អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

គម្រោង “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ២០២២-២០៣៥” ត្រូវបានដាក់សម្ពោធ

ក្រសួងបរិស្ថាន នៅទី១១ ខែតុលា ឆ្នាំ២០២២ សម្ពោធគម្រោងនិងផែនទីបង្ហាញផ្លូវអំពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥” នៅទីស្តីការក្រសួងបរិស្ថាន។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ ដោយជំរុញ ការអនុវត្ត ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព។ 

លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព
លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព © FB/WWF
ផ្សាយពាណិជ្ជកម្ម

គម្រោងពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥” ជាគម្រោងមួយដែលនឹងកៀរគរ ការចូលរួមពីភាគីពាក់ព័ន្ធ និងផ្តោតលើការជំរុញតំបន់ផលិតកម្មនៅក្នុងខេត្តមណ្ឌលគីរី និងទីប្រជុំជនសំខាន់ៗ រួមទាំងរាជធានីភ្នំពេញ។ គម្រោងនេះ អនុវត្តលើការផ្សារភ្ជាប់ទំនាក់ទំនង រវាងផលិតកម្មដែលមាននិរន្តភាព ទៅនឹងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ដើម្បីកែប្រែឥរិយាបថ ដែលមានចំពោះប្រព័ន្ធចំណីអាហារ ក្នុងវិស័យកសិកម្ម និងបរិស្ថាន ពីអ្នកពាក់ព័ន្ធដូចជា ផ្នែកផលិតកម្ម ផ្នែកទីផ្សារ និងអ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាស់ព័ត៌មានក្រោយពិធីឱ្យដំណើរការគម្រោងនេះ។

លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព បានលើកឡើងថា ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបៃតងរយៈពេលវែងនៅកម្ពុជា។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបន្ដថា គម្រោងនេះនឹងមានការចូលរួមចំណែកពីគ្រប់វិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងសុខុមាលភាពសង្គមរបស់កម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាពបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានបង្ហាញការស្វាគមន៍ដោយរំពឹងថា គម្រោងនេះនឹងជំរុញផលិតកម្មដែលមាននិរន្តរភាព ជាមួយនឹងការប្រើប្រាស់ដោយទំនួលខុសត្រូវ ក្នុងប្រព័ន្ធចំណីអាហារ ក្នុងវិស័យកសិកម្ម ដោយផ្តល់នូវការអនុវត្តបទដ្ឋាននិរន្តរភាព ពីខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម រហូតដល់ការប្រើប្រាស់ចុងក្រោយ រវាងតួអង្គសំខាន់ៗ ដូចជាសហគមន៍មូលដ្ឋាន អ្នកផលិត អ្នកលក់រាយ អ្នកប្រើប្រាស់ ស្ថាប័នរដ្ឋាភិបាល និងឯកជនជាដើម។

លោក UIf D. Jaeckel ប្រធានការិយាល័យការសម្របខ្លួនរបស់អឺរ៉ុបនិងអន្តរជាតិចំពោះការប្រែប្រួល អាកាសធាតុ របស់ក្រសួងបរិស្ថាន អភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងកិច្ចការពារអ្នកប្រើប្រាស់ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ ក្នុងការដើរតួនាទីវាស់វែងភាពធន់ និង ការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

គួរជម្រាបជូនថា ផែនទីបង្ហាញផ្លូវស្តីពីការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥ ត្រូវបានរៀបចំឡើង ដោយកិច្ចសហការ និងការគាំទ្រមូលនិធិពីកម្មវិធី "ការផ្តួចផ្តើមដើម្បីអាកាសធាតុអន្តរជាតិ” របស់ក្រសួងបរិស្ថាន ការអភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងការពារអ្នកប្រើប្រាស់(BMUV) នៃសហព័ន្ធអាល្លឺម៉ង់ និងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ