អានតួអត្ថបទ
កម្ពុជា ច្បាប់

ក្រសួងការងារ៖ បញ្ហាជាប់គាំងនៅណាហ្គាវើលដ៍ដោយសារភាគីវិវាទគ្មានឆន្ទៈដោះស្រាយ

ក្រសួងការងារ​បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃសៅរ៍ម្សិលមិញនេះ ​ចំពោះការចោទប្រកាន់ថា ក្រសួងមាន​ភាពអសកម្មក្នុងការ​ដោះស្រាយ​បញ្ហាវិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍។ តាមក្រសួងការងារ កិច្ចប្រជុំដោះស្រាយវិវាទការងារនេះនឹង​បន្តធ្វើឡើងជាលើកទី​១៨ នៅថ្ងៃទី​៦ ខែតុលាខាងមុខ និងដោយរុញច្រានឲ្យ​ភាគីវិវាទទាំង​ពីរ​ប្តឹងទៅតុលាការដើម្បីជម្រះសេចក្តី ​ប្រសិនបើ​នៅតែមិនអាចរកច្រកចេញបានទៀតនោះ។

បាតុកម្មតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍
បាតុកម្មតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីបំភ្លឺ​កម្រាស់៣ទំព័ររបស់ក្រសួងការងារមានរៀបរាប់ពីសវតានៃវិវាទផ្តើមចេញ នៅ​ឆ្នាំ​២០២១​​ក្រុមហ៊ុនណាហ្គាវើលដ៍​ បាន​បញ្ឈប់បុគ្គលិក​ជាង​១៦២៩នាក់​ ក្រោមហេតុផលក្រុមហ៊ុនប៉ះពាល់​សេដ្ឋកិច្ច​​ដោយ​វិបត្តិកូវីដ១៩។

ក្រសួងការងារបានរៀប​រាប់នៅក្នុងសេចក្តីបំភ្លឺនោះថា ក្រសួងការងារបាន​ណែនាំឱ្យសហជីព​អនុវត្តដោះស្រាយ​តាម​និតិវិធីដែលច្បាប់បានកំណត់ ប្តឹងទៅតុលាការ​ដោយ​ឆ្លងកាត់​ក្រុមប្រឹក្សាអាជ្ញាកណ្តាល ​​ ប៉ុន្តែសហជីព​បាន​សម្រេចរំលងចោល​ដំណាក់កាលនោះ មកធ្វើកូដកម្មខុសច្បាប់ទៅវិញ។ ក្រសួងការងារយល់ឃើញថា នោះជាការប្រព្រឹត្តិខុសពីច្បាប់ការងារ​ រហូតនាំឱ្យ​មាន​ករណីចោទបទព្រហ្មទណ្ឌ​មកលើ​មេដឹកនាំសហជីព​ជាដើម តែក្រសួងនៅតែបន្តសម្របសម្រួល​​ជាមួយក្រសួងយុត្តិធម៌​ឱ្យមេដឹកនាំសហជីពមានទោសទាំងនោះបាននៅក្រៅឃុំ។ ​​

ក្រសួងការងារបន្ត​អះអាងថា​ បញ្ហាដែលបន្តជាប់គាំងនៅក្នុងការដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុមណាហ្គាវើលរយៈពេល​១ឆ្នាំមកនេះ​ មិនមែនជាការព្រងើយកន្តើយរបស់ក្រសួងឡើយតែ​ ដោយសារដៃគូភាគីវិវាទគ្មាន​ឆន្ទៈក្នុងការអនុវត្តនិតិ​វិធី​ដោះស្រាយវិវាទការងាររួម​ឱ្យបានត្រឹមត្រូវ។ ហើយប្រសិនបើនៅតែមិនអាចរកច្រកចេញបានទៀតនោះ​ ដៃគូវិវាទទាំងពីរគួរប្តឹងបន្ត​​ទៅតុលាការ ដើម្បីជម្រះសេចក្តីឱ្យ​ស្របតាមច្បាប់ការងារ។ នេះ បើតាមក្រសួងការ​ងារ។

​កាលពីថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២កន្លងទៅក្នុងសន្និសិទ​សារព័ត៌មានរបស់​ក្រុមសហជីពតំណាងកម្មករតវ៉ាវិវាទណាហ្គាវើលដ៍ដែលមានការចូលរួមរបស់​សហភាពការងារ សហព័ន្ធ សហជីព សមាគម សង្គមស៊ីវិល បាន​បញ្ជាក់ពីជំហរដើម​ក្នុងការបន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយ ដោយជាជំហានដំបូង ក្រុមកម្មករគ្រោងរៀបចំវេទិកាសាធារណៈ ដោយអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ មកជជែករកដំណោះស្រាយដែលជាប់គាំង។

គួរជ្រាបថា គិតត្រឹមពេលនេះ​ នៅមាន​អតីតបុគ្គលិកចំនួន ២៤៤នាក់ បានយល់ព្រមទទួលយកប្រាក់សំណងបញ្ចប់​កិច្ចសន្យា​ការងារជាមួយក្រុមហ៊ុន ដោយ​នៅ​មានសល់​បុគ្គលិកចំនួន​១២៩នាក់​ទៀត​ បន្តមិនទទួលយកប្រាក់សំណងបញ្ចប់វិវាទ។ ចំណែក​ស្ថានការណ៍កូដ​កម្ម​តវ៉ា​​នៅតែបន្តធ្វើឡើង ដោយការបោះតង់ ចម្អិ​នម្ហូប​ នៅខាងមុខក្រុមហ៊ុនតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ