតប​របស់លោក ហ៊ុន សែន ទៅកាន់​លោក សម រង្ស៊ី ដែលអះអាងថា លោក​នឹង​វិលទៅ​ប្រទេស​កម្ពុជា​វិញ​នៅពេល​ខាង​មុខ ហើយអំពាវនាវ​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់អាវុធ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជាអ្នកគាំទ្រ​រូប​លោក។

ប៉ុន្តែ​លោក ហ៊ុន សែន ព្រមានថា​ គុកត្រូវបានរៀបចំរួចជាស្រេចហើយ​សម្រាប់​ទទួល​មេបក្សប្រឆាំង​រូប​នេះ​នៅពេល​ឈានជើងជាន់​ទឹកកម្ពុជាភ្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ