អានតួអត្ថបទ
កម្ពុជា-សង្គម

លោក សុខ ឥសាន៖ ការដកតំណែងលោក វេង សាខុន អាចមកពីមិនចុះទៅកន្លែងទឹកជំនន់

ទោះ​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ចំៗ​ពី​មូលហេតុ​នៃ​ការ​ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏ដោយ​ តែ​ការ​ដែល​លោក​ វេង សាខុន​ មិន​មាន​វត្ត​មាន​នៅ​កន្លែង​ទឹក​ជំនន់​ ខណៈ​ដែល​លោក​នៅ​ក្រៅ​ប្រទេស ​គឺ​ជា​ហេតុ​ផល​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​ ដោយ​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ ការ​យល់​ឃើញ ​របស់​លោក​ សុខ ឥសាន​ ក៏​ផ្អែក​លើ​សារ​ជា​សំឡេង​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បញ្ជា​ឲ្យ​លោក​ អូន ព័ន្ធមុនីរ័ត្ន​ ជា​រដ្ឋមន្ត្រី​ស្តីទី ​ក្រសួង​កសិកម្ម ​ដោះ​ស្រាយ​ជា​បន្ទាន់​ករណី​ទឹក​ជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ ក្រោយ​ពី​ដក​តំណែង ​លោក ​វេង សាខុន​ ភ្លាមៗ​ កាល​ពី​ថ្ងៃ​ទី៨​តុលា។​

លោក វេង សាខុន
លោក វេង សាខុន © FB
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​យ៉ាង​ណា មាន​ទាំង​ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​រិះគន់ ចំពោះ​ការ​ដក​តំណែង ​លោក វេង សាខុន ពី​រដ្ឋ​មន្ត្រី​កសិកម្ម​យ៉ាង​តក់​ក្រហល់​នេះ​។​ មតិខ្លះ​យល់ថា ល្មម​ដល់​ពេល​ហើយ ​ដែល​ត្រូវ​ដក​ចេញ​មន្ត្រី​ដែល​អសកម្ម ពិសេស​មិន​អាច​ដោះស្រាយ​បាន​បញ្ហា​ទីផ្សារ​កសិកម្ម​របស់​កសិករ​។

ប៉ុន្តែ​មតិខ្លះទៀត​យល់ថា លោក វេង សាខុន មានគុណសម្បត្តិច្រើន​តាំងពីលោក​កាន់​តំណែងមក ​គឺធ្វើ​ឲ្យ​​ផលិតផលកសិកម្ម​កើនឡើង​ទាំងដំណាំដាំដុះ ស្រូវ និងការចិញ្ចឹមសត្វជាដើម។ ក្រុមអ្នក​រិះគន់​នឹងការដក​តំណែងរដ្ឋមន្ត្រី​កសិកម្ម យល់ថា មកពីលោក វេង សាខុន ជារដ្ឋមន្ត្រីម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំងនឹងការនាំជ្រូកចូលពីប្រទេសជិតខាង ដើម្បីការពារកសិករខ្មែរ​ដែល​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ឲ្យ​មានទី​ផ្សារ។

​ទោះជាយ៉ាងណា សម្រាប់ លោក សុខ ឥសាន បញ្ហានេះជារឿងចាស់ទេ ចំណែករឿង​ថ្មី​ដែល​ឈាន​ដល់​ការ​សម្រេច​ដក​តំណែងដោយឆន្ទានុសិទ្ធិ​របស់​ប្រមុខ​បក្ស​កាន់អំណាចនៅពេលនេះ គឺ ដោយសារ ​លោក វេង សាខុន អសកម្មក្នុងពេលដែលប្រជាជនកំពុង​រងគ្រោះទឹកជំនន់។

សម្រាប់ លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ថា ប្រសិនបើ​ការ​ដក​តំណែង​ លោក វេង សាខុន ដោយសារតែហ៊ានចេញមុខ​ការពារកសិករខ្មែរ គឺជាគំរូមិនល្អសោះឡើយ។ លោក​យល់ថា ប្រសិន​បើដក​ដោយសារតែ​មិនមានវត្តមាននៅកន្លែងទឹកជំនន់ ខណៈ លោក វេង សាខុន នៅក្រៅប្រទេស គឺក៏ជាហេតុលផលមួយដែរ តែមានចំណោទត្រង់ថា តើ​លោក វេង សាខុន ជាអ្នកទទួលខុសត្រូវតែម្នាក់ឯងបញ្ហាទឹកជំនន់ ឬយ៉ាងណា?

ក៏ប៉ុន្តែគេនៅចាំបានថា លោក វេង សាខុន ត្រូវបាន លោក ហ៊ុន សែន ស្តី​បន្ទោសជាសាធារណៈថា ជារដ្ឋមន្ត្រី​ដែលមិនព្រម​សហការធ្វើការជាមួយ​ក្រសួងផ្សេងទៀត តួយ៉ាង ជាមួយក្រសួង​សេដ្ឋកិច្ច និងក្រសួងធនធានទឹកជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ