អានតួអត្ថបទ
កម្ពុជា-សង្គម

លោក គុណ ញឹម៖ រថយន្តចង្កូតស្តាំចុះបញ្ជីជិត៤ពាន់គ្រឿងមិនទាន់បង់ពន្ធ ខណៈថ្ងៃឱសាទវាទជិតមកដល់

នៅថ្ងៃទី​៨ ខែតុលាខាងមុខ​ គឺជាថ្ងៃឱសានវាទនៃការប្រមូលពន្ធអាករលើយានយន្តចង្កូតស្តាំ​ដែលមានស្រាប់ក្នុងប្រទេស។ ​តាមស្ថិតិរបស់​អគ្គនាយកដ្ឋាន​គយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ គឺមានរថយន្តចង្កូតស្តាំចុះបញ្ជីជិត​៤ពាន់គ្រឿង​​នៅមិនទាន់បង់ពន្ធ។ ជាតួលេខសេសសល់ច្រើន​ ខណៈអគ្គនាយករដ្ឋានគយ​​ ថា​នឹងពិចារណាពិនិត្យលទ្ធភាព​សុំគោលការណ៍​ពីរដ្ឋាភិបាលដើម្បីពន្យារពេលមួយរយៈ​ទៀត។

រថយន្តចង្កូតស្តាំ
រថយន្តចង្កូតស្តាំ © Internet
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកគយដ្ឋាននិងរដ្ឋាករកម្ពុជាបានរៀបចំ​សន្និសិទកាសែត នៅថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ ​ប្រកាស​​លទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសកម្ពុជា។ លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ ឱ្យដឹង​ថា គិតត្រឹមល្ងាចថ្ងៃទី​៤ ខែតុលាម្សិលមិញ រថយន្តចង្កូតស្តាំគ្រប់ប្រភេទចំនួន​​ ៩៨១៤គ្រឿង ដែល៩០% ជាប្រភេទរថយន្តដឹកបែន ត្រូវបានម្ចាស់យកមកចុះបញ្ជីបង់ពន្ធ​។ តែ​ក្នុងនោះគឺ បាន​បំពេញកាតព្វកិច្ច​បង់​ពន្ធអាករ​ត្រឹមតែ​ ៥៩៧៦គ្រឿង​ ដែលគិតជាប្រាក់ពន្ធអាករមាន​ចំនួន ១៩.៧៣ លានដុល្លារ​។ ពោលគឺ នៅមានរថយន្តចង្កូតស្តាំ​សេសសល់ដែលបានចុះបញ្ជីហើយ តែម្ចាស់ខកខានមិនបានមកបង់ពន្ធអាករចំនួន ​៣៨៣៨គ្រឿង។

នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃឱសានវាទយុទ្ធនាការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសនឹងមកដល់​។ លោក គុណ ញឹម បារម្ភថា​ រថយន្តចុះ​បញ្ជីមិនទាន់បង់ពន្ធ​ជិត​៤ពាន់គ្រឿងទាំងនោះ ច្បាស់ណាស់នឹងគ្មានពេលគ្រប់គ្រាន់​​មកធ្វើការ​បង់ពន្ធទាន់ពេលវេលាកំណត់នោះឡើយ​។

ជាមួយនឹងក្តីបារម្ភនោះ អគ្គនាយករដ្ឋានគយ​​ បញ្ជាក់ថានឹងពិចារណាពិនិត្យលទ្ធភាព​សុំគោលការណ៍​ពី​រដ្ឋាភិបាល​ពន្យារពេល​បន្ថែមទៀត ដើម្បី​ទុកពេលអោយម្ចាស់យានយន្ត​ដែល​ខកខានបង់ពន្ធជិត ៤ពាន់គ្រឿងនោះ មានលទ្ធភាពមកបង់ពន្ធ​​​ ដោយហេតុផលពេលវេលារដូវកាលភ្លៀង​ ម្ចាស់យានយន្ត​បាត់បង់ចំណូល​រកស៊ីអាជីវកម្ម។

ក្រៅពីនេះ អង្គភាពគយអះអាងថា​កម្ពុជាលែងមាន​ការនាំចូលយានយន្ត​កែច្នៃខុសច្បាប់​ទៀតហើយ បន្ទាប់ពី​មានការរិតបន្តឹងការ​ការពារនៅតាមច្រកព្រំដែន​ ជាពិសេសគឺច្រក​ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ពី​លោក ​គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមជម្រាបថា​ អគ្គនាយករដ្ឋានគយ​កំពុងតែអនុវត្តយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រដ្ឋាភិបាល ឱ្យ​ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បង់ពន្ធអាករ ដោយមិនតម្រូវឱ្យកែចង្កូត បន្ទាប់ពេលទុកពេល​​៣ខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ