អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពថាលិខិតរបស់កម្មករណាហ្គាវើលដ៍ជាការរៀបចំរបស់ភាគីក្រុមហ៊ុន

សហជីព​តំណាង​កម្មករ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ច្រាន​ចោល​ចំពោះ​លិខិត​របស់​កម្មករ​ណាហ្គាវើលដ៍ ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួក​គេ។​ ការ​ច្រានចោល​នេះ ​គឺ​បន្ទាប់​ពី​ក្រុម​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​បាន​ធ្វើ​លិខិត​ប្រឆាំង​នឹង​ការ​តវ៉ា​របស់​អ្នក​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​កន្លង​មក ​និង​ចាត់​ទុក​ទង្វើ​របស់​កម្មករ​ដែល​តវ៉ា​នោះ ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ឆ្នាំងបាយ​បុគ្គលិក​ជាង​៦០០០នាក់។

ក្រុមអ្នកតវ៉ានៅមុខកាស៊ីណូណាហ្គាវើលដ៍
ក្រុមអ្នកតវ៉ានៅមុខកាស៊ីណូណាហ្គាវើលដ៍ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​នៅ​ថ្ងៃសៅរ៍ ទី១៥​តុលា​ កញ្ញា​ ឈឹម ស៊ីថរ​ សហជីព​តំណាង​កម្មករ​ណាហ្គាវើលដ៍ ​លើក​ឡើង​ថា ​នេះ​គឺ​ជា​ការ​រៀប​ចំ​របស់​ក្រុមហ៊ុន ​ក្នុង​ករណី​បុគ្គលិក​ប្តឹង​ជំទាស់​នឹង​សកម្មភាព​បុគ្គលិក​បែប​នេះ។ ​ទោះ​យ៉ាង​ណា​កញ្ញា ​ឈឹម ស៊ីថរ ​ក៏​ទទួល​ស្គាល់​ដែរ​ថា ​បុគ្គលិក​មួយ​ចំនួន​ក៏​មាន​គំនិត​ផ្សេង ​ផ្ទុយ​ពី​ការ​ទាមទារ​របស់​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ។​

បើតាមកញ្ញា ឈឹម ស៊ីថរ ការធ្វើលិខិតរបស់ក្រុមកម្មករពេលនេះ គឺក្រោមរូបភាពបំភិតបំភ័យ និងរងការគំរាមកំហែងពីសំណាក់ក្រុមហ៊ុនផ្ទាល់ ដោយតាមអ្វីដែលសហជីពរូបនេះ អះអាង មានកម្មករមួយចំនួនត្រូវបានក្រុមហ៊ុនហៅទៅសួរនាំ ម្តងជាពីរម្តង នៅពេលចេញមកតវ៉ាជាមួយក្រុមកម្មករនៅខាងក្រៅនេះ។

ការអះអាងរបស់កញ្ញា ឈឹម ស៊ីថរ ជាការឆ្លើយតបទៅនឹងលិខិតបដិសេធមួយរបស់ក្រុមកម្មករដែលកំពុងបម្រើការងារនៅខាងក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។ នៅក្នុងលិខិត កាលពីថ្ងៃទី១៤តុលា ក្រុមកម្មករមួយចំនួនបានចេញមកប្រឆាំងនឹងសកម្មភាពតវ៉ាដែលកំពុងកើតមាន ហើយទាមទារឲ្យបញ្ឈប់ជាបន្ទាន់។ ក្រុមកម្មករដែលកំពុងបម្រើការងារនោះ បានចាត់ទុកសកម្មភាពរបស់ក្រុមអ្នកតវ៉ាថា ជាសកម្មភាពបង្កអស្ថេរភាព និងបំផ្លាញដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយមិនខ្វល់ពីប្រយោជន៍របស់បុគ្គលិកដែលកំពុងបម្រើការងារ។

លើសពីនេះ ពួកគេអះអាងថា​ សកម្មភាពតវ៉ានោះ បានប៉ះពាល់ដល់ឆ្នាំងបាយបុគ្គលិកប្រមាណជាង៦០០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

យ៉ាងណាមិញ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា សកម្មភាពរបស់ក្រុមកម្មករតវ៉ានៅខាងក្រៅក្រុមហ៊ុន គឺជាការសម្តែងសិទ្ធិសេរីភាពបញ្ចេញមតិ ក្នុងការទាមទារយុត្តិធម៌ ដែលក្រុមកម្មករ និងសហជីពមួយចំនួន ត្រូវបានថៅកែក្រុមហ៊ុនល្បែងស៊ីសងមួយនេះបញ្ឈប់។

កាលពីថ្ងៃសុក្រ ទី១៤តុលា ក្រុមកម្មករប្រមាណជាង១០០នាក់ ក៏បានចេញមកតវ៉ាជាថ្មីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍៍ ដើម្បីទាមទាររកដំណោះស្រាយដែលពួកគេចង់បាន។ ក្នុងការតវ៉ានោះ ក្រុមកម្មករបានដង្ហែស៊ុមដែលមានឈ្មោះស្ថាប័នរដ្ឋមួយចំនួន ដោយធ្វើពិធីកាន់ទុក្ខ។ កញ្ញា ឈឹម ស៊ីថរ អះអាងថា​ ការធ្វើបែបនេះ ព្រោះពួកគេយល់ថា​ស្ថាប័នរដ្ឋទាំងនោះ បានបាត់វិញ្ញាណ មិនព្រមអើពើទៅនឹងលក្ខខណ្ឌទាមទារដែលកម្មករចង់បាន​ ខណៈដែលក្រុមកម្មករបានដាក់ញត្តិ សុំការអន្តរាគមន៍ដំណោះស្រាយជាច្រើនលើកច្រើនសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ