អានតួអត្ថបទ
កម្ពុជា-សង្គម

ករណីលិចទូកនៅខេត្តព្រះសីហនុ៖ សាកសពជនជាតិចិន ៨នាក់ ត្រូវបានរកឃើញនៅកោះត្រល់

សាកសពជនជាតិចិន ៨នាក់ ត្រូវបានរកឃើញនៅឆ្នេរសមុទ្រកោះត្រល់ ខាងប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ តាម​ការ​សន្និដ្ឋាន​សាកសព​ទាំង​នោះ ​គឺ​ជា​ជនរងគ្រោះ​លិចទូក នៅក្នុងខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន។ ខណៈអាជ្ញាធរកំពុងរងចាំការបញ្ជាក់ពីភាគីវៀតណាម ប៉ុន្តែជនរងគ្រោះដទៃដែលរស់រានមានជីវិតនៅកម្ពុជា ត្រូវបានប្រគល់ទៅស្ថានទូតចិនប្រចាំកម្ពុជា។

ករណីលិចទូកទេសចរណ៍នៅតំបន់កោះតាង ខេត្តព្រះសីហនុ
ករណីលិចទូកទេសចរណ៍នៅតំបន់កោះតាង ខេត្តព្រះសីហនុ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតមកត្រឹមរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សាកសពអណ្ដែតទៅដល់ឆ្នេរសមុទ្រ កោះត្រល់ខាងប្រទេសវៀតណាម ត្រូវបានប្រទះឃើញ តែអាជ្ញាធរកម្ពុជាកំពុងរង់ចាំការបញ្ជាក់ជាផ្លូវការពីភាគីវៀតណាម ពីសាកសពទាំងអស់នោះ ថាពិតជាជនរងគ្រោះដែលបានលិចទូកនៅចំណុចនិយាមកា នៅចន្លោះពយសារឿង និងកោះតាង នៅក្នុងខេត្តព្រះសីហនុ ឬយ៉ាងណា។

បើតាមគេហទំព័ររបស់ក្រសួងព័ត៌មាន ចំនួនសាកសពអណ្ដែតទឹកនៅឆ្នេរសមុទ្រកោះត្រល់ ដែលប្រទះឃើញមានចំនួន៨នាក់។ តែបើតាមសារព័ត៌មានវៀតណាម ដែលចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញានេះវិញ ឱ្យដឹងថា អាជ្ញាធរវៀតណាមបានរកឃើញសាកសពអណ្ដែតទឹកចំនួន ៧នាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុឱ្យដឹងថា សាកសពជនរងគ្រោះចំនួន៣នាក់ ដែលត្រូវបានរកឃើញភ្លាមៗក្រោយពីលិចទូក ត្រូវបានបញ្ជូនទៅរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួល។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបន្ដថា ជនរងគ្រោះឯទៀតដែលរស់រានមានជីវិតពីការលិចទូក ចំនួន២១នាក់ ត្រូវបានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ប្រគល់ទៅអគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីចាត់ចែងបន្ត។

គួរជម្រាបជូនថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ មានករណីលិចទូកទេសចរណ៍មួយនៅតំបន់កោះតាង ខេត្តព្រះសីហនុ ដែលមានជនរងគ្រោះសរុប ៤១នាក់។ នៅក្នុងចំណោមជនរងគ្រោះសរុប ៤១នាក់នេះ កម្ពុជាសង្គ្រោះ និងរកឃើញបានចំនួន២៤នាក់ ក្នុងនោះស្លាប់ ៣នាក់ និងវៀតណាមសង្គ្រោះនិងរកឃើញបានចំនួន១៧នាក់ ក្នុងនោះស្លាប់៨នាក់។ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ