អានតួអត្ថបទ
កម្ពុជា-សង្គម

សាលារាជធានីឲ្យសមាគមរៀបចំទិវាគ្រូបង្រៀនដោយកម្រិតអ្នកចូលរួមមិនលើស២០០នាក់

អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី២៨តុលានេះបានសម្រេចបើកភ្លើងខៀវឲ្យសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ រៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥តុលា នៅទីលានប្រជាធិបតេយ្យ ដោយកម្រិតអ្នកចូលរួម២០០នាក់ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនទៀត។  សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយល់ស្របនឹងលក្ខខណ្ឌរបស់អាជ្ញាធរ បើទោះបីជាខ្លួនចង់ហែរក្បួនយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ មិនត្រូវបានអនុញ្ញាតក៏ដោយ។

គ្រូបង្រៀន (រូបតំណាង)
គ្រូបង្រៀន (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

ការព្រមព្រៀងរវាងអាជ្ញាធររាជធានីភ្នំពេញនិងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានជួបជជែកគ្នានៅថ្ងៃទី២៨តុលានេះនៅសាលារាជធានីភ្នំពេញ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃដដែលនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ជំនួសឲ្យការហែញត្តិយកទៅដាក់នៅក្រសួងអប់រំ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងមន្ទីររដ្ឋសភា  តួអង្គនៃស្ថាប័នទាំងបីនឹងអញ្ជើញមកទទួលញត្តិដោយផ្ទាល់ពីសមាគមដល់កន្លែងជួបជុំប្រារព្ធពិធី នៅទីលានប្រជាធិបតេយ្យស្ថិតក្នុងខណ្ឌឬស្សីកែវ​។ បើតាមលោក កើត ឆែ អាជ្ញាធរតម្រូវបែបនេះព្រោះបញ្ចៀសការកក់ស្ទះនិងបញ្ចៀសការរំខាន។

ក្រៅពីកម្រិតការជួបជុំអាជ្ញាធរបានប្រាប់សមាគមគ្រូបង្រៀន កំណត់ខ្លឹមសារសម្ដែងមតិឲ្យបានច្បា​ស់លាស់​ដោយមិនត្រូវប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ឬប្រមាថទៅលើស្ថាប័នកំពូលថ្នាក់ជាតិ និងត្រូវធានាថា ការជួបជុំនោះមិនអនុញ្ញាត្តឲ្យអ្នកនយោបាយដែលត្រូវបានហាមឃាត់ដោយតុលាការកំពូលរយៈ៥ឆ្នាំចូលរួមឡើយ លើកលែងតែបុគ្គលនោះទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រ។ អភិបាលរងរាជធានីភ្នំពេញរូបនេះបានធានាថា អាជ្ញាធរនឹងរក្សាសន្តិសុខការពារការជួបជុំនៅថ្ងៃទី៥តុលាខាងមុខនេះ។

លោកស្រី អ៊ុក ឆាយយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យទទួលយកលក្ខខណ្ឌរបស់អាជ្ញាធរ​ព្រោះការជួបជុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥តុលា សំខាន់និងចាំបាច់សម្រាប់គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា និងដើម្បីជាសារបង្ហាញថា ប្រាប់ភាគីពាក់ព័ន្ធថា ស្ថានភាពគ្រូបង្រៀនមិនទាន់មានភាពប្រសើរឡើងឡើយម្ល៉ោះហើយការបន្តយកចិត្តទុកដាក់លើជីវភាពគ្រូបង្រៀនជាសំខាន់ និងត្រូវបន្តធ្វើ។  

បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានបទដែលត្រូវប្រារព្ធនៅក្នុងទិវាគ្រូបង្រៀនឆ្នាំ២០២២គឺ«កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»ដែលលោកស្រីចង់ឃើញរូបភាពថ្មីនៅក្នុងវិស័យអប់រំ គ្រូបង្រៀនគួរបង្ហាញភាពស្អាតស្អំថ្លៃថ្នូរដោយបញ្ឈប់ការយកនំទៅលក់ក្នុងសាលា បើកការបង្រៀនគួរក្រៅម៉ោងដើម្បីបានចំណូលនិងកៀបពិន្ទុសិស្សចំពោះគ្នាគ្មានលទ្ធភាពរៀនគួរក្រៅម៉ោង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ