អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សតូចៗចាប់ដៃគូនយោបាយដើម្បីចូលរួមការបោះឆ្នោតឆ្នាំក្រោយ

គណ​បក្ស​នយោ​បាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​តិច​តួច​កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់ ​កន្លង​មក​នេះ ​កំពុង​ស្វែង​រក​ចាប់​ដៃ​គូ​នយោបាយ​ជាមួយ​គណ​បក្ស​គីឡូ​ប្រហាក់​ប្រហែល​គ្នា ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ​។ ​ចរន្ត​រួប​រួម​រវាង​គណ​បក្ស​តូចៗ​នេះ​ បាន​ផុសឡើង​ បន្ទាប់​ពី​គម្រោង​រួបរួម​ជា​សម្ព័ន្ធ​រវាង​គណ​បក្ស​នយោបាយ​ច្រើន​រួម​បញ្ចូល​គ្នា​មិន​អាច​ទៅ​រួច​។

រូបតំណាងឱ្យគណបក្សខ្មែររួមរួមជាតិ និងគណបក្សកម្ពុជានិយម
រូបតំណាងឱ្យគណបក្សខ្មែររួមរួមជាតិ និងគណបក្សកម្ពុជានិយម © Internet
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រថ្មី​នៃការស្វែងរក​ដៃគូ​នយោបាយ ឬការរួបរួមគ្នាតែពីរគណបក្ស​ដែលអះអាងថា​មាន​និន្នាការ​ប្រហាក់​ប្រហែលគ្នានេះ គឺបានផុសឡើង​ជាបន្តបន្ទាប់​នៅរយៈពេល​ចុង​ក្រោយ​នេះ។

គណបក្ស​ខ្មែរ​រួបរួមជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ចាស់​វស្សាយូរហើយនោះ កំពុង​ស្វែងរក​ការរួបរួមគ្នាជាមួយគណបក្ស​កម្ពុជា​និយម​របស់​ លោក យ៉ែម បុញ្ញរិទ្ធ ដែល​ទើប​បង្កើតឡើងមុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ឆ្នាំ២០២២។ គណបក្សទាំងពីរនេះ​ទទួលបានអាសនៈ​ក្រុម​ប្រឹក្សាសរុបតែចំនួន១៤នាក់​ប៉ុណ្ណោះគឺគណបក្សខ្មែរ​រួបរួមជាតិទទួលបាន១៣អាសនៈ និងគណបក្សកម្ពុជា​និយមទទួលបាន១អាសនៈ ដោយពុំទទួលបានតំណែង​ជាមេ​ឃុំ​ឬចៅសង្កាត់​នោះ​ឡើយ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អះអាងថា គណបក្សទាំងពីរនេះ​ មាននិន្នាការ​«និយម​កណ្តាល»​ដូចគ្នា គឺមិនផ្អៀងទៅលោកខាងលិច និងមិនប្រឆាំងចិន។ បើតាមលោក ញឹក ប៊ុនឆៃ ការ​រួប​រួម​រវាងគណបក្សទាំងពីរនេះគឺជ្រកក្រោម​ស្លាកគណបក្សខ្មែរ​រួបរួមជាតិជា​ជំហានដំបូងដោយ​សារតែ​ការ​បោះឆ្នោត​ជិតមកដល់មិនអាច​ធ្វើ​សមាជដើម្បី​ដូរឈ្មោះ និងស្លាកគណបក្សទាន់ពេល។ តែ​ថា​ជំហាន​បន្ទាប់​គណបក្សនេះទំនងនឹង​កែសម្រួល​លក្ខខណ្ឌមួយចំនួនព្រមទាំងឈ្មោះ​គណបក្ស​ផងដែរ។

ជាការ​កត់សំគាល់ ចន្តររួបរួមរវាងគណបក្សតូចៗនេះ បាន​ផុសឡើង​ បន្ទាប់ពី​គម្រោង​រួបរួម​ជាសម្ព័ន្ធរវាងគណបក្សនយោបាយច្រើនរួមបញ្ចូលគ្នា ដែល​ផ្តើម​គំនិត​ដោយគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​មិនអាចទៅរួច។ មិនអាចទៅរួចដោយសារតែគណបក្ស​ភាគច្រើន​មិនអាចរំលាយ​ខ្លួន​មក​ជ្រក​ក្រោម​គណបក្ស​ណាមួយ។

ប៉ុន្តែ​នៅទីបំផុត​គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក គង់ ម៉ូនីកា បានសម្រេច​ចិត្ត​មកជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើងទៀន​ជាបក្សប្រឆាំងដែលគេមើលឃើញថា​មានសក្តានុពល​ច្រើនបក្សដទៃទៀត ខណៈ​គណបក្ស​កែទម្រង់​កម្ពុជា​របស់​លោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សជាតិនិយមរបស់ មេធាវី ផែង ហេង អះអាងថាបានឈានដល់ដំណាក់កាលជជែកគ្នារកការច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែលជាអ្នកផ្តើមគំនិត​ក្នុង​ការ​រួបរួមនោះ ទំនង​នឹង​មិនទៅ​ជ្រក​ក្រោម​គណបក្ស​នយោបាយ​ណាមួយ​ទេ​ ខណៈ​គណបក្ស​នេះ​ចង់​បាន​ជម្រើស​ពីរ​​ផ្សេង​ទៀត​ គឺការ​រួម​គ្នា​ជាបក្ស​តែមួយ ​និង​ការចែក​មណ្ឌល​គ្នា​ឈរឈ្មោះបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ