អានតួអត្ថបទ
កម្ពុជា-នយោបាយ

នៅ អ.ស.ប៖ កម្ពុជាចេញមុខធ្វើជាសហស្ថាបនិកថ្កោលទោសរុស្ស៊ីជាថ្មី ក្នុងការកាន់កាប់តំបន់ទាំង៤របស់អ៊ុយក្រែន

កម្ពុជាបានចេញមុខធ្វើជាសហស្ថាបនិកជាថ្មីម្តងទៀតក្នុងការបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី ក្នុងសង្រ្គាមវាតទីដណ្តើមយកតំបន់ចំនួនរបស់អ៊ុយក្រែន មកធ្វើជារបស់ខ្លួន។ លទ្ធផលសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោម១៤៣ប្រទេស បានសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ី បន្ទាប់ពីរុស្ស៊ីធ្វើប្រជាមតិយកតំបន់របស់អ៊ុយក្រែនមកកាន់កាប់ជាកម្មសិទ្ធិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន AP - Mary Altaffer
ផ្សាយពាណិជ្ជកម្ម

ឆ្លងតាមការបោះឆ្នោតរួច គឺកម្ពុជានិង១៤២ប្រទេសផ្សេងទៀត បានប្រឆាំងទៅនឹងការសម្រេចរបស់រុស្ស៊ីក្នុងការកាត់យកទឹកដីអ៊ុយក្រែនទាំង៤តំបន់ គឺតំបន់ Luhansk Donetsk Kherson និងZaporizhzhia។ យ៉ាងណាមិញលទ្ធផលរបស់អង្គការសហប្រជាជាតិពេលនេះ មានប្រទេសចំនួន៥បានបោះឆ្នោតប្រឆាំងនឹងការថ្កោលទោស ខណៈដែលប្រទេសចំនួន៣៥ផ្សេងទៀត បោះឆ្នោតអនុបវាទ។

ការសម្រេចចិត្តធ្វើជាសហស្ថាបនិករបស់កម្ពុជាពេលនេះ ត្រូវបានសហគមន៍អន្តរជាតិសម្តែងការសាទរ ដ្បិតកម្ពុជាមានតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះផង។ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចាត់ទុកការសម្រេចចិត្តរបស់កម្ពុជា ថាបានបង្ហាញពីគោលការណ៍ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ នេះបើតាមសំណេររបស់លោកឯកអគ្គរដ្ឋទូត លើបណ្តាញសង្គមធ្វីតទ័រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣តុលា។

ភ្ជាប់ជាមួយគ្នានេះ តំណាងទូតអង់គ្លេសប្រចាំកម្ពុជា ក៏គាំទ្រការសម្រេចចិត្តរបស់កម្ពុជាដែរ។ ឯកអគ្គរាជទូតអង់គ្លេស លោក Dominic William បញ្ជាក់ពីការអរគុណប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងប្រមុខការទូត លោក ប្រាក់ សុខុន ដែលធ្វើជាសហស្ថាបនិកគាំទ្រដំណោះស្រាយដ៏មានសារៈសំខាន់នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសរុស្ស៊ីជាថ្មី។

ពីជ្រុងអ្នកតាមដាននយោបាយអន្តរជាតិក្នុងស្រុក លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ថា អ្វីដែលកម្ពុជាកំពុងអនុលោមនេះ គឺឈរនៅលើគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋតូចមួយ។ តាមលោក ឯម សុវណ្ណារ៉ា នេះគឺជាជំហរការពារខ្លួនរបស់កម្ពុជា ក្នុងល្គឹកណាមួយដែលមានបញ្ហាលើខ្លួនឯង។ លោកថា ប្រសិនបើកម្ពុជាមិនអាចឈរលើជំហរច្បាប់ នោះកម្ពុជាក៏នឹងមិនមានលក្ខខណ្ឌអ្វីក្នុងការការពារខ្លួននាពេលអនាគត បើសិនជាមានបញ្ហាណាមួយកើតឡើងលើកម្ពុជា ដ្បិតកម្ពុជាមិនមានសម្អាងអ្វីឲ្យសហគមន៍អន្តរជាតិមើលឃើញ។

ជំហររបស់កម្ពុជាពេលនេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងរួចជាស្រេចទៅហើយ ថាកម្ពុជានឹងយកគោលការណ៍ច្បាប់ជាមូលដ្ឋាន។ កាលពីថ្ងៃអង្គារ ទី១១តុលា លោក ហ៊ុន សែន លើកឡើងថា ការណ៍ដែលប្រទេសមួយ ទៅយកទឹកដីប្រទេសមួយទៀត ជារឿងមិនត្រឹមត្រូវ ដោយលោកបានប្រដូចស្ថានការណ៍អ៊ុយក្រែននឹងកម្ពុជា ថា​បើប្រទេសជិតខាង ធ្វើចឹងដាក់យើង តើយើងខឹងឬទេ?។

ជាការកត់សម្គាល់ នេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាសហស្ថាបនិកនៃការផ្ចុងផ្តើមការថ្កោលទោសរុស្ស៊ីម្តងទៀត ខណៈដែលលើកទី១នោះបានធ្វើឡើងកាលពីថ្ងៃទី២មីនា ដែលកម្ពុជាបានស្ម័គ្រចិត្តចូលរួមផ្តួចផ្តើមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ហើយទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ