អានតួអត្ថបទ
កម្ពុជា-សង្គម

ដំណាំស្រូវជាង១៩ម៉ឺនហិកតារងផលប៉ះពាល់ដោយទឹកជំនន់ ខណៈជាង៦ម៉ឺនហិកតារងការខូចខាត

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​បាន​គូស​បញ្ជាក់​ឲ្យដឹង​ថា​ គិត​មក​ទល់​នឹងពេល​នេះ ​មាន​ដំណាំស្រូវ​ប្រមាណ​ជាង ១៩​ម៉ឺនហិកតា​ហើយ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ​ខណៈ​ជាង​៦ម៉ឺន​ហិកតា​រងការ​ខូចខាត​ទាំងស្រុង។​ ផលប៉ះពាល់​នេះ​ កើតឡើង​ខណៈ​ដែល​ខេត្ត​ស្ទើរតែទាំង​អស់​បាន​រងការ​ជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង។​

ប្រជាពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ដោយសារទឹកជំនន់
ប្រជាពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ដោយសារទឹកជំនន់ Blackkiddy'Company'
ផ្សាយពាណិជ្ជកម្ម

ទឹកជំនន់បាននិងកំពុងលិចលង់នៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា ចាប់តាំងពីឈានចូលដល់រដូវ​វស្សាមកម្លេះ។ ទឹកជំនន់នេះធ្វើឲ្យដំណាំកសិកម្មផ្សេងៗរងផលប៉ះពាល់ និងខ្លះទៀតរងការខូចខាត​ ជាពិសេសដំណាំស្រូវ​។ ក្រៅពីធ្វើឲ្យដំណាំកសិកម្មខូចខាត ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ទៅប្រជាពលរដ្ឋជាច្រើនគ្រួសារនិងសម្លាប់មនុស្ស ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ជាដើម។

បើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍នេះថា មកទល់នឹងពេលនេះមានដំណាំស្រូវជាង ១៩ម៉ឺនហិកតាហើយ ត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយជាង ៦ម៉ឺនហិកតាត្រូវរងការខូចខាតទាំងស្រុង។ ជាគ្នានេះ លោក សុទ្ធ គឹមកុលមន្នី បានបញ្ជាក់ទៀតថា ដំណាំស្រូវនឹងបន្តរងផលប៉ះពាល់ និងខូចខាតបន្ថែមទៀត ពីព្រោះទឹកជំនន់ដែលលិចលង់នៅតាមបណ្ដាខេត្តរបស់កម្ពុជានៅពេលនេះ មិនទាន់ស្រកនៅឡើយ។

ទាក់ទងជាមួយនឹងបញ្ហាគ្រោះទឹកជំនន់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវចំនួន៩ចំណុច ដោយនៅចំណុចទី៧ លោក ហ៊ុន សែន បានឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះមហន្តរាយ បន្តពង្រឹងនិងពង្រីកប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជា ដើម្បីធានាថា ប្រជាជនរងគ្រោះនឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្ដាការដាំដុះ និងមានសាច់ប្រាក់បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងទៀត ដែលមិនមែនជាស្បៀងនិងគ្រាប់ពូជ។

សម្រាប់ដំណាំកសិកម្ម ជាពិសេសដំណាំស្រូវដែលរងផលប៉ះពាល់និងខូចខាតដោយទឹកជំនន់វិញ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានណែនាំឲ្យមន្រ្តីជំនាញត្រៀមយកគ្រាប់ពូជស្រូវទៅចែកជូនប្រជាកសិករ ក្នុងការដាំដុះដំណាំស្រូវឡើងវិញ ក្រោយពីទឹកស្រក។ នេះជាផ្នែកមួយដែលជួយស្រោចស្រង់​​វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវ ដែលរងផលប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ