អានតួអត្ថបទ
កម្ពុជា-សង្គម

មនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​យុទ្ធ​នាការ​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ជាង​ ៩.០០០ ទី​តាំង ​រយៈ​ពេល​ ១៧​ ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ដល់​ថ្ងៃទី​ ១ ខែ​តុលា​ម្សិលមិញ​។​ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ ​គឺ​មាន​មួយ​ចំនួន​ ត្រូវ​បាន​ធ្វើ​ការ​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី​ច្បាប់​។ ​

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់អាជ្ញាធរកម្ពុជា
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់អាជ្ញាធរកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

​នៅ​ទូទាំងប្រទេស មានទីតាំង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ​ប្រមាណ​ជាង ៩.០០០ ទីតាំងត្រូវបាន​សមត្ថកិច្ចចុះ​ត្រួតពិន្យ និង​មនុស្ស​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ត្រូវបាន​ឃាត់ខ្លួន។

លោក សុខ ផល ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ បាន​ប្រាប់កាសែតក្នុងស្រុកថា ក្នុងចំណោម​មនុស្ស​ចំនួន ១៣.០៣២ នាក់ ដែលត្រូវបានឃាត់ខ្លួន ​ក្នុងនោះ ចំនួន ១២.៧៨៦ នាក់ ត្រូវបានធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ខណៈចំនួន ២៤៦ នាក់ ត្រូវបញ្ជូនទៅតុលាការ។

បើតាម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខេត្តព្រះសីហនុ គឺជាគោលដៅចំបងមួយក្នុងការ​ត្រួតពិន្យសកម្មភាពល្បែងស៊ីសងខុសច្បាប់ និង ស្វែងរកបទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ឬលាងលុយ​កខ្វក់ជាដើម។

លោក អះអាងថា ម្ចាស់ទីតាំងខ្លះបានបញ្ឈប់សកម្មភាពដោយខ្លួនឯង ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។

លោក សុខ ផល បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាទីតាំងគំរូ ក្នុងការបោសសម្អាតបទល្មើសទាំងអស់នោះ។

សូមបញ្ជាក់ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញា បានចេញលិខិតបង្គាប់ការមួយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ ប៉ុន្មានថ្ងៃ​ក្រោយ​មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមកព្រមានដកតំណែងមន្ត្រីមូលដ្ឋានណា ដែលមិនមានឆន្ទៈបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអណាធិបតេយ្យនោះ។ ទោះជាយ៉ាងណា អ្នកតាមដានសង្គម មិនចង់ឃើញ ចំណាត់ការនេះអាចអនុវត្តន៍ត្រឹមមួយភ្លើងចំបើង ដូចចំណាត់ការមួយចំនួនកន្លងមក ដែលរដ្ឋាភិបាលធ្លាប់បានដាក់ចេញនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ